យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress គោលដៅទាក់ទាញចំណូលឱ្យបានរហូតដល់១ពាន់លានដុល្លារពីវិស័យសុខាភិបាលនេះត្រូវបានចារឹកនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វេជ្ជសាស្ត្រឆ្នាំ២០២៦-២០៣០ ដែលរៀបចំដោយក្រសួងសុខាភិបាលវៀតណាម។ ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឆ្ពោះទៅកាន់តំណែងកំពូលក្នុងទ្វីបអាស៊ីជាបណ្តើរៗ។ ទោះបីជាសេវាសុខាភិបាល គួបផ្សំទេសចរណ៍មានវត្តមានជាយូរមកហើយក្តី ប៉ុន្តែវិស័យទេសចរណ៍វេជ្ជសាស្ត្រទំនើបនៅវៀតណាម ទើបតែស្ទុះងើបឡើងយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
គិតត្រឹមឆ្នាំ២០២៥ វៀតណាម មានមន្ទីរពេទ្យសរុបជាង២,១០០កន្លែងមានគ្រែអ្នកជំងឺជាង៣៣៩,០០០គ្រែ និងគ្រូពេទ្យជំនាញ១០៥,០០០នាក់ ដោយក្នុងនោះមានមន្ទីរពេទ្យឯកទេសចំនួន១០៣កន្លែង និង១៣កន្លែងជាមជ្ឈមណ្ឌលសេវាវេជ្ជសាស្ត្រកម្រិតខ្ពស់ ដែលផ្តុំគ្នានៅទីក្រុងធំៗដូចជា ហាណូយ វ៉េ និងហូជីមិញ។
ជារៀងរាល់ឆ្នាំ មានភ្ញៀវបរទេសប្រមាណ៣០០,០០០នាក់ រួមមានអាណិកជនវៀតណាម ភ្ញៀវទេសចរមកពីកម្ពុជា ឡាវ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងអឺរ៉ុប បានជិះយន្តហោះទៅទទួលសេវាវេជ្ជសាស្ត្រនៅវៀតណាម។ សេវាកម្ម ដែលទទួលបានការពេញនិយមបំផុតរួមមានការថែទាំ និងធ្វើធ្មេញ, ការវះកាត់កែសម្ផស្ស, បច្ចេកវិទ្យាជំនួយបង្កកំណើត, ការពិនិត្យសុខភាពទូទៅ និងការព្យាបាលជំងឺធ្ងន់ៗដោយបច្ចេកវិទ្យាទំនើប។
ទោះជាយ៉ាងណាផ្លូវឆ្ពោះទៅរកប្រាក់ពាន់លានដុល្លារនេះ មិនមែនក្រាលដោយកម្រាលព្រំនោះទេ។ ក្រសួងសុខាភិបាលវៀតណាម បានទទួលស្គាល់នូវឧបសគ្គធំៗមួយចំនួនរួមមានខ្វះក្របខណ្ឌច្បាប់គ្រប់គ្រងច្បាស់លាស់ ភាពមិនប្រទាក់ក្រឡារវាងច្បាប់សុខាភិបាល ទេសចរណ៍ ការកំណត់តម្លៃ ការទិញធានារ៉ាប់រងអន្តរជាតិ ច្បាប់អន្តោប្រវេសន៍ និងការការពារទិន្នន័យឯកជនរបស់អ្នកជំងឺ។ លើសពីនេះវៀតណាមត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយគូប្រជែងចាស់វស្សាដូចជាថៃ សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។
ទោះជាមានផលរាំងស្ទះយ៉ាងណាក៏ដោយ ក៏អ្នកជំនាញបានព្យាករណ៍ដោយក្តីសង្ឃឹមថា ប្រសិនបើទទួលបានការវិនិយោគត្រឹមត្រូវ និងចំគោលដៅឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ត្រ នោះវៀតណាមនឹងអាចរកប្រាក់ចំណូលបានរហូតដល់៤ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣៣ ខាងមុខនេះ៕
អត្ថបទៈ សួន ឡង់ទី