អង្គភាពប៉ូលិសឧក្រិដ្ឋកម្មសេដ្ឋកិច្ចក្រុងហូជីមិញបានឃាត់ជនសង្ស័យពីរនាក់ពីបទរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារតាមរយៈការយកសាច់ជ្រូកជ្រលក់ថ្នាំគីមីបន្លំធ្វើជាសាច់គោដាក់លក់នៅលើទីផ្សារ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ តាមការស៊ើបអង្កេតជនសង្ស័យបានចាប់ផ្តើមផែនការទុច្ចរិតនេះតាំងពីដើមឆ្នាំ២០២៤ ដោយទិញសាច់ភ្លៅជ្រូកក្នុងតម្លៃថោករួចយកមកកាត់ជាដុំៗ និងត្រាំក្នុងល្បាយគីមី សូដ្យូម មេតាប៊ីស៊ុលហ្វីត ដើម្បីបំបាត់ក្លិនសាច់ជ្រូក និងធ្វើឱ្យសាច់ផ្លាស់ប្តូររូបរាង។ បន្ទាប់មកពួកគេបានយកសាច់ទាំងនោះទៅត្រាំក្នុងឈាមជ្រូកម្តងទៀត ដើម្បីឱ្យមានពណ៌ក្រហមដិតដូចសាច់គោធម្មជាតិ មុននឹងលក់បន្តទៅឱ្យអ្នកលក់បោះដុំ និងរាយក្នុងតម្លៃខ្ពស់។
ក្រៅពីការបន្លំសាច់ជ្រូក ជនសង្ស័យ ក៏បានទិញសាច់គោបង្កកតម្លៃថោក ដែលខូចគុណភាពយកមកត្រាំសារធាតុគីមីដើម្បីរក្សាពណ៌ និងពន្យារអាយុកាលឱ្យមើលទៅហាក់ដូចជាសាច់ស្រស់ ដើម្បីបោកប្រាស់អ្នកប្រើប្រាស់ផងដែរ។ ប៉ូលិសបានបញ្ជាក់ថា ជាមធ្យមក្នុងមួយថ្ងៃ សិប្បកម្មខុសច្បាប់នេះ បានបញ្ចេញសាច់គោក្លែងក្លាយ និងសាច់គោត្រាំថ្នាំគីមីសរុបប្រមាណ២៦០គីឡូក្រាមចូលទៅក្នុងទីផ្សារ។
អាជ្ញាធរវៀតណាមបានប៉ាន់ប្រមាណថា គិតមកទល់ពេលបង្ក្រាបបាន សិប្បកម្មនេះបានចែកចាយសាច់គោក្លែងក្លាយជាង១៥តោន និងសាច់គោត្រាំគីមីជាង៥០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់រហូតដល់ជាង៩ពាន់លានដុង ឬប្រមាណជាង៣៤ម៉ឺនដុល្លារអាម៉េរិក។
ករណីនេះមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងការបង្ក្រាបខ្សែបណ្តាញល្មើសច្បាប់មួយកាលពីខែធ្នូ ឆ្នាំ២០២៥ ដែលបានចែកចាយសាច់បន្លំទៅកាន់ភោជនីយដ្ឋានជាង៧៥កន្លែងក្នុងទីក្រុង។ ការរកឃើញបទល្មើសដដែលៗក្នុងរយៈពេលត្រឹមតែ៥ខែនេះ គឺជាសញ្ញាអាសន្នមួយដែលបង្ហាញថា អាជីវកម្មកែច្នៃសាច់ខុសច្បាប់កំពុងរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធ ដែលទាមទារឱ្យមានការរឹតបន្តឹងការត្រួតពិនិត្យកាន់តែខ្លាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស