ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំអេសប្រេស, លោក ហ៊ុន ហ្វាស អគ្គនាយកក្រុមហ៊ុន EHM, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អ្នកផលិតមាតិកា (Content Creators), KOLs ព្រមទាំងសាធារណជនសរុបប្រមាណ ៤០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Kirirum Paradise Fun Run 2026 គឺជាសកម្មភាពទេសចរណ៍កីឡាដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែលើកកម្ពស់សុខភាព និងការរស់នៅប្រកបដោយភាពសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ជាពិសេសឧទ្យានជាតិគិរីរម្យ ឱ្យកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងអំឡុងរដូវកាលបៃតង (Green Season) ស្របពេលដែលក្រសួងទេសចរណ៍កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា គឺមានគោលបំណងជំរុញចលនាទេសចរណ៍ក្នុងស្រុក និងផ្លាស់ប្តូរការយល់ឃើញពីពាក្យ «Low Season» មកជា «Green Season» ដែលមិនមែនគ្រាន់តែ ជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិតឱ្យក្លាយជាការគិតវិជ្ជមាន បង្កើតឱកាសសេដ្ឋកិច្ចថ្មី និងលើកកម្ពស់ការធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ, ក្រុមហ៊ុន EHM, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ និងឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ដែលបានបង្ហាញនូវស្មារតីគាំទ្រវិស័យទេសចរណ៍ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ទេសចរណ៍កីឡានេះ។
មុនបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនបន្តចូលរួមអនុវត្តទិសស្លោកទាំងបីរបស់វិស័យទេសចរណ៍ រួមមាន៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់» ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសក្នុងរដូវកាលបៃតង ដើម្បីរួមគ្នាជំរុញចលនាទេសចរណ៍ក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។