អ្នកសារព័ត៌មាន

ហេតុអ្វីពលរដ្ឋមួយចំនួនរត់ទៅពឹងអ្នកសារព័ត៌មានឱ្យជួយដោះស្រាយបញ្ហា និងរកយុត្តិធម៌ ហើយវាបានឆ្លុះបញ្ចាំងយ៉ាងណាពីការអនុវត្តច្បាប់នៅកម្ពុជា?


នៅមួយរយៈពេលចុងក្រោយនេះ និន្នាការនៃការរត់រកអ្នកសារព័ត៌មាន ឬប្រើប្រាស់បណ្តាញសង្គមដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ បានកើតមានឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះកំពុងបង្កើតជាផ្ទាំងរូបភាពថ្មីមួយឆ្លុះបញ្ចាំងទៅលើប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
អ្នកសារព័ត៌មាន
ដោយ

ក្រុមអ្នកជំនាញ និងអ្នកតាមដានសង្គមមើលឃើញថា បញ្ហានេះអាចជះឥទ្ធិពលដល់ទំនុកចិត្តរបស់សាធារណជនលើអាជ្ញាធរមានសមត្ថកិច្ច ឬប្រព័ន្ធតុលាការ ដែលទាមទារឱ្យមានការជំរុញ និងពន្លឿនការធ្វើកំណែទម្រង់ច្បាប់ឱ្យបានឆាប់រហ័សសំដៅពង្រឹងជំនឿចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌រដ្ឋបាល ប្រកបដោយសមធម៌ និងតម្លាភាព ដោយជៀសវាងនូវរាល់ការកើតឡើងនៃអំពើពុករលួយ ឬការបែងចែកបក្សពួកក្នុងសង្គម។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា មូលហេតុចម្បងដែលនាំឱ្យប្រជាពលរដ្ឋមានទំនោរងាកទៅពឹងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមជំនួសឱ្យការដើរទៅតាមផ្លូវច្បាប់ ឬតុលាការ គឺអាចបណ្តាលមកពីកត្តាមួយចំនួនរួមមានភាពខ្វះចន្លោះ នៃទំនុកចិត្តលើមន្ត្រីមានសមត្ថកិច្ច ឬប្រព័ន្ធដោះស្រាយជម្លោះ, ភាពអូសបន្លាយ និងភាពយឺតយ៉ាវ នៃនីតិវិធីរបស់តុលាការក្នុងការស្វែងរកយុត្តិធម៌ ព្រមទាំងបន្ទុក នៃការចំណាយថវិកាខ្ពស់លើការដោះស្រាយសំណុំរឿងមួយចំនួន។

អ្នកជំនាញរូបនេះបន្ថែមថា ពលរដ្ឋជ្រើសរើសយកវេទិកាសារព័ត៌មាន ព្រោះវាហាក់ផ្ដល់នូវប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការជំរុញឱ្យមានចំណាត់ការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ ឬថ្នាក់លើ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យរាជរដ្ឋាភិបាលបន្តធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ឱ្យកាន់តែមានភាពច្បាស់លាស់ ដោយធ្វើយ៉ាងណាពន្លឿនសេវាផ្តល់យុត្តិធម៌ជូនពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយសមធម៌។

ជាមួយគ្នានេះលោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងដែរថា និន្នាការដែលពលរដ្ឋសម្រេចចិត្តពឹងពាក់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីទុក្ខកង្វល់របស់ខ្លួន បានឆ្លុះបញ្ចាំងពីភាពស្មុគស្មាញ នៃប្រព័ន្ធយន្តការគតិយុត្តចំពោះមុខពលរដ្ឋសាមញ្ញ។ លោកកត់សម្គាល់ឃើញថា ទោះបីជារដ្ឋាភិបាលកំពុងខិតខំពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ចៅក្រម និងអាជ្ញាធរអនុវត្តច្បាប់យ៉ាងណាក្តី ប៉ុន្តែសកម្មភាពរត់រកអ្នកកាសែតជួយដោះស្រាយបញ្ហាបានបង្ហាញថា វាហាក់ផ្ដល់លទ្ធផលតបស្នងលឿនជាងការរង់ចាំចំណាត់ការតាមផ្លូវតុលាការ។

ក្នុងន័យនេះ លោក បានអំពាវនាវឱ្យមានការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌សង្គមបន្ថែមទៀត ដើម្បីធានាថាគ្រប់ប្រជាពលរដ្ឋទាំងអស់ ទទួលបានការការពារស្មើភាពគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ក្នុងករណីដែលប្រជាពលរដ្ឋត្រូវស្វែងរកប្រព័ន្ធ ឬយន្តការក្រៅផ្លូវការ ដើម្បីទាមទារភាពយុត្តិធម៌ វាហាក់បង្ហាញពីភាពចុះខ្សោយទំនុកចិត្តលើអាជ្ញាធរមានសមត្ថកិច្ច ឬប្រព័ន្ធតុលាការ។ ម្យ៉ាងវិញទៀត ការងាកទៅរកអ្នកសារព័ត៌មានឱ្យជួយដោះស្រាយ ក៏បានឆ្លុះបញ្ចាំងពីទម្ងន់ និងអំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានគេប្រសិទ្ធនាមថា ជាអំណាចទីបួន នៅក្នុងសង្គមប្រជាធិបតេយ្យ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ រដ្ឋាភិបាលគួរតែបន្តអនុវត្តវិធានការដុសខាត់ និងបោសសម្អាតចំពោះមន្ត្រីអសកម្ម ឬមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ ដែលធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចរបស់ជាតិ។
គួរបញ្ជាក់ថា នៅមួយរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមក្នុងជីវភាពដូចជាវិវាទដីធ្លី ការបាត់បង់ទ្រព្យសម្បត្តិ ឬរឿងរ៉ាវអយុត្តិធម៌ផ្សេងៗ តែងតែទៅពឹងស្ថាប័នព័ត៌មាន ឬអ្នកសារព័ត៌មានឌីជីថល ដើម្បីសុំឱ្យជួយផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញឱ្យមានចំណាត់ការច្បាប់លឿនរហ័ស។

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា វាជាកញ្ចក់ឆ្លុះបញ្ចាំងមួយដ៏សំខាន់ក្នុងការរំលឹកដាស់តឿនដល់ការបង្កើនប្រសិទ្ធភាពច្បាប់ និងការពន្លឿនការផ្តល់សេវាយុត្តិធម៌នៅក្នុងសង្គមកម្ពុជាឱ្យកាន់តែមានភាពសុក្រឹត និងរឹងមាំទ្វេឡើង៕




អត្ថបទបន្ទាប់


សមត្ថភាពផលិតក្នុងស្រុកជំរុញការធ្វើដំណើរបៃតង រថយន្តថ្មីពីរម៉ូឌែលរបស់ BYD ជួយពន្លឿនការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជា

រថយន្តម៉ូដែលថ្មីរបស់ BYD Cambodia ត្រូវបានប្រកាសបើកលក់ជាផ្លូវការកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌល BYD & Denza Flagship Cen…

តើមានកត្តាប្រឈមធំៗអ្វីខ្លះជំរុញឱ្យ IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៣%នៅឆ្នាំនេះ?

ទស្សនវិស័យ នៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បង្ហាញការរំពឹងទុកក្នុងកម្រិតទាបមួយ ក្នុងនោះស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ