យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបរបស់ថៃ នៅត្រីមាសទី២ ឆ្នាំ២០២៦ បានកើនឡើងត្រឹមតែជិត២% ប៉ុណ្ណោះ ធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងត្រីមាសទី១ ដែលសម្រេចបានជិត៣%។ នេះជាកំណើនទាបជាងគេបំផុត បើធៀបនឹងប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅតំបន់អាស៊ាន។ ប្រទេសវៀតណាម បាននាំមុខគេក្នុងតំបន់ជាមួយកំណើនរហូតដល់ជាង៨% តាមពីរក្រោយដោយសិង្ហបុរី ជិត៦% ម៉ាឡេស៊ី ជិត៦% ឥណ្ឌូនេស៊ី ជាង៥% ហ្វីលីពីន ជាង២% ហើយថៃ ស្ថិតនៅបាតតារាងត្រឹមជិត២%។
តាមរយៈកំណើននេះបានឆ្លុះបញ្ចាំងឱ្យឃើញថា បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានទម្លាក់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជាង១២ពាន់លានដុល្លារ ដើម្បីចែកសាច់ប្រាក់ជូនពលរដ្ឋ និងគាំទ្រគម្រោងគ្រប់គ្រងថាមពលយ៉ាងណាក៏ដោយ ក៏មិនអាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យស្ទុះងើបឡើងវិញបានដែរ។
អ្នកវិភាគបានគូសបញ្ជាក់ថា ក្រៅពីផលប៉ះពាល់នៃវិបត្តិថ្លៃថាមពល ដែលបានរុញច្រានឱ្យការចំណាយក្នុងគ្រួសារកើនឡើង និងរាំងស្ទះសកម្មភាពអាជីវកម្មហើយនោះ បញ្ហានៃការធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងស្រុក និងការងើបឡើងវិញយឺតយ៉ាវ នៃវិស័យទេសចរណ៍ ក៏ជាកត្តាចម្បងដែលទាញទម្លាក់កំណើន GDP របស់ថៃក្នុងត្រីមាសទី២នេះផងដែរ។
ក្រោយប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនេះ ធនាគារកណ្តាលថៃបានចេញមុខទទួលស្គាល់ការធ្លាក់ចុះនេះ ប៉ុន្តែនៅតែបង្ហាញការរំពឹងទុកថា សេដ្ឋកិច្ចថៃនឹងអាចនឹងស្ទុះងើបឡើងវិញនៅត្រីមាសទី៣ ខាងមុខ ដោយសារការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងឥទ្ធិពលនៃវិធានការជំរុញសេដ្ឋកិច្ចបន្ថែមរបស់រដ្ឋាភិបាល៕
ដោយៈ សរ សុជាតិ