វិស័យថាមពល

ក្រុមហ៊ុនប្រេងយក្សៗចំនួន៨ ទទួលបានប្រាក់ចំណេញកប់ក្តោងពីសង្គ្រាម ខណៈអ្នកជំនាញទាមទារឱ្យសងថ្លៃខូចខាតអាកាសធាតុ


ក្រុមហ៊ុនប្រេងយក្សៗចំនួន៨ នៅលើពិភពលោក បានប្រមូលប្រាក់ចំណេញយ៉ាងមហាសាលជាង៩០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ។ កំណើនប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងដោយសារសង្គ្រាមនៅអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃថាមពលហក់ឡើងដល់កម្រិតកំពូល ខណៈដែលវិបត្តិប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយការបំភាយឧស្ម័ន កំពុងបង្កជារលកកម្ដៅសម្លាប់ជីវិតមនុស្ស និងគ្រោះមហន្តរាយនៅស្ទើរតែទូទាំងសកលលោក។
វិស័យថាមពល
ដោយ

សារព័ត៌មាន The Guardian បានរាយការណ៍ថា ប្រាក់ចំណេញដ៏ច្រើនលើសលប់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា បានជំរុញឱ្យមានការអំពាវនាវជាថ្មីឱ្យក្រុមហ៊ុនប្រេង និងឧស្ម័នយក្សៗដូចជា Saudi Aramco និង BP ជាដើម បង់ថ្លៃការខូចខាតបរិស្ថាន និងផ្តល់មូលនិធិសងជំងឺចិត្តដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញឱ្យបានឆាប់រហ័ស។ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុនផលិតប្រេងធំៗចំនួន៨ ទទួលបានប្រាក់ចំណេញសរុបជិត៩៣ពាន់លានដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បន្ទាប់ពីសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រេងសកលឱ្យស្ទុះហក់ឡើងលើស១២៦ដុល្លារក្នុងមួយបារ៉ែល។
ទិន្នន័យដដែលបញ្ជាក់ថា ក្រុមហ៊ុនផលិតប្រេងយក្សៗទាំង៨ ដែលរួមមាន BP, Shell, TotalEnergies និង Chevron ជាដើម អាចរកប្រាក់ចំណេញបានរហូតដល់ទៅជាង៧០ម៉ឺនដុល្លារក្នុងមួយនាទី។ ប៉ុន្តែខណៈដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងនោះស្ទុះឡើងលើស៣ទ្រីលានដុល្លារ សីតុណ្ហភាពផែនដីឯណោះវិញបែរជាបន្តកើនឡើងឥតឈប់ឈរ ដែលបង្កឱ្យកើតមានរលកកម្ដៅ និងគ្រោះមហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរពីការដុតឥន្ធនៈហ្វូស៊ីល។
លោក ផាទ្រិក ហ្គាឡេ (Patrick Galey) ប្រធានផ្នែកឥន្ធនៈហ្វូស៊ីលនៅអង្គការ Global Witness បានថ្លែងរិះគន់ធ្ងន់ៗថា ប្រាក់ចំណេញកប់ពពករបស់ក្រុមហ៊ុនប្រេងទាំងនេះ គឺជាការប្រមូលប្រាក់លើគំនរទុក្ខវេទនារបស់មនុស្សជាតិ ក្នុងខណៈពេលដែលភ្លើងឆេះព្រៃ គ្រោះរាំងស្ងួត និងតម្លៃថាមពលដ៏ខ្ពស់ កំពុងវាយប្រហារសហគមន៍នានាទូទាំងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា វាដល់ពេលដែលត្រូវបង្ខំឱ្យក្រុមហ៊ុនប្រេងយក្សៗទាំងនោះចេញមុខទទួលខុសត្រូវ និងបង់ថ្លៃជួសជុលការបំផ្លាញអាកាសធាតុដែលពួកគេបានបង្កឡើង។
ជាមួយគ្នានេះ លោកស្រី រ៉ូស៊ី ដូនីស (Rosie Downes) ប្រធានយុទ្ធនាការនៅអង្គការ Friends of the Earth ក៏បានលើកឡើងដែរថា ខណៈដែលក្រុមហ៊ុនប្រេងប្រមូលប្រាក់ចំណេញដ៏មហាសាល ប្រជាជនរាប់លានគ្រួសារកំពុងរ៉ាប់រងបន្ទុកវិក្កយបត្រថាមពលដ៏ថ្លៃកប់ក្ដោង និងតស៊ូជាមួយវិបត្តិអាកាសធាតុ ដែលកំពុងរំកិលទៅរកភាពអាសន្ន។
ដោយឡែកនៅសហរដ្ឋអាម៉េរិក ឯណោះវិញ ប្រាក់ចំណេញដ៏មហាសាលរបស់ក្រុមហ៊ុន Chevron និង Exxon បានទាក់ទាញការរិះគន់យ៉ាងក្តៅគគុកពីប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកបានចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថា រកប្រាក់ចំណេញហួសហេតុពីស្ថានភាពសង្គ្រាម ហើយលោកបានព្រមានថា ពួកគេអាចនឹងត្រូវបង្ខំឱ្យសងប្រាក់ចំណេញទាំងនោះត្រឡប់ទៅឱ្យសាធារណជនវិញ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ធនាគារពិភពលោក ដាស់តឿនប្រទេសកំពុងអភិវឌ្ឍន៍ឱ្យប្រញាប់ចាប់យក AI បើមិនចង់ឱ្យគម្លាតអភិវឌ្ឍន៍រីកប៉ោងកាន់តែធំ

បញ្ញាសិប្បនិម្មិត (AI) មិនមែនត្រឹមតែជាបច្ចេកវិទ្យាទំនើបមួយនោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីមួយ ដែលកំពុងបន្ថែមតម្លៃយ៉ាងមហាសាលដល់សេ…

វៀតណាម នៅតែរក្សាបានភាពខ្លាំងក្នុងការស្រូបទាញការវិនិយោគ​ ទោះសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់

ខណៈពេលដែលលំហូរវិនិយោគសកលលោកកំពុងមានទំនោរថយចុះ តែប្រទេសវៀតណាមឯណោះវិញបែរជាអាចទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានយ៉ាងច្រើនសម្បើមរហូតដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ