សារព័ត៌មាន CNBC បានរាយការណ៍ថា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំលោក ដូណាល់ ត្រាំ បានបង្ហាញបង្ហាញសុទិដ្ឋិនិយមថា សម្ពន្ធភាពរវាងមហាអំណាចទាំងពីរនឹងល្អប្រសើរជាងពេលណាៗទាំងអស់។ លោក ត្រាំ បានសង្កត់ធ្ងន់លើចំណងមិត្តភាពផ្ទាល់ខ្លួនរវាងលោក និងលោក ស៊ី ដែលជាទំនាក់ទំនងដ៏យូរអង្វែងជាងមេដឹកនាំអាម៉េរិក និងចិនមុនៗទៅទៀត។
យ៉ាងណាមិញលោក ស៊ី ជីនពីង បានលើកឡើងនូវសំណួរដ៏មានទម្ងន់មួយទៅកាន់លោក ត្រាំ ថា តើយើងអាចចៀសផុតពីអន្ទាក់សង្គ្រាមប្រវត្តិសាស្ត្រដែរឬទេ? ក្នុងន័យនេះ ឃ្លានេះ លោក ស៊ី ចង់សំដៅលើទ្រឹស្តីនយោបាយដែលថា នៅពេលមហាអំណាចថ្មីដែលកំពុងរីកចម្រើនឡើងមកប្រឈមមុខជាមួយមហាអំណាចចាស់ ដែលកំពុងគ្រប់គ្រងពិភពលោក វាតែងតែបញ្ចប់ដោយការផ្ទុះសង្គ្រាមដ៏មហន្តរាយ។
ទោះបីជាកិច្ចពិភាក្សាពាណិជ្ជកម្មត្រូវបានគេមើលឃើញថា មានវឌ្ឍនភាពល្អក្នុងថ្ងៃដំបូង ប៉ុន្តែលោក ស៊ី បានដាក់ការព្រមានយ៉ាងម៉ឺងម៉ាត់បំផុតលើបញ្ហាកោះតៃវ៉ាន់។ មេដឹកនាំចិន រូបនេះ បានបញ្ជាក់ច្បាស់ៗថា កោះតៃវ៉ាន់ គឺជាចំណុចក្រហមដ៏រសើបបំផុតនៅក្នុងទំនាក់ទំនងទ្វេភាគី ហើយរាល់ការមិនចុះសម្រុង ឬការដោះស្រាយមិនបានល្អលើបញ្ហានេះ នឹងរុញច្រានមហាអំណាចទាំងពីរឱ្យធ្លាក់ទៅក្នុងចំណុចគ្រោះថ្នាក់បំផុត និងអាចឈានដល់ការផ្ទុះអាវុធទៀតផង។
គួរកត់សម្គាល់ថា គណៈប្រតិភូនៃប្រទេសទាំងពីរ ដែលចូលរួមក្នុងកិច្ចប្រជុំនេះសុទ្ធសឹងតែជាឥស្សរជនជាន់ខ្ពស់ និងមហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗ។ ខាងភាគីចិន រួមមាន អ្នកការទូតលេខ១ លោក វ៉ាង យី (Wang Yi), រដ្ឋមន្ត្រីការពារជាតិ លោក ដុង ជុន (Dong Jun) និងលោក ចឹង សានជៀ (Zheng Shanjie) ប្រធានការិយាល័យផែនការសេដ្ឋកិច្ច។
ចំណែកខាងភាគីអាម៉េរិកវិញ រួមមាន រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio), រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភិត ហេកសេត (Pete Hegseth) រួមនឹងមហាសេដ្ឋីបច្ចេកវិទ្យាល្បីៗដូចជា លោក អេឡិន ម៉ាស (Elon Musk) មេក្រុមហ៊ុន Tesla , លោក ធីម ឃុក (Tim Cook) មេក្រុមហ៊ុន Apple និងលោក ជេនសិន ហួង (Jensen Huang) មេក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia ដែលនេះសបញ្ជាក់ថា ជំនួបនេះមិនត្រឹមតែជារឿងនយោបាយ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមរភូមិសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់ផងដែរ៕
អត្ថបទៈ សួន ឡង់ទី