វិស័យអប់រំ

របាំងទិដ្ឋាការជំរុញឱ្យនិស្សិតបរទេសងាកចេញពីអាម៉េរិក និងអង់គ្លេស ឆ្ពោះទៅរកអាស៊ី និងអឺរ៉ុប


របាយការណ៍ស្ទង់មតិជាសកលថ្មីមួយចេញផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបង្ហាញថា និស្សិតអន្តរជាតិ កំពុងផ្លាស់ប្ដូរទិសដៅសិក្សា ដោយងាកចេញពីសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស ហើយបែរទៅរកសាកលវិទ្យាល័យនៅតំបន់អាស៊ី និងអឺរ៉ុបវិញ។ និន្នាការនេះ កើតឡើងស្របពេលដែលគោលនយោបាយ​ទិដ្ឋាការដ៏តឹងរ៉ឹងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ កំពុងវាយប្រហារ និងកែប្រែផែនទីអប់រំកម្រិតឧត្តមសិក្សាសកលយ៉ាងខ្លាំង។
របាំងទិដ្ឋាការជំរុញឱ្យនិស្សិតបរទេសងាកចេញពីអាម៉េរិក_និងអង់គ្លេស_ឆ្ពោះទៅរកអាស៊ី
ដោយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានរាយការណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា ជាទូទៅនិស្សិតអន្តរជាតិ ត្រូវបង់ថ្លៃសិក្សាខ្ពស់ជាងនិស្សិតក្នុងស្រុកឆ្ងាយណាស់ ដែលធ្វើឱ្យពួកគេក្លាយជាប្រភពចំណូលដ៏សំខាន់ជួយទ្រទ្រង់ការចំណាយលើការបង្រៀន និងការស្រាវជ្រាវរបស់ប្រទេសម្ចាស់ផ្ទះ។ ប៉ុន្តែបច្ចុប្បន្នគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាម៉េរិកកំពុងប្រឈមនឹងក្ដីបារម្ភយ៉ាងខ្លាំងចំពោះអនាគតរបស់ខ្លួន ដោយសារតែគ្រឹះស្ថានជាង១ភាគ៣ត្រូវបានព្យាករថា នឹងបន្តបាត់បង់ចំនួននិស្សិតបរទេសចុះឈ្មោះចូលរៀនបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។

លទ្ធផលស្ទង់មតិរួមគ្នារវាងវេទិកាជ្រើសរើសនិស្សិតអន្តរជាតិរបស់ហូឡង់ និងអង្គការអប់រំ NAFSA របស់អាម៉េរិកបានរកឃើញថា ការរឹតបន្តឹងទិដ្ឋាការ និងគោលនយោបាយរបស់រដ្ឋាភិបាល គឺជារនាំងឧបសគ្គធំបំផុត ដែលរារាំងការទាក់ទាញនិស្សិតបរទេស។ ភាពយឺតយ៉ាវ នៃការផ្ដល់ទិដ្ឋាការ ការត្រួតពិនិត្យដ៏តឹងរ៉ឹង និងការរឹតត្បិតលើសិទ្ធិការងារក្រោយបញ្ចប់ការសិក្សា បានរុញច្រានឱ្យនិស្សិតជាច្រើនសម្រេចចិត្តពន្យារពេល ឬបោះបង់ចោលគម្រោងទៅសិក្សានៅប្រទេសទាំងនោះ។

ការធ្លាក់ចុះប្រជាប្រិយភាពរបស់សាកលវិទ្យាល័យអាម៉េរិក បានផ្ទុះឡើងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញវិធានការរឹតបន្តឹងយ៉ាងខ្លាំងលើនិស្សិតអន្តរជាតិ ដូចជាការពង្រីកការត្រួតពិនិត្យលើគណនីបណ្ដាញសង្គម ការលុបចោលទិដ្ឋាការរាប់ពាន់ករណី និងការកំណត់រយៈពេលស្នាក់នៅកាន់តែតឹងរ៉ឹងជាងមុន។ ទោះបីជាការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលគណបក្សប្រជាធិបតេយ្យដណ្ដើមបានការគ្រប់គ្រងសភាទាំងពីរវិញក៏ដោយ ក៏ប្រធានាធិបតី នៅតែកាន់អំណាចប្រតិបត្តិពេញលេញលើគោលនយោបាយទិដ្ឋាការ។

ងាកទៅចក្រភពអង់គ្លេសឯណោះវិញ រដ្ឋាភិបាលទីក្រុងឡុងដ៍ ក៏កំពុងរឹតបន្តឹងច្បាប់ទិដ្ឋាការនិស្សិតមិនចាញ់អាម៉េរិកនោះដែរ ដើម្បីកាត់បន្ថយលំហូរជនអន្តោប្រវេសន៍។ វិធានការទាំងនោះរួមមានការហាមឃាត់និស្សិតបរទេសមិនឱ្យនាំសាច់ញាតិ ឬអ្នកនៅក្នុងបន្ទុកមករស់នៅជាមួយ ព្រមទាំងគ្រោងកាត់បន្ថយរយៈពេលស្នាក់នៅស្វែងរកការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាថែមទៀតផង។

ជុំវិញបញ្ហានេះលោកស្រី ហ្វានតា អាវ (Fanta Aw) នាយកប្រតិបត្តិ និងជាអគ្គនាយកអង្គការ NAFSA បានគូសបញ្ជាក់ថា លទ្ធផលស្ទង់មតិនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវអ្វីដែលអ្នកជំនាញបានមើលឃើញកន្លងមក ពោលគឺគោលនយោបាយជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ជោគវាសនា និងការសម្រេចចិត្តរបស់និស្សិតអន្តរជាតិ ថាតើពួកគេគួរជ្រើសរើសប្រទេសណាដើម្បីសិក្សា ស្រាវជ្រាវ និងចាប់ផ្ដើមអាជីពការងារទៅថ្ងៃអនាគត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើការតាំងបង្ហាញប្រាសាទបុរាណខ្មែរ ដែលរងការបំផ្លាញពីថៃ នៅក្នុងកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី ជួយលើកកម្ពស់មរតកវប្បធម៌ និងដាក់សម្ពាធលើថៃ យ៉ាងណាដែរ?

ផលិតផលសក្តានុពលខ្មែរយ៉ាងច្រើនសម្បូរបែបមកពីគ្រប់ទិសទីនៅទូទាំងប្រទេស ត្រូវបានយកមកប្រមូលផ្តុំគ្នាបង្ហាញវត្តមាននៅក្នុង ភូមិហ្រ្វង់កូហ្វូនី ដើម្បី…

តើប្រព័ន្ធស្វ័យប្រវត្តិកម្ម និង AI កំពុងធ្វើឱ្យទីផ្សារការងារនៅអឺរ៉ុប រង្គោះរង្គើកម្រិតណា?

រលកថ្មីនៃការកាត់បន្ថយបុគ្គលិកកំពុងវាយប្រហារទីផ្សារការងារនៅទ្វីបអឺរ៉ុបយ៉ាងដំណំ ខណៈដែលសម្ពាធពាណិជ្ជកម្ម និងការជ្រៀតចូល នៃប្រព័ន្ធស្វ័យប្រវត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ