ក្រុមអ្នកជំនាញលើកឡើងថា បញ្ហាមិនមែនមានត្រឹមតែការរកទុនឱ្យបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ គឺត្រូវប្រើប្រាស់ទុនទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២ ខែវិច្ឆិកា។
លោកបណ្ឌិត កាន វ៉ាន់ លូក (Can Van Luc) ទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាម បានលើកឡើងថា វៀតណាម ត្រូវការទាក់ទាញទុនវិនិយោគឱ្យបានចន្លោះពី២៨០ ទៅ៣០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដោយត្រូវបង្កើនការវិនិយោគប្រហែល១៤% ជារៀងរាល់ឆ្នាំ ដើម្បីអាចសម្រេចមហិច្ឆតាកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងចំណោមទុនវិនិយោគសរុបនេះការវិនិយោគសាធារណៈអាចរួមចំណែកប្រមាណ៣០% ខណៈទុនដែលនៅសល់ត្រូវពឹងផ្អែកលើវិស័យឯកជន និងវិនិយោគិនបរទេស។
ក្រុមអ្នកជំនាញ ក៏បានជំរុញឱ្យវៀតណាមពង្រឹងទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្របំណុលសាជីវកម្មផងដែរ ដើម្បីបង្កើនប្រភពទុន និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់កម្ចីពីធនាគារ។ ក្រៅពីការទាក់ទាញទុន ផលិតភាពការងារ ក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។ លោកស្រី ម៉ារៀម ជេ. ស៊ើរមែន (Mariam J. Sherman) មន្ត្រីធនាគារពិភពលោកបានលើកឡើងថា កម្មករម្នាក់ក្នុងវិស័យផលិតកម្មរបស់វៀតណាម អាចបង្កើតតម្លៃបន្ថែមបានត្រឹមប្រមាណជាង៦ដុល្លារប៉ុណ្ណោះក្នុងមួយម៉ោងដែលតិចជាងពាក់កណ្តាលនៃកម្រិតនៅប្រទេសចិន។ មន្ត្រីរូបនេះបានបន្តថា ការងារប្រមាណ៨៥% ក្នុងវិស័យនាំចេញរបស់វៀតណាម នៅតែផ្តោតលើការផលិត និងការដំឡើងផលិតផលជាជាងសកម្មភាពដែលបង្កើតតម្លៃបន្ថែមខ្ពស់។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកជំនាញយល់ថា វៀតណាម ត្រូវបង្កើនការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងនវានុវត្តន៍ ព្រមទាំងជំរុញឧស្សាហកម្មឱ្យឈានទៅរកការផលិតនូវផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ ការសម្រេចបានកំណើនសេដ្ឋកិច្ចលើស១០% អាចជួយវៀតណាម ឱ្យខិតទៅជិតសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ទោះជាយ៉ាងណា ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការធានាថា កំណើននេះមានចីរភាពនៅតែជាកិច្ចការដ៏សំខាន់ដែលវៀតណាម ត្រូវដោះស្រាយ៕
ដោយ: តែម សុខុម