លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិបានវាយតម្លៃថា មូលហេតុចម្បងដែលធ្វើឱ្យមាសបាត់បង់តម្លៃ គឺដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពលតាមរយៈការបិទច្រកសមុទ្រ Hormuz។ កត្តានេះបានរុញច្រានឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ស្របពេលដែលកិច្ចចរចាសន្តិភាពរវាងវ៉ាស៊ីនតោន និងតេអេរ៉ង់ នៅមិនទាន់មានពន្លឺវិជ្ជមាន។ ទោះជាយ៉ាងណា លោកយល់ឃើញថា នេះគឺជាឱកាសមាសសម្រាប់អ្នកវិនិយោគរយៈពេលវែង ទោះបីជាបច្ចុប្បន្នទីផ្សារមាសកំពុងធ្លាក់ចុះ ប៉ុន្តែវានឹងវិលត្រឡប់មកវិញនៅពេលវិវត្តន៍នយោបាយពិភពលោកប្រែប្រួល។ យ៉ាងណាមិញអ្នកជំនាញរូបនេះរំពឹងថា តម្លៃមាសអាចនឹងហក់ឡើងដល់ជាង៦,០០០ដុល្លារក្នុង១តម្លឹងវិញនៅមុនដាច់ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង យល់ឃើញថា ការធ្លាក់ចុះតម្លៃហាងឆេងមាសនាពេលនេះ គឺបង្កឡើងដោយសារការហក់ឡើងនៃតម្លៃប្រេង និងការកើនឡើងតម្លៃប្រាក់ដុល្លារ ព្រមទាំងទំនុកចិត្តរបស់អ្នកវិនិយោគងាកទៅរកទីផ្សារប្រេង។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ តម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះថែមទៀតមុននឹងងើបមកឡើងមកវិញនៅអំឡុងពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំនេះ។
ដោយឡែក ម្ចាស់ហាងលក់មាស ពេជ្រ ទី មង្គល បានឱ្យដឹងថា ក្រោយតម្លៃហាងឆេងមាសមានការធ្លាក់ចុះ សកម្មភាពទិញលក់នៅហាងរបស់លោកហាក់មានភាពស្ងប់ស្ងាត់ជាងមុនបន្តិច ព្រោះពួកគេអាចនៅរង់ចាំការធ្លាក់ចុះតម្លៃមាសថែមទៀត។ តែយ៉ាងណាអាជីវកររូបនេះលើកឡើងថា អ្នកវិនិយោគមាសនឹងចាប់ផ្ដើមមានសកម្មភាពឡើងវិញនៅពេលណាពួកគេទទួលបានព័ត៌មាន ឬដំណឹងណាមួយពីស្ថានភាពប្រសើរឡើងរបស់ពិភពលោក។ បើតាមម្ចាស់ហាងលក់មាស ពេជ្រ ទី មង្គល ស្ថានភាពទីផ្សារមាសនាពេលនេះ គឺជាពេលសម្រាប់អ្នកវិនិយោគ តែត្រូវចេះកំណត់ផលចំណេញឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងហានិភ័យ។
គួរជម្រាបថា តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជាកាលពីចុងខែមករា ឆ្នាំ២០២៦ បានហក់ឡើងដល់៦,៨០០ដុល្លារក្នុងមួយតម្លឹង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមិនធ្លាប់មានកន្លងមក តែបានធ្លាក់ចុះវិញមកនៅត្រឹមប្រមាណ៥,៥៣៨ដុល្លារក្នុង១តម្លឹងនៅចុងខែមេសានេះ៕
អត្ថបទ៖ បូ ដូឡា