វិស័យសេដ្ឋកិច្ច

AMRO ព្រមានពីបញ្ហាប្រឈម និងផ្តល់យុទ្ធសាស្ត្រគន្លឺះ៣ចំណុចដល់កម្ពុជា ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ នៃវិបត្តិសកល


ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានវាយតម្លៃខ្ពស់ចំពោះភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ប៉ុន្តែបានដាស់តឿនថា សម្រាប់ឆ្នាំ២០២៦ និងរយៈពេលមធ្យមខាងមុខ កម្ពុជានឹងបន្តប្រឈមមុខនឹងហានិភ័យចម្រុះទាំងពីកត្តាផ្ទៃក្នុង និងអស្ថិរភាពភូមិសាស្ត្រនយោបាយសកល។ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនេះ AMRO បានផ្ដល់គោលនយោបាយសំខាន់ៗចំនួន៣ចំណុច ក្នុងគោលដៅធានាបាននូវចីរភាពនៃកំណើន និងការត្រៀមលក្ខណៈសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។
វិស័យសេដ្ឋកិច្ច
ដោយ

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែមេសា លោក យ៉ាស៊ូតូ វ៉ាន់តាណាប ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកល និងតំបន់មានភាពមិនប្រាកដប្រជាខ្ពស់ និងប្រឈមនឹងវិបត្តិជាបន្តបន្ទាប់។

តែយ៉ាងណានៅឆ្នាំ២០២៦ និងក្នុងរយៈពេលមធ្យមខាងមុខ ប្រធាន AMRO បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន ការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ព្រមទាំងការថមថយ នៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ដោយសារកម្មវិបាក នៃសង្គ្រាមនៅមជ្ឈិមបូព៌ា, ការកើនឡើងនូវគោលនយោបាយគាំពារនិយម, ភាពងាយរងគ្រោះនៃវិស័យធនាគារ ដោយសារការបន្តកើនឡើងនៃឥណទានមិនដំណើរការ, ភាពមិនប្រាកដប្រជាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដែលធ្វើឱ្យកម្ពុជា បាត់បង់ភាពប្រកួតប្រជែងក្នុងការនាំចេញ។

ជាមួយគ្នានេះ ក្រុមបេសកកម្ម AMRO បានផ្តល់នូវអនុសាសន៍គោលនយោបាយចំនួន៣ចំណុច ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើនសម្រាប់រយៈពេលមធ្យមខាងមុខរបស់កម្ពុជាដូចជាការបន្តអនុវត្តគោលនយោបាយសារពើពន្ធ ដែលមានភាពបត់បែន និងចំគោលដៅ ដើម្បីទប់ស្កាត់ផលប៉ះពាល់ ហើយក្នុងរយៈពេលមធ្យម ត្រូវបន្តស្តារឡើងវិញនូវកម្រិតបម្រុងសារពើពន្ធជាការងារអាទិភាព, ការបន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលគាំទ្រសកម្មភាពសេដ្ឋកិច្ច និងមានប្រុងប្រយ័ត្នខ្ពស់នឹងអតិផរណា និងហានិភ័យហិរញ្ញវត្ថុ និងការបន្តអនុវត្តគោលនយោបាយកែទម្រង់ ដើម្បីលើកកម្ពស់សន្តិសុខថាមពល និងស្បៀងអាហារ ធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញដែលមានតម្លៃបន្ថែមខ្ពស់។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ពីការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើនិន្នាការកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យសំខាន់ៗ មានភាពសមស្របគ្នាទៅនឹងការវាយតម្លៃរបស់ AMRO ជាពិសេសហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់។ ឯកឧត្តមបានបន្ថែមថា កម្ពុជាប្រកាន់នូវជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈអព្យាក្រឹត សម្រាប់រយៈពេលមធ្យមក្នុងគោលដៅរក្សាតុល្យភាពរវាងការរក្សាលំនឹងជីវភាពប្រជាជន ការស្ដារឡើងវិញសេដ្ឋកិច្ច និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបានបន្តថា ឆ្លើយតបនឹងបញ្ហាប្រឈមចំពោះមុខ, រាជរដ្ឋាភិបាលក៏បានដាក់ចេញឱ្យអនុវត្តនូវវិធានការកាត់បន្ថយផលប៉ះពាល់ដូចជាការកាត់បន្ថយពន្ធលើផលិតផលប្រេង, ការដាក់ចេញវិធានការសន្សំសំចៃលើការប្រើប្រាស់ថាមពល, ការបន្តគាំពារដល់ជនភៀសសឹក និងពលករទេសន្តរប្រវេសន៍ និងការធ្វើពិពិធកម្មថាមពល ព្រមទាំងបានគិតគួរ និងដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ជាបន្តបន្ទាប់ ក្នុងគោលដៅដោះស្រាយផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចផង និងពង្រឹងភាពធន់នៃរចនាសម្ព័ន្ធក្នុងរយៈពេលមធ្យមទៅវែង ថែមទៀត៕




អត្ថបទបន្ទាប់


តើតម្លៃមាសអាចហក់ឡើងមកវិញឆាប់ៗទេ ក្រោយដាំក្បាលចុះយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយ?

តម្លៃមាសនៅលើទីផ្សារសកលបានបន្តដាំក្បាលចុះយ៉ាងគំហុក ដោយធ្លាក់ចុះមកត្រឹម ៤,៥៩៦ដុល្លារក្នុងមួយអោន ឬប្រមាណ៥,៥៣៨ដុល្លារក្នុងមួយតម្លឹងនៅលើទីផ្សា…

អ្នកជំនាញព្រមានថា វិវាទរបស់អតិថិជន ហួយវ័ន អាចក្លាយជាជំងឺឆ្លងបំផ្លាញប្រព័ន្ធធនាគារ បើអាជ្ញាធរមិនដោះស្រាយឱ្យបានឆាប់ និងដល់ឫសគល់

​​រូបភាព នៃការតវ៉ាប្រតាយប្រតប់គ្នារវាងអតិថិជនចម្រុះជាតិសាសន៍របស់អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយ វ័ន ផេ និងកងកម្លាំងសន្តិសុខន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ