សម្តេចតេជោ

សម្តេចតេជោ បញ្ជាឱ្យស៊ើបអង្កេតករណីនាំចូលសាច់បង្កកពីថៃឱ្យដល់ឬសគល់ និងព្រមានចាត់ការមន្ត្រីឃុបឃិតមិនឱ្យរួចម្នាក់


បណ្តាញខ្សែអ្នកកាងនៅពីក្រោយការនាំចូលសាច់បង្កកពីថៃ អាចនឹងត្រូវលាតត្រដាង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបញ្ហាឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យដល់ឬសគល់ចំពោះករណីនាំចូលសាច់បង្កកពីប្រទេសថៃ។ សម្រាប់សម្តេចតេជោ ការចាត់វិធានការលើករណីនាំចូលសាច់បង្កកពីថៃ មិនត្រឹមតែចាត់វិធានការតែលើឈ្មួញនាំចូលនោះទេ គឺត្រូវចាត់វិធានការចំពោះមន្ត្រី ដែលឃុបឃិតជាមួយឈ្មួញនាំចូលបន្ថែមទៀត។
សម្តេចតេជោ
ដោយ

ការបញ្ហាឱ្យចាត់វិធានការដ៏ក្តៅគគុកនេះ ធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចចម្រុះបានឆ្មក់ចុះឆែកឆេរឃ្លាំងស្តុកសាច់បង្កកចំនួន៥ទីតាំង កាលពីថ្ងៃទី១០ ខែមិថុនា ដោយក្នុងនោះបានរកឃើញពីរតាំងបានស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។

បង្ក្រាបឃើញសុទ្ធតែទំនិញថៃទាំងទូកុងតឺន័រ និងឃ្លាំង តើវាចូលតាមច្រកណា? នេះជាការចោទជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បន្ទាប់ពីអាជ្ញាធររកឃើញឃ្លាំងស្តុកសាច់បង្កកពីរកន្លែងស្តុកដោយសាច់បង្កកមានបិទអក្សរថៃពីលើ នៅក្នុងប្រតិបត្តិការឆ្មក់ចូលឆែកឆេរឃ្លាំងស្តុកសាច់បង្កក៥ទីតាំងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការចាត់វិធានការលើករណីនាំចូលសាច់បង្កកពីថៃនេះ ត្រូវចាត់វិធានការទាំងលើឈ្មួញនាំចូល និងមន្ត្រីឃុបឃិតដែលនៅពីក្រោយ។ ទន្ទឹមនឹងនេះ សម្តេតេជោ បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវស៊ើបអង្កេតលើករណីនេះឱ្យដល់ឬសគល់ ដោយមិនត្រូវឱ្យមន្ត្រីឃុបឃិតណាម្នាក់រួចខ្លួនឡើយ។ ការបញ្ជាឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វើឡើងក្នុងអំឡុងពេល សម្តេចតេជោ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃខេត្តបន្ទាយមានជ័យនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ការបញ្ជាឱ្យបើកការស៊ើបអង្កេតឱ្យដល់ឬសគល់នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងរកឱ្យឃើញនូវ មេខ្លោង ឬអ្នកមានអំណាចដែលនៅកាងពីក្រោយខ្នង ព្រមទាំងកំណត់ឱ្យបានច្បាស់លាស់នូវច្រកព្រំដែន ឬច្រករបៀង ដែលក្រុមទាំងនោះប្រើប្រាស់សម្រាប់ចរាចរណ៍ទំនិញបង្កកទាំងនេះចូលមកក្នុងទីផ្សារកម្ពុជា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា អាជ្ញាធរមានសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកទ្រង់ទ្រាយធំចំនួន៥ទីតាំងផ្សេងគ្នា ដែលជាលទ្ធផលក្នុងចំណោមឃ្លាំងទាំង៥នោះ សមត្ថកិច្ចបានរកឃើញឃ្លាំងចំនួន២ទីតាំងមានបង្កប់នូវទំនិញសាច់បង្កកខុសច្បាប់ និងមិនប្រក្រតី ដែលមានបិទស្លាកសញ្ញាជាភាសាថៃ មានទម្ងន់ប្រមាណ២៤១តោន។

ទំនិញបិទស្លាកអក្សរថៃ រាប់រយតោនទាំងនេះ ត្រូវបានអាជ្ញាធរដកហូត និងឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្តរកប្រភពដើម និងពិនិត្យមើលគុណភាពសុវត្ថិភាពថា តើវាជាសាច់ខូចគុណភាព ឬមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ដែរឬទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)។

មហាជនកំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់ និងអន្ទះសារថា តើចំណាត់ការសួរនាំរបស់សមត្ថកិច្ចតាមការណែនាំរបស់សម្តេចតេជោ និងភស្តុតាងសាច់បង្កកមានបិទអក្សរថៃជាង២៤០តោនដែលទើបតែបង្ក្រាបបាននេះ នឹងអាចវែកមុខរកឃើញអ្នកធំ ឬអ្នកនៅពីក្រោយខ្នងណាខ្លះ ដែលកំពុងបំផ្លាញមុខមាត់ជាតិ និងក្បត់មនសិការបស់ប្រជាពលរដ្ឋដែលនាំគ្នាខិតខំធ្វើពហិកាទំនិញថៃ? យើងនឹងរង់ចាំអ៊ុតមើលទាំងអស់គ្នា៕

អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ




អត្ថបទបន្ទាប់


សមរភូមិបច្ចេកវិទ្យាពិភពលោកកាន់តែក្តៅ ចិន បោះទុនជិត ៣០០ពាន់លានដុល្លារលើ AI ខណៈប៉េកាំង បោះជំហានផ្តាច់ព្រ័ត្រប្រជែងអាម៉េរិក

ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលអាចកំណត់អ្នកដឹកនាំសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ពិភពលោកក្នុងសតវត្សរ៍ទី២១ ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ