វិស័យការងារ

តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា?


តើវិស័យការងារនៅកម្ពុជាពិតជាមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចាទប្រកាន់របស់អាម៉េរិកមែនឬយ៉ាងណា? កម្ពុជារួមជាមួយបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ត្រូវបានសហរដ្ឋអាម៉េរិកបញ្ចូលទៅក្នុងបញ្ជី ដែលអាចនឹងប្រឈមមុខនឹងការដំឡើងពន្ធគយបន្ថែមពី ១០%ទៅ១២,៥% ក្រោមការចោទប្រកាន់ថា បានបរាជ័យក្នុងការដោះស្រាយ និងទប់ស្កាត់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
វិស័យការងារ
ដោយ

ការចោទប្រកាន់នេះបានបង្កើតជាមន្ទិលសង្ស័យ និងចោទជាសំណួរថា តើវិស័យការងារ និងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជាពិតជាបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដូចការចោទប្រកាន់ពីខាងក្រៅមែនឬយ៉ាងណា?

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិយល់ឃើញថា ប្រសិនបើសអាម៉េរិកពិតជាដំឡើងពន្ធគយមកលើទំនិញកម្ពុជាមែននោះ វានឹងបង្កើតជាសម្ពាធ និងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់វិស័យវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ដែលជាឆ្នាំងបាយដ៏ធំរបស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ស្ថាប័នពាក់ព័ន្ធគួរតែរួមដៃគ្នាពិនិត្យឡើងវិញឱ្យបានល្អិតល្អន់ និងត្រៀមលក្ខណៈកែតម្រូវតាមការទាមទារ ប្រសិនបើរកឃើញថា មានចំណុចខ្វះខាត ឬការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់មែននោះ។ យ៉ាងណាមិញ ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះនៅតែមានជំនឿចិត្តយ៉ាងមុតមាំថា ក្រសួងការងារ នឹងមានវិធានការឆ្លើយតប និងដោះស្រាយបញ្ហានេះបានទាន់ពេលវេលា ព្រោះកន្លងមកក្រសួងតែងតែចុះអន្តរាគមន៍ដោះស្រាយរាល់ជម្លោះការងារ និងលក្ខខណ្ឌការងារនៅតាមរោងចក្រ សហគ្រាសបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញលំដាប់កំពូល និងធំជាងគេបង្អស់របស់កម្ពុជា ដូច្នេះវាតម្រូវឱ្យក្រុមហ៊ុននាំចេញទាំងអស់ត្រូវតែបំពេញតាមបទដ្ឋាន និងលក្ខខណ្ឌតឹងរ៉ឹងរបស់អ្នកបញ្ជាទិញ។ លោកបណ្ឌិតយល់ថា ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់លក្ខខណ្ឌបច្ចេកទេស ដើម្បីកាត់តម្រឹមចំណុចខ្វះខាតរបស់រោងចក្រផ្គត់ផ្គង់ឱ្យស្របតាមស្តង់ដារទីផ្សារអាម៉េរិក ព្រោះបើពុំនោះទេ ថ្លៃដើមផលិតកម្មនឹងហក់ឡើងខ្ពស់ ហើយខ្សែច្រវាក់ផលិតកម្មបម្រើឱ្យការនាំចេញច្បាស់ជាត្រូវជួបវិបត្តិមិនខាន។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអះអាងថា ក្រសួងការងារមានយន្តការត្រួតពិនិត្យ និងគោរពច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួនបំផុត។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា នៅកម្ពុជាដាច់ខាត គឺមិនមានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំដូចការចោទប្រកាន់នោះឡើយ។

គួររំលឹកថា សហរដ្ឋអាម៉េរិកកំពុងតែរៀបចំកំណត់ហេតុ គ្រោងដំឡើងពន្ធគយបន្ថែមពី១០% ទៅ១២,៥% លើទំនិញនាំចូលពីប្រទេសចំនួន៦០ជុំវិញពិភពលោក ដោយសារតែរងការចោទប្រកាន់ពីបញ្ហាកម្លាំងពលកម្មដោយបង្ខំ។ នៅក្នុងចំណោមនោះ កម្ពុជា និងប្រទេសជិតខាងមួយចំនួនទៀត ក៏ត្រូវបានគេរុញចូលទៅក្នុង «បញ្ជីប្រកាសអាសន្ន» នេះដែរ ដោយកម្ពុជាអាចនឹងត្រូវប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមចំនួន១០%៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


មិនទាន់អស់ទេ! កាស៊ីណូមួយទៀតនៅក្រុងបាវិត ត្រូវបានបង្ក្រាប និងដកហូតអាជ្ញាបណ្ណ ក្រោយរកឃើញថា មានពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

គិតមកទល់ខែមិថុនា ឆ្នាំ ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នៅតែបន្តស្រាវជ្រាវ និងចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងក្តៅគគុក។ ត…

របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកបង្ហាញថា កម្ពុជា មានសន្តិភាព និងសុវត្ថិភាពល្អប្រសើរជាងថៃ

របាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកប្រចាំឆ្នាំ២០២៦ (Global Peace Index 2026) បានធ្វើឱ្យអ្នកដែលចូលចិត្តអួតអាង និងលើកតម្កើងប្រទេសជិតខាងត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ