ឯកឧត្តម សួង ណយ រដ្ឋលេខាធិការទីស្តីការការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានគូសបញ្ជាក់ថា បញ្ហាប្រឈមស្នូលរបស់វារីវប្បករកម្ពុជា គឺអត្រារស់របស់ត្រីមានកម្រិតទាបជាង៥០% ដែលបណ្តាលឱ្យមានការខាតបង់ធ្ងន់ធ្ងរនៅពេលប្រមូលផល។ ដើម្បីដោះស្រាយវិបត្តិនេះ ផែនការមេថ្មីក្រោមការគាំទ្រពីអង្គការ GIZ របស់អាល្លឺម៉ង់ នឹងទាក់ទាញក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិជាន់ខ្ពស់ មកជួយរៀបចំប្រព័ន្ធចិញ្ចឹមឡើងវិញ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យុគសម័យថ្មី នៃវារីវប្បកម្មកម្ពុជា មិនអាចខ្វះបានឡើយនូវឧបករណ៍ស្រាវជ្រាវទំនើប និងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ជាមួយគ្នានេះ លោក ថាយ សុមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល បានគូសបញ្ជាក់ថា ទោះបីកម្ពុជា មិនអាចប្រកួតប្រជែងលើបរិមាណទិន្នផលវារីវប្បកម្មជាមួយប្រទេសជិតខាងបាន ប៉ុន្តែកម្ពុជា អាចទាញប្រៀបលើការផលិតដែលមានគុណភាព និងសុវត្ថិភាព ដោយសារដី និងទឹកកម្ពុជា មិនទាន់មានការបំពុលគីមីខ្លាំង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បន្ថែមលើការជ្រើសរើសប្រភពទឹក និងទីតាំងឱ្យបានត្រឹមត្រូវ និងប្រភេទវារីសត្វឱ្យសមស្រប ការបង្កើតប្រព័ន្ធខ្សែច្រវាក់ត្រជាក់នៅក្នុងខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងវេចខ្ចប់ ព្រមជាមួយការបង្កើតម៉ាកសញ្ញាត្រីពីទន្លេសាប ក៏ជាកត្តាសំខាន់ផងដែរក្នុងការជំរុញការរីកចម្រើនរបស់វិស័យវារីវប្បកម្មកម្ពុជា និងបើកផ្លូវឱ្យមានការនាំចេញ។
គួរជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រខាងលើ ក្រុមហ៊ុនកសិ-ឧស្សាហកម្មលំដាប់អន្តរជាតិ ដូចជា GreenFeed, New Hope និង Haida បានចាប់ផ្តើមបោះទុនវិនិយោគលើកន្លែងភ្ញាស់ពូជ ចិញ្ចឹម និងរោងចក្រផលិតចំណីត្រីនៅក្នុងខេត្តកំពង់ធំ រួចហើយ។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសពិតប្រាកដនៅតាមគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង សាលាកសិកម្មព្រែកលៀប និងកំពង់ចាម ដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលអនាគត៕