វិស័យ​​ SME

អ្នកជំនាញអះអាងថា ការហូរចូលទំនិញតម្លៃថោកៗ​កំពុងគំរាមកំហែងដល់អ្នកផលិតក្នុងស្រុក


ការហូរចូលយ៉ាងគំហុកនៃទំនិញ និងផលិតផលតម្លៃថោកពីបរទេស ពិសេសពីប្រទេសចិនកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពអាជីវកម្មក្នុងស្រុកព្រមទាំងសុវត្ថិភាពផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ អ្នកជំនាញនិងតំណាងវិស័យឯកជន បានជំរុញឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នជំនាញបង្កើនការរឹតបន្តឹងការត្រួតពិនិត្យនៅគ្រប់ច្រកព្រំដែន ធានាការប្រមូលពន្ធឱ្យបានពេញលេញ និងតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់គុណភាពជាចាំបាច់មុននឹងអនុញ្ញាតឱ្យទំនិញទាំងនោះចរាចរលើទីផ្សារដើម្បីការពារអ្នកផលិតក្នុងស្រុកនិងរក្សាបរិយាកាសប្រកួតប្រជែងដោយស្មើភាព។
វិស័យ​​ SME
ដោយ

លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានគូសបញ្ជាក់ថា វត្តមានទំនិញនាំចូលតម្លៃទាបកំពុងបង្កើតគំនាបយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនក្នុងស្រុក ព្រមទាំងចោទជាសញ្ញាសួរលើសុវត្ថិភាពអ្នកប្រើប្រាស់។ លោកជំទាវ បានអំពាវនាវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបង្កើនវិធានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅគ្រប់ច្រកល្ហក ដើម្បីធានាថា ទំនិញនាំចូលទាំងនោះបានបង់ពន្ធត្រឹមត្រូវចូលថវិកាជាតិ និងមានលិខិតបញ្ជាក់ស្តង់ដារគុណភាពច្បាស់លាស់ ដោយសារការប្រកួតប្រជែងដោយស្មើភាព គឺជាចលករតែមួយគត់ ដែលជួយឱ្យសេដ្ឋកិច្ចជាតិរឹងមាំ។

ជុំវិញបញ្ហានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា ខណៈដែលវិស័យ SME ក្នុងស្រុកកំពុងប្រឹងប្រែងបង្កើនផលិតភាពដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកំពុងជួបប្រទះការប្រកួតប្រជែងតម្លៃរវាងគ្នា និងគ្នាស្រាប់ផងនោះ ការហូរចូលបន្ថែម នៃទំនិញថោកៗពីក្រៅប្រទេស ជាពិសេសចិនប្រៀបដូចជាសង្គ្រាមតម្លៃ ដែលកំពុងកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់សហគ្រាសក្នុងស្រុកបន្ថែមមួយតង់ទៀត។ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា មានតែការធ្វើពាណិជ្ជកម្ម ដែលមានតម្លាភាព និងការគាំពារផ្នែកគោលនយោបាយប៉ុណ្ណោះ ទើបអាចជួយឱ្យអាជីវកម្មក្នុងស្រុកមានចីរភាព។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានកត់សម្គាល់ថា មិនត្រឹមតែទំនិញមកពីចិននោះទេ សូម្បីតែផលិតផលនាំចូលពីប្រទេសវៀតណាម ក៏កំពុងវាយលុកទីផ្សារក្នុងស្រុកក្នុងតម្លៃធូរថ្លៃផងដែរ។ អ្នកជំនាញរូបនេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា នៅពីក្រោយតម្លៃថោករបស់ទំនិញទាំងនោះ អាចមានលាក់បំបាំងនូវសារធាតុគីមី ដែលអាចបង្កប៉ះពាល់ដោយផ្ទាល់ដល់សុខភាពអ្នកបរិភោគប្រចាំថ្ងៃ ហើយ លោក បានស្នើឱ្យអាជ្ញាធរពង្រឹងការធ្វើអធិការកិច្ចផ្នែកអនាម័យឱ្យកាន់តែសកម្មបន្ថែមទៀត។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិននៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦ សម្រេចបានក្នុងទំហំជាង១១,៦ពាន់លានដុល្លារអាម៉េរិកកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រទេសចិននៅតែបន្តរក្សាដំណែងជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់កម្ពុជា។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឱ្យកម្ពុជា ប្រែក្លាយការចិញ្ចឹមត្រីពីបែបប្រពៃណីទៅបែបបច្ចេកទេសទំនើប ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការនាំចូល

កម្ពុជា កំពុងពន្លឿនការផ្លាស់ប្តូរមុខមាត់វិស័យវារីវប្បកម្មដោយប្រែក្លាយពីរបៀបចិញ្ចឹមតាមបែបប្រពៃណីទៅរកការអនុវត្តតាមបទដ្ឋានបច្ចេកទេសទំនើបដើម្ប…

ថៃ ប្រកាសទាំងបំពានថា ខ្លួននឹងពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីចូលតំបន់ប្រាសាទតាក្របី និងភ្នំ៣៥០ របស់កម្ពុជា

ខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់កំពុងតែមានប្រសិទ្ធភាព និងស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីអន្តរជាតិ រដ្ឋាភិបាល និងកងទ័ពថៃ បែរជាបន្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ