ប្រព័ន្ធហិរញ្ញវត្ថុ

ធនាគារជាតិសម្រេចបិទបញ្ចប់យន្តការអនុគ្រោះរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថិរភាព និងតម្លាភាពប្រព័ន្ធហិរញ្ញវត្ថុ


ធនាគារ​ជាតិ​នៃ​កម្ពុជាបានសម្រេចឱ្យ​គ្រឹះ​ស្ថានធនាគារ និង​ហិរញ្ញ​វត្ថុនៅកម្ពុជាទាំងអស់បញ្ឈប់ការ​​រៀបចំ​ឥណទាន​ឡើង​វិញក្រោម​លក្ខ​ខណ្ឌ​អនុគ្រោះបន្តទៀត ក្នុងគោលបំណងជំរុញឱ្យ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុដោះ​ស្រាយ​បញ្ហា​ឥណទានឱ្យ​បាន​ឆាប់​រហ័ស ជាជាង​ពន្យារ​ពេល​ការ​ទទួល​ស្គាល់​ការខាតបង់​តាមរយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​គុណ​ភាព​ឥណទានឱ្យ​បាន​ត្រឹម​ត្រូវ និង​ធានាថា ហានិភ័យ​ឥណទាន​ដែល​អាច​កើត​មានមិន​ត្រូវ​បាន​លាក់​បាំង​តាមរយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជា​បន្ត​បន្ទាប់។​​
ប្រព័ន្ធហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា យន្តការរៀបចំឥណទានឡើងវិញរបស់ធនាគារជាតិនៃកម្ពុជា គឺជាវិធានការបណ្ដោះអាសន្នដើម្បីសម្រាលសម្ពាធហិរញ្ញវត្ថុរបស់អតិថិជន និងកាត់បន្ថយឥណទានមានហានិភ័យរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងគ្រាអាសន្នណាមួយ ប៉ុន្តែបើការអនុវត្តអូសបន្លាយរយៈពេលវែង វាក៏អាចជះផលប៉ះពាល់ដល់ស្ថិរភាពប្រព័ន្ធធនាគារទាំងមូលដែរ។​ ដូច្នេះអ្នកជំនាញរូបនេះយល់ថា ការសម្រេចបញ្ចប់យន្តការរៀបចំឥណទានឡើងវិញនេះ គឺជារឿងចាំបាច់ និងទាន់ពេលវេលា ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ។ លោក កាំង តុងងី បានបន្ថែមថា ទោះបីជាឥណទានមិនដំណើរការ (NPL) អាចនឹងមានការកើនឡើងខ្លះបន្ទាប់ពីការបញ្ចប់នេះ ក៏ប៉ុន្តែវានឹងមិនកើនឡើងជាគំហុកឡើយដ្បិតគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានត្រៀមលក្ខណៈទុកជាមុនរួចរាល់ក្នុងគោលដៅពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុឱ្យរឹងមាំក្នុងរយៈពេលមធ្យម និងវែង។

ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការបញ្ចប់យន្តការរៀបចំឥណទានឡើងវិញនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ថា ពលរដ្ឋកម្ពុជាពិតជារងសម្ពាធឥណទានមែនឬយ៉ាងណា ដ្បិតកន្លងមកការបើកឱ្យមានការរៀបចំឥណទានឡើងវិញដោយទូលាយ ជំរុញឱ្យមានកូនបំណុលដែលមិនជួបការលំបាកធ្ងន់ធ្ងរស្នើសុំបន្ធូរបន្ថយបន្ទុកដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឥណទានរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការកំណត់ឱ្យមានការរៀបចំឥណទានឡើងវិញចំពោះតែអ្នកដែលមានតម្រូវការចាំបាច់ពិតប្រាកដ គឺនឹងជួយសម្រាលបន្ទុកពលរដ្ឋប្រកបដោយប្រសិទ្ធភាព ចំគោលដៅ និងទប់ស្កាត់ការខាតបង់ជាប្រព័ន្ធដល់វិស័យធនាគារទាំងមូល។

គួរបញ្ជាក់ថា ធនាគារ​ជាតិនៃកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា បានចេញលិខិតមួយដោយសម្រេចឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញ​វត្ថុទាំងអស់បញ្ឈប់​ការ​អនុវត្ត​វិធាន​ការ​អនុគ្រោះ​សម្រាប់​ឥណទាន​ដែល​បាន​រៀបចំ​ឡើង​វិញ ដែល​កន្លងមក​បាន​អនុញ្ញាតឱ្យ​អតិថិជន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ អាច​រៀបចំ​ឥណទាន​ដែល​មាន​ស្រាប់​ឡើង​វិញ​ក្រោម​វិធាន​ការ​សម្រាល​បន្ទុក​បណ្តោះ​អាសន្ន​។ ការសម្រេចបិទបញ្ចប់វិធានការអនុគ្រោះនេះធ្វើឡើងដើម្បីឱ្យប្រាក់បម្រុងសម្រាប់ការខាតបង់ឥណទាន និងកម្រិតមូលធនរបស់គ្រឹះស្ថានធនាគារឆ្លុះបញ្ចាំងពីហានិភ័យពិតប្រាកដ។ យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការណ៍នេះមិនមែនមានន័យថា ការរៀបចំឥណទានឡើងវិញត្រូវបិទទាំងស្រុងនោះទេ ដោយអតិថិជននៅតែអាចស្នើសុំរៀបចំឥណទានឡើងវិញបាន ក្រោមបទប្បញ្ញត្តិ និងលក្ខខណ្ឌធម្មតា។ បន្ថែមពីនេះការសម្រេចនេះនឹងមិនប៉ះពាល់ដល់អតិថិជនប្រមាណ២០ ម៉ឺននាក់ ដែលបានរៀបចំឥណទានឡើងវិញរួចរាល់ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៤ពាន់លានដុល្លារ នោះឡើយ៕




អត្ថបទបន្ទាប់


អ៊ីរ៉ង់កំពុងប៉ុនប៉ងធ្វើឃាតកូនប្រុសលោក ត្រាំ និងកូនប្រុសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចេញផ្សាយខ្សែវីដេអូគំរាមកំហែងយ៉ាងចំហ និងមិនធ្លាប់មានពីមុនមក ដោយបានរៀបរាប់ពីផែនការតាមប្រមាញ់លោក បារ៉ុន ត្រាំ (…

អ្នកជំនាញមើលឃើញថា ថៃកំពុងដុតកម្ដៅព្រំដែនជាមួយកម្ពុជា ដើម្បីបង្វែរដានពីវិបត្តិសេដ្ឋកិច្ច និងនយោបាយផ្ទៃក្នុង

សកម្មភាពយោធារបស់ថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងដំណើរទស្សនកិច្ចរបស់លោក អានុទីន ឆានវីរៈគុល និងការសាងសង់លេណដ្ឋានថ្មីៗនៅលើទឹកដីកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ