សេដ្ឋកិច្ចឌីជីថល

អាស៊ាន បោះជំហានថ្មីលើសេដ្ឋកិច្ចឌីជីថល ខណៈបញ្ហាសន្តិសុខក្នុងតំបន់នៅតែជាបញ្ហាប្រឈម


អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចាប់ផ្តើមនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អាស៊ាន បានបង្ហាញវឌ្ឍនភាពមួយចំនួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់។ ទន្ទឹមនឹងនេះ អាស៊ានក៏កំពុងបន្តរក្សាគោលជំហររួមចំពោះវិបត្តិនៅមីយ៉ាន់ម៉ា និងជំរុញការចរចាដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។
អាស៊ាន_បោះជំហានថ្មីលើសេដ្ឋកិច្ចឌីជីថល_ខណៈបញ្ហាសន្តិសុខ
ដោយ

ទោះជាយ៉ាងណា បញ្ហាប្រឈមផ្នែកនយោបាយ និងសន្តិសុខមួយចំនួននៅតែជាកិច្ចការដែលអាស៊ានត្រូវបន្តដោះស្រាយ។

អំឡុងពេលដែលមេដឹកនាំអាស៊ីអាគ្នេយ៍ជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អាស៊ានបានបង្ហាញសញ្ញាវិជ្ជមានមួយចំនួនក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក បើទោះបីជាបញ្ហាសន្តិសុខ និងជម្លោះក្នុងតំបន់នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ។

វឌ្ឍនភាពដ៏សំខាន់មួយ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ឬហៅកាត់ថា DEFA ដែលត្រូវបានរាយការណ៍ថាជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ដំបូងគេរបស់ពិភពលោក ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ានីល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមជាផ្លូវការ។ វាត្រូវបានរំពឹងថានឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការជំរុញសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និងបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុន និងសហគ្រាសធុនតូចនិងមធ្យម។

កិច្ចព្រមព្រៀង DEFA គ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជា ការផ្ទេរទិន្នន័យឆ្លងដែន ពាណិជ្ជកម្មឌីជីថល ការការពារកូដប្រភព សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត។ កិច្ចព្រមព្រៀងនេះក៏មានគោលដៅជួយឱ្យប្រព័ន្ធទូទាត់ប្រាក់ ឯកសារអេឡិចត្រូនិក និងប្រព័ន្ធពាណិជ្ជកម្មរបស់ប្រទេសសមាជិកអាចធ្វើការជាមួយគ្នាបានកាន់តែប្រសើរ។

លោក គង់ គឹមយ៉ុង ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងថា ការសម្រេចបានកិច្ចព្រមព្រៀងនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយសារប្រទេសសមាជិកនីមួយៗមានកម្រិតអភិវឌ្ឍន៍ និងសមត្ថភាពត្រៀមខ្លួនខុសៗគ្នា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងចូលជាធរមាននៅដើមឆ្នាំ២០២៧។

ក្រៅពីសេដ្ឋកិច្ចឌីជីថល អាស៊ានក៏កំពុងសិក្សាលទ្ធភាពរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចបៃតង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចដែលមាននិរន្តរភាពផងដែរ។ នេះទន្ទឹមនឹងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច អាស៊ានក៏កំពុងបង្ហាញពីការបន្តរក្សាគោលជំហររួមចំពោះវិបត្តិនយោបាយ និងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយតាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១មក។

លោកស្រី ម៉ារីយ៉ា ថេរ៉េសា ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងជាបេសកជនពិសេសអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានបញ្ជាក់ថា អាស៊ានមិនមានការបន្ធូរបន្ថយគោលជំហររបស់ខ្លួនចំពោះវិបត្តិនៅមីយ៉ាន់ម៉ានោះទេ ហើយកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនៅតែមានសុពលភាពដដែល។ ចំណែកលើបញ្ហាសន្តិសុខក្នុងតំបន់ អាស៊ានកំពុងព្យាយាមបង្ហាញគោលជំហររួម តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមដែលសារព័ត៌មាន AP ស្រង់យកមកចុះផ្សាយ មេដឹកនាំអាស៊ានគ្រោងនឹងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ។

ជាពិសេស ចំពោះជម្លោះនៅសមុទ្រចិនខាងត្បូង កិច្ចចរចារវាងចិន និងអាស៊ានលើក្រមប្រតិបត្តិ ឬ Code of Conduct ត្រូវបានរាយការណ៍ថា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ក្រមប្រតិបត្តិនេះមានគោលបំណងជួយគ្រប់គ្រងជម្លោះ និងទប់ស្កាត់ការប្រឈមមុខដាក់គ្នានៅក្នុងដែនសមុទ្រដែលមានជម្លោះ កុំឱ្យវិវត្តទៅជាជម្លោះទ្រង់ទ្រាយធំ។ ទោះបីជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងលើក្រមប្រតិបត្តិនេះមិនត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះទេ ហើយការចរចានឹងបន្តនៅឆ្នាំក្រោយ។

កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល មិនត្រឹមតែជាឱកាសសម្រាប់មេដឹកនាំពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសាកល្បងមួយថា តើអាស៊ានអាចបន្តបម្លែងកិច្ចសហប្រតិបត្តិការដែលសម្រេចបាន ទៅជាលទ្ធផលជាក់ស្តែងសម្រាប់សេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពក្នុងតំបន់បានកម្រិតណាផងដែរ។




អត្ថបទបន្ទាប់


មេដឹកនាំពិភពលោកបាននិងកំពុងនាំគ្នាធ្វើដំណើរមកកាន់អាស៊ី រួមទាំងកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំការទូតកំពូលជាបន្តបន្ទាប់

នៅសប្តាហ៍នេះ តំបន់អាស៊ីនឹងក្លាយជាចំណុចស្នូលនៃនយោបាយពិភពលោក ខណៈដែលមេដឹកនាំពិភពលោកជាច្រើន បាននិងកំពុងធ្វើដំណើរមកកាន់តំបន់នេះ រួមទាំ…

តើមហាយក្សចិន កំពុងពង្រីកឥទ្ធិពលយោធានៅអាស៊ីអាគ្នេយ៍ ឬយ៉ាងណា ខណៈកម្ពុជា និងឡាវ ក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់?

មហាយក្សចិន កំពុងបោះជំហានពង្រីកឥទ្ធិពលយោធានៅអាស៊ីអាគ្នេយ៍ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងថា មហិច្ឆតារបស់ក្រុងប៉េកាំង មិនត្រឹមតែស្ថិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ