តួយ៉ាង នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកានេះ ប្រទេសកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង “ហ្វ្រង់កូហ្វូនី” ដោយក្នុងនោះ មានប្រទេស និងដែនដីចំនួន ៨២ បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ព្រមទាំងមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលខេត្ត និងតំបន់ចំនួន ២៣ រូប បានចូលរួមដោយផ្ទាល់ផងដែរ។ ក្នុងនោះ ប្រធានាធិបតី បារាំង លោក ម៉ានូអែល ម៉ាក្រុង ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ក្រៅពីនេះ បើតាមព័ត៌មាន theguardian នៅប្រទេសចិនឯណោះវិញ ក៏ត្រូវធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំមេដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬ APECផងដែរ។ កិច្ចវប្រជុំនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃ ១៧-១៨ ខែវិច្ឆិកា នៅទីក្រុងសិនជិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យានៅភាគខាងត្បូងប្រទេសចិន។
វេទិកា APEC តំណាងឱ្យផលិតផលក្នុងស្រុកសរុប ឬ GDP ពិភពលោកជាង ៦០% ហើយជាចម្បងបានលើកកម្ពស់ពាណិជ្ជកម្មសេរី និងពហុភាគីនិយម ប៉ុន្តែទោះយ៉ាងណាក្ដី កិច្ចប្រជុំឆ្នាំនេះអាចនឹងត្រូវបានកំណត់លក្ខណៈពិសេស ដោយសារតែមានជំនួបត្រីភាគី រវាងលោក ដូណាល់ ត្រាំ, ប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
ក្រៅពីកិច្ចប្រជុំ APEC កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនក្នុងខែនេះ ក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់ពិភពលោកផងដែរ។ មេដឹកនាំពិភពលោក រួមទាំង លោក ដូណាល់ ត្រាំ ផង បានយល់ព្រមនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងរៀបចំឡើងនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២៦ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏នឹងត្រូវចូលរួមនៅថ្ងៃទី ១៧ ខែវិច្ឆិកាផងដែរ។
តាមការរំពឹងទុក ក្នុងអំឡុងពេលស្នាក់នៅទីក្រុងម៉ានីល មន្ត្រីអាម៉េរិកនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយជាមួយក្រុម ឃ្វែដ (Quad) ៤ប្រទេស ដែលរួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាម៉េរិក។
បញ្ហាសកលដ៏សំខាន់នៅក្នុងកិច្ចប្រជុំកំពូលទាំងអស់នេះ រួមមាន បញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ខ្សែច្រវាក់ផ្គត់ផ្គង់ និងអភិបាលកិច្ច ការកាត់បន្ថយពន្ធគយ និងការផ្លាស់ប្តូរទៅរកថាមពលបៃតង ខណៈដែលលោក ត្រាំ បានផ្តោតសំខាន់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ បញ្ហាសំខាន់ថ្នាក់តំបន់មួយទៀត គឺបញ្ហាសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំងបានសាងសង់មូលដ្ឋានយោធាធំៗនៅក្នុងដែនទឹកដែលមានជម្លោះ ព្រមទាំងបញ្ហាផ្សែងអ័ព្ទពុលដ៏ធំសម្បើមដោយសារតែភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុងគ្របដណ្តប់លើតំបន់នេះ។
វិបត្តិមនុស្សធម៌ និងសន្តិសុខនៅប្រទេសមីយ៉ាន់ម៉ា បានក្លាយជាបញ្ហារ៉ាំរ៉ៃ ដែលអូសបន្លាយយូរមកហើយ ដូចគ្នាទៅនឹងស្ថានភាពរបស់កោះតៃវ៉ាន់ ដែលចិនមិនទទួលស្គាល់ ក៏ជាចំណោទបញ្ហាមួយ ដែលពិបាកក្នុងការដោះស្រាយ។ ទីក្រុងតៃប៉ិ កំពុងបញ្ជូនស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Acer ឱ្យទៅចូលរួមក្នុងកិច្ចប្រជុំ APEC នៅប្រទេសចិន ក្នុងនាមជាតំណាងរបស់ខ្លួនផងដែរ។
ក្រៅពីនោះ បន្ទាប់ពីសប្តាហ៍នៃសកម្មភាពការទូតនៅអាស៊ីនេះហើយ ក៏នឹងមានកិច្ចប្រជុំកំពូល G20 នៅទីក្រុងម៉ៃអាមី រដ្ឋហ្វ្ល័ររីដា ក្នុងខែក្រោយ ខណៈដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំនេះ ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន នៅតែបន្តមានស្ថិរភាព៕