ថ្មីៗនេះ ប្រទេសចិន និងឡាវ បានបើកដំណើរការមជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលយោធារួមគ្នានៅជិតរដ្ឋធានីវៀងចន្ទន៍។ ដំណាក់កាលដំបូង មជ្ឈមណ្ឌលនេះនឹងត្រូវប្រើប្រាស់សម្រាប់បណ្តុះបណ្តាលអ្នកបើកយន្តហោះកងទ័ពអាកាសឡាវ។
បើតាម DW ប្រទេសចិនក៏បានជួយពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដោយប្រើប្រាស់ទីតាំងនេះសម្រាប់ការផ្គត់ផ្គង់សម្ភារៈ និងការបណ្តុះបណ្តាលយោធា។ អ្នកវិភាគយល់ថា ការវិវឌ្ឍទាំងនេះអាចជួយឱ្យចិនពង្រីកលទ្ធភាពចូលប្រើប្រាស់ទីតាំងយោធានៅតំបន់ដីគោកអាស៊ីអាគ្នេយ៍ និងបង្កើនសមត្ថភាពប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណា មិនទាន់មានភស្តុតាងច្បាស់លាស់ណាមួយបង្ហាញថា ចិនមានសិទ្ធិដាក់ពង្រាយកងកម្លាំងរបស់ខ្លួនដោយសេរីនៅមូលដ្ឋានទាំងនេះនៅឡើយទេ។ ចំណុចសំខាន់គឺថា តើចិនត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលជាម្ចាស់ផ្ទះរាល់ពេលប្រើប្រាស់ទីតាំងយោធា ឬក៏មានកិច្ចព្រមព្រៀងផ្តល់សិទ្ធិប្រើប្រាស់រយៈពេលវែង។
ខណៈកម្ពុជា និងឡាវមានទំនាក់ទំនងយោធាជិតស្និទ្ធជាមួយចិន វៀតណាម និងហ្វីលីពីនកំពុងតាមដានយ៉ាងប្រុងប្រយ័ត្ន ដោយសារប្រទេសទាំងពីរមានជម្លោះដែនទឹកជាមួយទីក្រុងប៉េកាំង។ ចំណែកប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតកំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងទាំងជាមួយចិន និងសហរដ្ឋអាម៉េរិក ដោយមិនចង់ជ្រើសរើសភាគីណាមួយឡើយ។
អ្នកវិភាគព្រមានថា ចិនកំពុងពង្រីកសមត្ថភាពប្រតិបត្តិការយោធាជាបន្តបន្ទាប់ ប៉ុន្តែការសន្និដ្ឋានថា ចិនកំពុងបង្កើតសម្ព័ន្ធភាពយោធាដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ គឺនៅមិនទាន់ដល់ពេលនៅឡើយទេ៕