ប្រាហ៊ីម របស់ម៉ាឡេស៊ី បានប្រកាសថា នេះជាគោលនយោបាយរក្សាតុល្យភាពរវាងអាទិភាពផ្នែកការទូត និងពាណិជ្ជកម្មរបស់ខ្លួនលើបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ ខណៈដែនកោះមួយនេះកំពុងមានភាពតានតឹងកាន់តែខ្លាំងជាមួយទីក្រុងប៉េកាំង។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ការរក្សាទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយតៃវ៉ាន់ ខណៈពេលដែលខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនតែមួយ» ដោយឥតងាករេ គឺជាគោលនយោបាយម៉ាឡេស៊ីដើម្បីរក្សាតុល្យភាពរវាងអាទិភាពផ្នែកការទូត និងពាណិជ្ជកម្មរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងរដ្ឋសភា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយបានអះអាងបន្ថែមទៀតថា តៃវ៉ាន់គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ម៉ាឡេស៊ី។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងវិនិយោគរបស់ម៉ាឡេស៊ី និងតៃវ៉ាន់ គឺល្អប្រសើរ ហើយម៉ាឡេស៊ីក៏ចង់រក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏វិជ្ជមានទាំងនេះបន្តទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីមិនអាចបំពានលើគោលនយោបាយ «ចិនតែមួយ» ដែលខ្លួនបានប្រកាសតាំងពីឆ្នាំ១៩៧៤ មកបានដាច់ខាត។
លោក អានវ៉ា បានលើកឡើងថា តៃវ៉ាន់បានកំពុងដាក់ទុននៅក្នុងគម្រោងវិនិយោគជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងគម្រោងមួយដែលមានទំហំវិនិយោគជិត ២៤៥ លានដុល្លារនៅក្នុងរដ្ឋ កេដាហ្វ ផងដែរ។ លោកបានបន្តថា មកដល់ពេលនេះ មានគម្រោងវិនិយោគថ្មីៗមួយចំនួនកំពុងតែសិក្សា និងដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី។
លោក អានវ៉ា គូសបញ្ជាក់ទៀតថា ម៉ាឡេស៊ីជឿជាក់ថា បញ្ហារវាងចិន និងតៃវ៉ាន់ គួរតែត្រូវបានដោះស្រាយដោយសន្តិវិធី និងការស្វែងរកដំណោះស្រាយប្រកបដោយភាពសុខដុមរមនា។ ចំណែកសំណួរថា តើម៉ាឡេស៊ីនឹងមានជំហរបែបណា ប្រសិនបើចិនសម្រេចចិត្តប្រើកម្លាំងយោធាចូលលុកលុយតៃវ៉ាន់នោះ លោកបានចាត់ទុកថា ជាបញ្ហាផ្ទៃក្នុងរបស់ចិន ដែលម៉ាឡេស៊ីមិនជ្រៀតជ្រែកឡើយ៕