លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា គិតចាប់ថ្ងៃទី១១ខែកក្កដាមានភ្ញៀវទេសចរចំនួន ៥០០នាក់បានជាប់គាំងត្រង់ចំណុចចុះពីភ្នំខ្នងផ្សាមកនៅត្រង់ចំណុចលំហែបៃតង ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងផ្លូវមានការជន់លិចដោយទឹកភ្លៀងពិបាកធ្វើដំណើរ។ លុះនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ទើបក្រុមសហគមន៍សហការជាមួយអាជ្ញាធរជំនាញបានជួយសង្គ្រោះភ្ញៀវទេសចរទាំងនោះ ឱ្យត្រឡប់មកទីទួលមានសុវត្ថិភាពទាំងអស់គ្នាវិញ។ មន្ត្រី មន្ទីរទេសចរណ៍រូបនេះក៏បានអំពាវនាវដល់ប្រជាជាពលរដ្ឋក្នុងរដូវខែមានភ្លៀងធ្លាក់នេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ព្រៃភ្នំ ជាពិសេសគួរមានទំនាក់ទំនងជាមួយសហគមន៍នៅតាមទិសដៅទេសចរណ៍នីមួយៗ ដោយសារប្រជាសហគមន៍មានបទពិសោធន៍ក៏ដូចជាជំនាញ ហើយជួយបានទាន់ពេលវេលានៅពេលកើតមានគ្រោះថ្នាក់ណាមួយកើតឡើង។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានលើកឡើងថា បានក្រើនរម្លឹកដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ មុននឹងទទួលការកក់ពីភ្ញៀវ ត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពអាកាសធាតុមិនប្រក្រតីឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការគិតពិចារណាដល់ភ្ញៀវទេសចរ ថាតើពួកគេនៅចង់មកកម្សាន្តទៀតឬអត់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវនៅពេលធ្វើដំណើរ។ លើសពីនេះអាជ្ញាធរបានដើរតួនាទីសំខាន់ណាស់ក្នុងការការពារសុវត្ថិភាពដល់ភ្ញៀវទេសចរគ្រប់រូប គ្រប់វណ្ណៈ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ឱ្យដឹងដែរថា នៅយប់ថ្ងៃទី១១ ដល់ព្រឹកថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ មានគ្រោះទឹកជំនន់ដោយសារមានភ្លៀងថ្នាក់ខ្លាំង ដែលបានធ្វើឱ្យជន់លេចតំបន់មួយចំនួននៅខេត្ត បាត់ដំបង កំពត និងខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា កម្រិតទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនេះ មិនបានធ្វើឱ្យមានមនុស្សរងគ្រោះធ្វើឱ្យបាត់បង់ជីវិតនោះទេ តែយ៉ាងណាក៏ធ្វើឱ្យមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនរងការខូតខាតផងដែរ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា