វិស័យធនាគារ

ធនាគារជាតិបានដកអាជ្ញាបណ្ណធនាគារចំនួន៣បន្ថែមទៀត ខណៈអ្នកជំនាញថា មិនបានធ្វើឱ្យប៉ះពាល់ប្រព័ន្ធធនាគារនោះទេ


ធនាគារជាតិនៃកម្ពុជាបានសម្រេចដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន៣ រួមមានធនាគារ ស៊ីស៊ីយូ ខមមើសលប៊ែង ធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច ក្រោយធនាគារទាំងនេះមិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច។ បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចំណែកទីផ្សាររបស់គ្រឹះស្ថានធនាគារទាំង៣បូកបញ្ចូលគ្នា គឺមានទំហំតូចត្រឹម០,៥%ប៉ុណ្ណោះ បើធៀបនឹងប្រព័ន្ធធនាគារទាំងមូល។
វិស័យធនាគារ
ដោយ

កត្តានេះជំរុញឱ្យមន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា និងក្រុមអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា វិធានការនេះមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ឬប្រតិបត្តិការក្នុងប្រព័ន្ធធនាគារនៅកម្ពុជានោះទេ។ ទន្ទឹមនឹងនេះក្រុមអ្នកជំនាញបានចាត់ទុកការដាក់ឱ្យជម្រះបញ្ជីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមិនមានអនុលោមភាព គឺជាប្រក្រតីភាព នៃការអនុវត្តការងាររបស់ធនាគារកណ្តាល ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក្នុងគោលដៅរក្សាស្ថិរភាព តម្លាភាព និងកេរ្តិ៍ឈ្មោះនៃប្រព័ន្ធធនាគារទាំងមូល។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយល់ឃើញថា ដំណើរការជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួនតូចបែបនេះមិនគួរចាត់ទុកជាការឆ្លុះបញ្ចាំងពីសុខភាពទូទៅ នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានោះទេ។ ប្រព័ន្ធហិរញ្ញវត្ថុដែលមានការគ្រប់គ្រងល្អ គឺតម្រូវឱ្យមានការត្រួតពិនិត្យជាបន្តបន្ទាប់ និងនៅពេលចាំបាច់ត្រូវមានវិធានការសម្រេចចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់របស់គ្រឹះស្ថាន និងរក្សាវិន័យទីផ្សារ។

បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានស្ថិរភាព និងភាពធន់ បើទោះបីជាមានបញ្ហាប្រឈមសេដ្ឋកិច្ច និងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មមួយចំនួន ជាពិសេសអចលនទ្រព្យ និងសំណង់យ៉ាងណាក្ដី។ ជារួមលោកបានវាយតម្លៃថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានៅតែមានស្ថិរភាពមានដើមទុនគ្រប់គ្រាន់ និងមានសមត្ថភាពគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បើទោះបីមានបញ្ហាប្រឈមនៅក្នុងផ្នែកខ្លះនៃទីផ្សារ តែវិស័យធនាគារនៅតែបន្តបង្ហាញពីភាពធន់ និងនៅតែប្តេជ្ញាចិត្តក្នុងការបម្រើអតិថិជនដោយមានការទទួលខុសត្រូវ ទន្ទឹមនឹងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា ការដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន៣បន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ និងបង្ហាញថា ប្រព័ន្ធធនាគារនៅកម្ពុជាជួបបញ្ហាប្រឈមនោះទេ។ យ៉ាងណាមិញលោកបណ្ឌិតយល់ថា ចំណាត់ការនៃការជម្រះបញ្ជីនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតប និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលបានផ្ញើប្រាក់ជាមួយធនាគារទាំងនោះ។

មិនខុសគ្នានោះទេលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ដោយសារទំហំប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង៣ ដែលត្រូវជម្រះបញ្ជីនេះ មានទំហំតូច​ ដូច្នេះវាពុំបានជះផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាឡើយ។​ ផ្ទុយទៅវិញអ្នកជំនាញរូបនេះយល់ថា ការចាត់វិធានការរបស់ធនាគារជាតិនៅពេលនេះ គឺបានបង្ហាញពីការបោសសម្អាត និងពង្រឹងសុខភាពទីផ្សារហិរញ្ញវត្ថុជាតិឱ្យកាន់តែមានភាពរឹងមាំ និងមានតម្លាភាពទៅវិញទេ។ លើសពីនេះចំណាត់ការនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសម្អាតកិត្តិនាមជាតិ និងលុបបំបាត់ធនាគារ ដែលជាប់ពាក់ព័ន្ធនឹងបញ្ជីខ្មៅចេញពីកម្ពុជាផងដែរ សំដៅបង្កើតបរិយាកាសវិនិយោគស្អាតស្អំ និងធានាការការរក្សាទំនាក់ទំនង និងទំនុកចិត្តជាមួយធនាគារអន្តរជាតិនានា ដើម្បីឱ្យការផ្ទេរប្រាក់ និងការធ្វើពាណិជ្ជកម្មអន្តរជាតិនៅតែអាចដំណើរការបានដោយរលូន។

គួរជម្រាបថា ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣ ខែសីហា បានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួន៣រួមមានធនាគារ ស៊ីស៊ីយូ ខមមើសលប៊ែង ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ និងធនាគារ ហេង ហ្វឹង និងធនាគារ អេចអេច ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី។ បើតាមធនាគារជាតិនៃកម្ពុជា អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំង៣នេះត្រូវរៀបចំឯកសារ ដើម្បីស្នើសុំដកប្រាក់បញ្ញើដែលនឹងត្រូវបានចាត់ចែងទូទាត់ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ដោយឡែកចំពោះអ្នកខ្ចីប្រាក់ពីធនាគារទាំងបីនេះវិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
បើយោងតាមតួលេខរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង៣បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ០,៥%ប៉ុណ្ណោះបើធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន០,៥% ប្រាក់បញ្ញើ០,៥% និងឥណទាន​០,៥%។ យ៉ាងណាមិញថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀត ក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺធនាគារ ព្រីនស៍ និងធនាគារឯកទេស ផេនដា។ តែទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា បូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង២ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ១%​ប៉ុណ្ណោះ នៃប្រព័ន្ធធនាគារទាំងមូល៕




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋដំឡើងពន្ធលើការនាំចូលគ្រឿងអេឡិចត្រូនិកមួយទឹក ដើម្បីកុំឱ្យកម្ពុជាក្លាយជាធុងសំរាមផ្ទុកផលិតផលទាំងនេះ

ក្រសួងបរិស្ថានស្នើឱ្យអាជ្ញាធររាជធានីខេត្តទាំងអស់អនុវត្តវិធានការច្បាប់លើការហាមឃាត់ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ