វិស័យធនាគារ

ធនាគារធំៗនៅវៀតណាម កំពុងរៀបចំផែនការកៀរគរទុនឱ្យបានជិត៧ពាន់លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបនឹងតម្រូវការឥណទាន


ស្របពេលសេដ្ឋកិច្ចវៀតណាម កំពុងមានសម្ទុះខ្លាំង ធនាគារនានានៅក្នុងប្រទេសនេះកំពុងប្រណាំងប្រជែងគ្នាកៀរគរដើមទុនក្នុងទំហំដ៏ច្រើន ដើម្បីត្រៀមទប់ទល់នឹងកំណើនឥណទាន។ ធនាគារនានារបស់វៀតណាម គ្រោងប្រមូលទុន​ឱ្យបានជិត៧ពាន់លានដុល្លារអាម៉េរិក តាមរយៈការលក់ភាគហ៊ុននៅត្រឹមចុងឆ្នាំ២០២៧ ដែលអាចក្លាយជាឱកាសដ៏ល្អសម្រាប់វិនិយោគិនបរទេសក្នុងការបង្កើនការចូលរួមនៅក្នុងវិស័យធនាគារ ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ប្រទេសនេះ។
វិស័យធនាគារ
ដោយ

សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៧ ខែតុលា ថា បណ្ដាធនាគារនានានៅវៀតណាម កំពុងរៀបចំផែនការលក់ភាគហ៊ុនទ្រង់ទ្រាយធំ ខណៈកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសនេះ កំពុងជំរុញតម្រូវការឥណទាន និងតម្រូវការដើមទុនកាន់តែច្រើន។ សេដ្ឋកិច្ចវៀតណាម សម្រេចបានកំណើនជិត១០% នៅត្រីមាសទី៣ឆ្នាំនេះ ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតមួយនៅអាស៊ី។ ទន្ទឹមនេះ ធនាគារនានា ក៏កំពុងប្រឈមនឹងសម្ពាធផងដែរក្នុងការបង្កើនដើមទុន ដើម្បីឆ្លើយតបនឹងតម្រូវការឥណទានដែលកំពុងកើនឡើង និងបំពេញតាមស្តង់ដាមូលធនអន្តរជាតិ កាន់តែតឹងរ៉ឹង។
តាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Reuters បង្ហាញថា ធនាគារវៀតណាម អាចនឹងកៀរគរដើមទុនបានជិត៧ពាន់លានដុល្លារអាម៉េរិក តាមរយៈការលក់ភាគហ៊ុនរហូតដល់ចុងឆ្នាំ២០២៧ ដែលអាចក្លាយជាយុទ្ធនាការកៀរគរដើមទុនដ៏ធំបំផុតមួយរបស់វិស័យធនាគារវៀតណាម។ ជាមួយគ្នានេះ វៀតណាម ក៏កំពុងបើកទ្វារកាន់តែធំស្វាគមន៍វិនិយោគិនបរទេស។ ធនាគារចំនួន៣ ត្រូវបានអនុញ្ញាតឱ្យបង្កើនការកាន់កាប់ភាគហ៊ុនដោយជនបរទេសរហូតដល់៤៩% ខណៈធនាគារមួយចំនួនទៀតនៅតែមានដែនកំណត់ទាបជាងនេះ។ ធនាគារធំៗដូចជាធនាគារ VPBank ធនាគារ Vietcombank ធនាគារ BIDV និងធនាគារ HDBank ជាដើមកំពុងត្រៀមលក់ភាគហ៊ុនក្នុងទំហំធំ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនជប៉ុន និងកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគព្រមានថា ដើមទុនថ្មីមួយផ្នែកធំអាចនឹងត្រូវបានបញ្ចូលទៅក្នុងការផ្តល់ប្រាក់កម្ចីយ៉ាងឆាប់រហ័ស។ នេះមានន័យថា ធនាគារនានារបស់វៀតណាម អាចនៅតែត្រូវការកៀរគរដើមទុនបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ សម្រាប់វិនិយោគិនបរទេស កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់វៀតណាមកំពុងបង្កើតឱកាសថ្មីៗ ប៉ុន្តែវិស័យធនាគាររបស់ប្រទេសនេះនៅតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ព្រមានបារាំង និងអាល្លឺម៉ង់ កុំឱ្យប្រើវិធានការពាណិជ្ជកម្មបែបការពារនិយម ដែលធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែឡើងកម្តៅ

កម្ដៅ នៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន ជាមួយបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធសឹងជាបងធំរបស់សហភាពអឺរ៉ុប កំពុងកើនឡើងយ៉ាងខ្លាំង។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ