ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញ និងអ្នកតាមដានសង្គមស្នើឱ្យរាជរដ្ឋាភិបាលសិក្សាលទ្ធភាព និងពិចារណាបញ្ចុះតម្លៃសេវាលើការធ្វើលិខិតឆ្លងដែននេះ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ក៏ដូចជាបើកចំហសម្រាប់ការទៅបន្តការសិក្សា ធ្វើការងារ និងពាណិជ្ជកម្មឆ្លងដែន។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា តម្លៃលិខិតឆ្លងដែនរបស់កម្ពុជាបច្ចុប្បន្នថ្លៃជាងប្រទេសវៀតណាមរហូតដល់ប្រមាណ១០ដង ហើយបើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ខ្ពស់ដូចជា សិង្ហបុរី ក៏កម្ពុជាមានតម្លៃថ្លៃជាងប្រមាណ២ដងផងដែរ។បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ មូលហេតុដែលធ្វើឱ្យតម្លៃលិខិតឆ្លងដែនកម្ពុជានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់អាចបណ្តាលមកពីកត្តាថ្លៃដើមបច្ចេកវិទ្យាខ្ពស់ ការបោះពុម្ភក្នុងបរិមាណតិច និងជាប្រភពចំណូលរបស់រដ្ឋតាមរយៈក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាលោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រសេដ្ឋកិច្ចតំបន់ កម្ពុជាគួរបន្ទាបតម្លៃលិខិតឆ្លងដែន ដើម្បីបើកផ្លូវឱ្យធនធានមនុស្សដូចជាសិស្ស-និស្សិតមានឱកាសចេញទៅក្រសោបយកចំណេះដឹងនៅក្រៅប្រទេស ជំរុញកម្លាំងពលកម្មផ្លូវការ និងបើកផ្លូវឱ្យពាណិជ្ជករតូចតាចអាចធ្វើពាណិជ្ជកម្មឆ្លងដែនបានកាន់តែរហ័ស។
ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមសង្កេតឃើញថា តម្លៃធ្វើលិខិតឆ្លងដែននៅកម្ពុជាពិតជាមានតម្លៃខ្ពស់ជាងគេពិតប្រាកដមែន បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន ហើយតម្លៃអាចខ្ពស់ជាងនេះបន្ថែមទៀតក្នុងករណីពលរដ្ឋចង់ធ្វើបន្ទាន់។ លោកបណ្ឌិតយល់ឃើញថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចជួបការប្រឈម ការរក្សាតម្លៃលិខិតឆ្លងដែនថ្លៃពេកអាចជំរុញឱ្យពលរដ្ឋក្រីក្រមួយចំនួនសម្រេចចិត្តប្រថុយប្រថានឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេស ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពផ្ទាល់ខ្លួន។
យោងតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ការផ្ដល់សេវាសាធារណៈសម្រាប់ធ្វើលិខិតឆ្លងដែនមានសេវា៣ប្រភេទសម្រាប់សេវាធម្មតាដែលចំណាយពេល១៥ថ្ងៃមានតម្លៃ១០០ដុល្លារសម្រាប់សេវាឆាប់រហ័សកម្រិតមធ្យមមានរយៈពេល៧ថ្ងៃមានតម្លៃ១៥០ដុល្លារសម្រាប់សាវាឆាប់រហ័សប្រើពេល១ថ្ងៃមានតម្លៃ២០០ដុល្លារ៕
អត្ថបទ៖ ជា ម៉ារ៉ា