នៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជានាថ្ងៃទី២៦ ខែសីហា ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាប្រឈមចម្បងក្នុងរបស់វិស័យដឹកជញ្ជូននាំចេញ-នាំចូលរបស់កម្ពុជា គឺថ្លៃដើមខ្ពស់ និងភាពស្មុគស្មាញ នៃនីតិវិធីឯកសារ ដែលត្រូវឆ្លងកាត់ភាគីពាក់ព័ន្ធច្រើន និងប្រើប្រាស់ពេលវេលាយូរ។ សម្រាប់អ្នកជំនាញរូបនេះ មានតែការកែទម្រង់ទៅប្រើប្រាស់ឌីជីថលប៉ុណ្ណោះ ដែលជាដំណោះស្រាយស្នូលនៃបញ្ហានេះ ពោលគឺវានឹងអនុញ្ញាតឱ្យការរត់ឯកសារនានាត្រូវបានតភ្ជាប់គ្រប់ស្ថាប័នពាក់ព័ន្ធលើប្រព័ន្ធរួមតែមួយ និងដំណើរការដោយស្វ័យប្រវត្តិ ដែលនឹងធ្វើឱ្យការធ្វើប្រតិបត្តិការដឹកជញ្ជូននាំចេញ-នាំចូលនៅកម្ពុជាមានភាពប្រកួតប្រជែង កាត់បន្ថយថ្លៃដើម លឿនរហ័ស និងចំណេញពេលវេលា ស្របតាមបរិបទនៃការអភិវឌ្ឍក្នុងតំបន់។
ស្រដៀងគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចាត់ទុកការកាត់បន្ថយការរត់ឯកសារដោយផ្ទាល់ដៃ ដោយងាកទៅប្រើប្រាស់ប្រព័ន្ធឌីជីថល គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីលុបបំបាត់ការចំណាយក្រៅផ្លូវការ និងជួយពន្លឿនពេលវេលាប្រតិបត្តិការរបស់វិស័យដឹកជញ្ជូន។ បន្ថែមលើនេះ អ្នកជំនាញរូបនេះបានវាយតម្លៃថា ការប្រើប្រាស់រថយន្តអគ្គិសនីក្នុងប្រតិបត្តិការដឹកជញ្ជូន ក៏ជាកត្តាសំខាន់ដើម្បីជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនបានមួយកម្រិត បើធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ទី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស បានគូសបញ្ជាក់ថា មានសូចនាករគន្លឹះមួយចំនួន ដែលវិស័យដឹកជញ្ជូននៅកម្ពុជា ត្រូវលើយកមកដោះស្រាយ ដើម្បីបង្កើនប្រសិទ្ធប្រកួតប្រជែងបន្ថែម ដោយក្នុងនោះរួមមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ពេលវេលា តម្លៃដើមដឹកជញ្ជូន ការសម្រួលការនាំចេញកសិផល ការប្រើប្រាស់បច្ចេកវិទ្យាតាមដានទំនិញ និងការគ្រប់គ្រងកាលវិភាគដឹកជញ្ជូនជាដើម។ តែយ៉ាងណាក្នុងចំណោមសូចនាករទាំងនេះ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាពេលវេលា គឺជាកត្តាស្នូល និងជាអាទិភាពធំបំផុតដែលកម្ពុជាត្រូវតែកែទម្រង់ជាបន្ទាន់ ដើម្បីកាត់បន្ថយការចំណាយ និងទាក់ទាញការវិនិយោគ។
គួរជម្រាបថា បញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូន គឺមានភាពប្រទាក់ក្រឡាគ្នាជាច្រើន ដែលទាមទារឱ្យមានយកចិត្តទុកដាក់ខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធទាំងភាគីរដ្ឋ និងភាគីឯកជន ដើម្បីសហការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ សំដៅស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់ពាណិជ្ជកម្មសកល៕