នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន CNA ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំតំបន់អាស៊ាន លោក ខេវិន គីម បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងរឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់ស្នូលនៃគោលនយោបាយការបរទេសអាម៉េរិក បើទោះបីជាបច្ចុប្បន្នមានការព្រួយបារម្ភមួយចំនួនជុំវិញគោលនយោបាយពន្ធគយថ្មីៗក៏ដោយ។
ឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា លោកទទួលបានទិសដៅច្បាស់លាស់ណាស់ពីថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលអាម៉េរិក ដោយថ្នាក់ដឹកនាំបានកំណត់យ៉ាងច្បាស់ថា អាស៊ីអាគ្នេយ៍នៅតែជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ លោកបានបន្តថា ចំណុចស្នូលនៃយុទ្ធសាស្ត្រអាម៉េរិក គឺការផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងតំបន់ ខណៈគោលនយោបាយពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺផ្តោតលើការបង្កើតលក្ខខណ្ឌប្រកួតប្រជែងស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកប៉ុណ្ណោះ។
ការចេញមុខបកស្រាយបែបនេះ បានធ្វើឡើងចំពេលដែលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ជុំវិញទិសដៅពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបង្កជាសញ្ញាសួរលើទំនុកចិត្ត និងផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ខេវិន គីម បានពន្យល់ថា ការកែសម្រួលគោលនយោបាយពន្ធគយ គឺជាចលករដើរតួក្នុងការបង្កើតតុល្យភាពពាណិជ្ជកម្មឡើងវិញ និងជាការធានាថា ទំនិញដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិក ត្រូវតែជៀសផុតពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។
បើតាមការបញ្ជាក់របស់លោក ខេវិន គីម ទំហំវិនិយោគរបស់អាម៉េរិក នៅអាស៊ីអាគ្នេយ៍ មានទំហំរហូតដល់ទៅជាង៥០០ពាន់លានដុល្លារ ដែលជាតួលេខមួយច្រើនជាងទំហំវិនិយោគរបស់អាម៉េរិក នៅប្រទេសចិន ហុងកុង ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន បញ្ចូលគ្នាទៅទៀត។ បច្ចុប្បន្នមានក្រុមហ៊ុនអាម៉េរិក ជាង៦,០០០ កំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន ដែលការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតការងាររាប់លានកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករជួយប្រទេសក្នុងតំបន់ធ្វើពិពិធកម្ម និងពង្រឹងភាពរឹងមាំ នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ៕
ដោយៈ សរ សុជាតិ