ទោះបីជាការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅតែរក្សាបានកំណើនខ្ពស់ក៏ពិតមែន តែពលរដ្ឋក្នុងស្រុកមួយចំនួនមានការរអ៊ូរទាំពីការពិបាករកស៊ី និងធ្លាក់ចុះចំណូលជាដើម។លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១០ខែមកនេះ គឺជាសញ្ញាវិជ្ជមាន និងបានបង្ហាញពីភាពធន់ នៃសកម្មភាពសេដ្ឋកិច្ច សមត្ថភាពផលិតកម្ម និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងលើពិភពលោក។
ការកើនឡើងនេះ ក៏បានបង្ហាញពីការពង្រីក និងឱកាសទីផ្សារ ព្រមទាំងទំនុកចិត្តរបស់ដៃគូរពាណិជ្ជកម្មអន្តរជាតិ ចំពោះសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ឃើញថា ស្ថិតក្នុងស្ថានភាពនេះ ភាគីពាក់ព័ន្ធគួរពិចារណាក្នុងការលើកកម្ពស់គុណភាព នៃកំណើន តាមរយៈការបង្កើនការនាំចេញផលិតក្នុងស្រុក និងការកែច្នៃវត្ថុធាតុដើមជាដើម ដើម្បីបង្កើតតម្លៃបន្ថែមទៀត។ បន្ថែមពីនេះ ភាគីពាក់ព័ន្ធ ក៏គួរបន្តជំរុញការអភិវឌ្ឍជំនាញពលកម្ម និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីឱ្យធុរកិច្ច និងពលរដ្ឋអាចទទួលបានផលប្រយោជន៍កាន់តែច្រើន។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា កំណើនដោះដូរពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងរយៈពេល១០ខែកន្លងមកនេះ ជាសញ្ញាវិជ្ជមានមួយដែលនឹងក្លាយជាចលករក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កំណើនទំហំពាណិជ្ជកម្មនេះបានផ្ដល់ផលដល់វិនិយោគិន ខណៈពលរដ្ឋពុំសូវទទួលបានផលពីការកើនឡើងពាណិជ្ជកម្មភា្លមៗនោះទេ ហើយការធ្លាក់ចុះ នៃការផ្ញើប្រាក់ពីក្រៅប្រទេស និងការកើនឡើងអតិផរណាបានធ្វើឱ្យអំណាចទិញមានការថយចុះ ដែលកំពុងជះផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។
ដោយឡែក លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល១០ខែ ឆ្នាំនេះថា បានបង្ហាញពីភាពភាពរឹងមាំ និងមានការរីកចម្រើនខ្លាំងតាមរយៈឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានា។
សម្រាប់អ្នកជំនាញរូបនេះ ស្ថានភាពនេះបានបង្ហាញឱ្យឃើញពីការរក្សាបាននូវភាពទាក់ទាញ និងជាទីតាំងផលិតកម្ម ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏មានសក្ដានុពលក្នុងតំបន់របស់កម្ពុជា បើទោះបីជាមានការប្រឈមបញ្ហាជាសកលក៏ដោយ។ បើតាមលោកបណ្ឌិត ឈឹម ផាន់ណា ការកើនឡើងទំហំពាណិជ្ជកម្មអន្តរជាតិ នាពេលនេះ បានផ្ដល់ប្រាក់ចំណូល និងប្រាក់ចំណេញភាគច្រើនទៅលើម្ចាស់អាជីវកម្មធំៗជាងការហូរចូលដោយផ្ទាល់ទៅក្នុងហោប៉ៅរបស់ពលរដ្ឋមូលដ្ឋាន ខណៈការធ្លាក់ចុះអំណាចទិញ និងបញ្ហាបំណុល ព្រមទាំងការឡើងថ្លៃទំនិញជាដើមបានក្លាយជាសម្ពាធសេដ្ឋកិច្ចសម្រាប់ពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៦៣ពាន់លានដុល្លារ កើនឡើងជិត១១ពាន់លានដុល្លារ ឬជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ជិត៣០ពាន់លានដុល្លារ កើនឡើងជាង២០% ខណៈការនាំចូលមកវិញមានទំហំជាង៣៣ពាន់លានដុល្លារកើនឡើងជាង២១%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា