នៅមួយទសវត្សរ៍កន្លងមកនេះ ចិន បានសម្រុកពង្រីកសមត្ថភាពផលិតកម្ម ដោយមានការគាំទ្រពីរដ្ឋាភិបាល និងបានផ្លាស់ប្តូរពីការផលិតទំនិញទូទៅ ទៅជាការផលិតផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់។ វិស័យរថយន្ត គឺជាឧទាហរណ៍ជាក់ស្ដែងមួយ ដោយតម្លៃនៃការនាំចេញរថយន្តរបស់ចិន បានកើនឡើង១,៨៧១% ចាប់តាំងពីឆ្នាំ២០១៥។ រថយន្តចិន ដែលមានតម្លៃទាបកំពុងទាក់ទាញអ្នកទិញ និងបង្កើនសម្ពាធលើក្រុមហ៊ុនផលិតរថយន្តនៅអាម៉េរិក និងអឺរ៉ុប។
ចិន ក៏កំពុងក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវគ្រឿងបរិក្ខារសម្រាប់ប្រព័ន្ធ AI រួមមាន បន្ទះឈីប គ្រឿងបន្លាស់ម៉ាស៊ីនមេ ឬ Server ត្រង់ស្វូរ និងខ្សែកាប។ នៅឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញបន្ទះឈីបរបស់ចិនបានកើនឡើងជិតទ្វេដងឈានដល់ជាង១៧៧ពាន់លានដុល្លារ ខណៈការនាំចេញកុំព្យូទ័រ និងម៉ាស៊ីនមេ ឬ Server កើនឡើងជាង៤១%។
ជាមួយគ្នានេះ ការនាំចេញមនុស្សយន្តឧស្សាហកម្មរបស់ចិន បានកើនឡើងជាង ៣០០% ចាប់តាំងពីឆ្នាំ២០១៥ ខណៈឧស្សាហកម្មគីមីចិន ក៏បានពង្រីកខ្លួនផងដែរក្រោយទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល ដែលធ្វើឱ្យបណ្ដាក្រុមហ៊ុនលោកខាងលិច ប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ ប៉ុន្តែការផលិតលើសតម្រូវការខ្លាំងពេកបានជំរុញឱ្យបណ្ដាក្រុមហ៊ុនចិន ស្វះស្វែងរកទីផ្សារនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីបញ្ចេញទំនិញ។
ជាការឆ្លើយតប សហរដ្ឋអាម៉េរិក និងអឺរ៉ុប កំពុងប្រើប្រាស់របាំងពាណិជ្ជកម្ម និងបើកការស៊ើបអង្កេតលើករណីលក់បង្ខូចតម្លៃ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក។ ការកើនឡើងនៃផលិតកម្មចិន ផ្តល់ជម្រើសដែលមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់ ប៉ុន្តែទន្ទឹមនេះ វាក៏កំពុងធ្វើឱ្យការប្រកួតប្រជែងរបស់ពិភពលោកកាន់តែស្វិតស្វាញ ជាពិសេសលើទីផ្សារ សមត្ថភាពផលិតកម្ម និងការងារ៕