លោកស្រី ហោ សុគន្ធា ម្ចាស់សហគ្រាសគន្ធាអង្ករធម្មជាតិ ដែលជាអ្នកផលិត និងចែកចាយកសិផលខ្មែរបានគូសបញ្ជាក់ថា ការបិទព្រំដែនគោកកម្ពុជា-ថៃ និងចលនាពហិការទំនិញថៃ ពិតជាបានផ្តល់ឱកាសមាសដល់សហគ្រាសក្នុងស្រុកអាចពង្រីកផលិតកម្មខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក។ តែយ៉ាងណាក្នុងពេលជាមួយគ្នានេះ ម្ចាស់សហគ្រាសរូបនេះបានអះអាងថា កង្វះខាតដើមទុនលើការនាំចូលវត្ថុធាតុដើម និងសម្ភារវេចខ្ចប់ គឺជាបញ្ហាប្រឈមចម្បងមួយរបស់សហគ្រាសខ្នាតតូចក្នុងការប្រកួតប្រជែងលើថ្លៃដើមផលិតកម្ម។ តាមរយៈបញ្ហានេះ លោកស្រី បានលើកទឹកចិត្តដល់អ្នកមានធនធានក្នុងស្រុកគួរងាកមកវិនិយោគលើការផលិតវត្ថុធាតុដើម និងសម្ភារវេចខ្ចប់ក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់អ្នកផលិតតូចៗ ព្រមទាំងផ្តល់ឱកាសឱ្យពលរដ្ឋអាចទទួលបានផលិតផលក្នុងស្រុកដែលមានគុណភាពល្អ តម្លៃសមរម្យ និងអាចប្រកួតប្រជែងនៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងធម្យមកម្ពុជា បានទទួលស្គាល់ថា ថ្លៃដើមផលិតកម្មខ្ពស់ គឺពិតជាបញ្ហាប្រឈមដ៏សំខាន់មួយរបស់អ្នកផលិតក្នុងស្រុក ក្នុងការប្រកួតប្រជែងទំនិញនៅលើទីផ្សារប្រាកដមែន។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ សមាគមកំពុងរៀបចំគណៈកម្មការថ្មីមួយ ដើម្បីជួយនាំចូលវត្ថុធាតុដើមក្នុងតម្លៃសមរម្យតាមរយៈការទិញក្នុងបរិមាណច្រើន និងទទួលបានតម្លៃពិសេស ព្រមទាំងពង្រីកផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មរបស់អ្នកផលិតក្នុងស្រុក។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ លោកឧកញ៉ា បានប្តេជ្ញាជួយសម្របសម្រួលជាមួយធនាគារ និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ដើម្បីបង្កើនលទ្ធភាពទទួលបានដើមទុនក្នុងការពង្រីកអាជីវកម្មរបស់វិនិយោគិន។
បើតាមការអះអាងរបស់ឧកញ៉ា តែ តាំងប៉ ការផលិតផលិតផលក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយមកទល់ពេលនេះឈានដល់ជាង៣០% នៃចំណែកទីផ្សារសរុប។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ លើកទឹកចិត្តដល់អ្នកផលិតឱ្យបង្កើន និងរក្សាស្តង់ដាគុណភាពផលិតផល និងការវេចខ្ចប់ ជាពិសេសផលិតផលិតផលណាដែលកំពុងខ្វះខាត និងមិនទាន់អាចបំពេញបានពេញលេញនៅលើទីផ្សារ និងជៀសវាងផលិតផលិតផលដែលមានច្រើនហើយនៅលើទីផ្សារ។
គួរជម្រាបថា ដើម្បីចូលរួមគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងធម្យមកម្ពុជា នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរលើកទី៤ ក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឋិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕