តម្លៃរូបិយប័ណ្ណ

តម្លៃរូបិយប័ណ្ណគ្រីបតូធំៗ រួមទាំង Bitcoin ដាំក្បាលចុះខ្លាំង ក្រោយ Binance ជួបបញ្ហាសន្តិសុខ ខណៈទ្រព្យសកម្មឌីជីថលជាង ២,៥ ពាន់លានដុល្លារត្រូវបានបង្កក


តម្លៃរូបិយប័ណ្ណគ្រីបតូធំៗរួមទាំង Bitcoin ផង បានដាំក្បាលចុះនៅថ្ងៃសុក្រ ទី៣០ ខែតុលា បន្ទាប់ពីក្រុមហ៊ុន Binance ដែលជាវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូធំជាងគេមួយនៅលើពិភពលោក បានរាយការណ៍ពីបញ្ហាសន្តិសុខ ដែលគេសង្ស័យថាអាចបង្កឡើងពីការវាយប្រហារតាមបណ្ដាញអ៊ីនធើណែត។ ហេតុការណ៍នេះបានជំរុញឱ្យក្រុមហ៊ុនគ្រីបតូជាច្រើនចាត់វិធានការបង្កកទ្រព្យសកម្មឌីជីថលរបស់ខ្លួន ដែលអាចជាប់ពាក់ព័ន្ធនឹងករណីនេះ ក្នុងទំហំទឹកប្រាក់សរុបជាង ២,៥ ពាន់លានដុល្លារអាម៉េរិក។
តម្លៃរូបិយប័ណ្ណ
ដោយ

ហេតុការណ៍នេះបានធ្វើឱ្យ តម្លៃ Bitcoin បានធ្លាក់ចុះមកនៅត្រឹម ៧៧ ៦៤៦ ដុល្លារក្នុងមួយកាក់ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៦ សប្តាហ៍។ ចំណែក Ether បានធ្លាក់ចុះមកនៅជាង ២ ២៣៨ ដុល្លារក្នុងមួយកាក់ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ ខែ។ រីឯ BNB ដែលជាកាក់ឌីជីថលរបស់ Binance បានធ្លាក់ថ្លៃជាង ៨% ក្នុងរយៈពេល ២៤ ម៉ោង មកនៅត្រឹម ៦៩៤ ដុល្លារក្នុងមួយកាក់។
យោងតាមរបាយការណ៍របស់ Reuters និង CNBC ក្រុមហ៊ុន Binance បានឱ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតបញ្ហានេះ និងធានាថា ទ្រព្យសកម្មរបស់អ្នកប្រើប្រាស់នៅមានសុវត្ថិភាព។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការថា តើប្រព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ ឬយ៉ាងណានោះទេ។
ការគំរាមកំហែងដោយបញ្ហាសន្ដិសុខអ៊ីនធើណែតនេះ បានធ្វើឱ្យក្រុមហ៊ុនរូបិយបណ្ណឌីជីថលជាច្រើន បានសម្រេចបង្កកទ្រព្យសកម្មឌីជីថលរបស់ខ្លួន រួមមាន ក្រុមហ៊ុន Tether ដែលជាអ្នកចេញផ្សាយកាក់ Stablecoin USDT បានបង្កកទ្រព្យសកម្មមានតម្លៃជិត ១,៦ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Circle ដែលជាអ្នកចេញផ្សាយកាក់ USDC បានបង្កកទ្រព្យសកម្មមានតម្លៃជាង ៨០០ លានដុល្លារ។ ក្រុមហ៊ុន Ripple ក៏បានចូលរួមបង្កកទ្រព្យសកម្មប្រមាណ ២០០ លានដុល្លារផងដែរ។
ការបង្កកនេះមានគោលបំណងរារាំងការផ្ទេរ ឬការប្រើប្រាស់ទ្រព្យសកម្មដែលអាចមានទំនាក់ទំនងនឹងហេតុការណ៍នេះ ខណៈក្រុមហ៊ុនពាក់ព័ន្ធកំពុងសហការជាមួយអាជ្ញាធរ និងអ្នកជំនាញតាមដានប្រតិបត្តិការលើបណ្តាញ Blockchain ដើម្បីស្វែងរកប្រភព និងទិសដៅនៃមូលនិធិទាំងនោះ។ Binance បានបញ្ជាក់ថា ចំនួនទ្រព្យសកម្មដែលត្រូវបានបង្កកអាចកើនឡើងបន្ថែមទៀត។
លោក Changpeng Zhao សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Binance បានលើកឡើងថា ហេតុការណ៍នេះមើលទៅដូចជាការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រ។ ចំណែកលោកស្រី Yi He សហស្ថាបនិក Binance បានបញ្ជាក់ថា ក្រុមហ៊ុននឹងទទួលខុសត្រូវលើការខាតបង់ដែលបណ្តាលមកពីការលួចចូលប្រព័ន្ធ ប្រសិនបើការវាយប្រហារត្រូវបានបញ្ជាក់។
ហេតុការណ៍នេះបានបង្ហាញជាថ្មីពីហានិភ័យសន្តិសុខក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ និងឥទ្ធិពលនៃព័ត៌មានអវិជ្ជមានលើទំនុកចិត្តរបស់វិនិយោគិន។ ទោះបីជាក្រុមហ៊ុនពាក់ព័ន្ធបានបង្កកទ្រព្យសកម្មមួយចំនួន និង Binance អះអាងថា ទ្រព្យសកម្មរបស់អតិថិជនមានសុវត្ថិភាពក៏ដោយ ក៏មូលហេតុពិតប្រាកដ និងទំហំខូចខាតសរុបនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយដែរ។




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក និងជប៉ុន ពួតដៃគ្នាផលិតមីស៊ីល ដើម្បីទប់ទល់នឹងការកើនឥទ្ធិពលយោធារបស់ចិន

ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពល និងសកម្មភាពយោធាយ៉ាងគំហុករបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាម៉េរិក និងជប៉ុន បានសម្រេចកិច្ចព្រ…

ឥណ្ឌូនេស៊ីចោទសិង្ហបុរីថា បានយកឧស្ម័នដែលនាំចូលពីប្រទេសខ្លួន ទៅលក់បន្ដ ខណៈជម្លោះថាមពល​កំពុង​ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរង្គោះរង្គើ

ភាពរកាំរកូសរវាងឥណ្ឌូនេស៊ី និងសិង្ហបុរីកំពុងទាក់ទាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមន្ត្រី​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​បានចោទប្រកាន់ថា សិង្ហបុរី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ