ជម្លោះថាមពល

ឥណ្ឌូនេស៊ីចោទសិង្ហបុរីថា បានយកឧស្ម័នដែលនាំចូលពីប្រទេសខ្លួន ទៅលក់បន្ដ ខណៈជម្លោះថាមពល​កំពុង​ធ្វើឱ្យទំនាក់ទំនងទ្វេភាគីរង្គោះរង្គើ


ភាពរកាំរកូសរវាងឥណ្ឌូនេស៊ី និងសិង្ហបុរីកំពុងទាក់ទាញការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមន្ត្រី​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​បានចោទប្រកាន់ថា សិង្ហបុរីថា បានយកឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលពី​ឥណ្ឌូនេស៊ី​ទៅជួញដូរ និងនាំចេញបន្តទៅប្រទេសផ្សេងទៀត។ ការចោទប្រកាន់នេះកើតឡើងចំពេល​ប្រទេសទាំងពីរ​ថ្មីៗនេះ កំពុង​មានភាពខ្វែងគំនិតគ្នាជុំវិញការផ្គត់ផ្គង់ឧស្ម័ន និងបញ្ហាផ្សែងអ័ព្ទឆ្លងដែន ដែលបង្កឡើង​ដោយភ្លើងឆេះព្រៃ និងដីនៅឥណ្ឌូនេស៊ី។
ទំនាក់ទំនងទ្វេភាគី
ដោយ

តាមប្រភពព័ត៌មាន The Straits Ttimes លោក បាហ៊ីល ឡាហាដាលីយ៉ា (Bahlil Lahadalia) រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកវិស័យថាមពល និងការផ្លាស់ប្តូរថាមពលរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃទី២៩ ខែតុលា ថា លោកជឿថា ឧស្ម័ន LNG មួយចំនួនក្នុងចំណោមការដឹកជញ្ជូនចំនួន ១៤៨ លើក ដែលឥណ្ឌូនេស៊ីបានផ្គត់ផ្គង់ទៅសិង្ហបុរី អាចត្រូវបានយកទៅជួញដូរ និងនាំចេញបន្តទៅប្រទេសដទៃ ជាជាងប្រើប្រាស់សម្រាប់តម្រូវការក្នុងស្រុករបស់សិង្ហបុរី។
ទោះជាយ៉ាងណា លោកមិនបានបង្ហាញភស្តុតាងគាំទ្រការចោទប្រកាន់នេះ ឬបញ្ជាក់ពីរយៈពេលដែលការដឹកជញ្ជូនទាំងនោះបានកើតឡើងនោះទេ។ ការជួញដូរ និងនាំចេញ LNG បន្តទៅប្រទេសផ្សេងមិនមែនជាទង្វើខុសច្បាប់ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់ដែលពាក់ព័ន្ធ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ី ចាប់ផ្តើមកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិតាមបំពង់បង្ហូរឧស្ម័នទៅសិង្ហបុរី ចាប់ពីថ្ងៃទី២៤ ខែតុលា ដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកកើនឡើង ជាពិសេសសម្រាប់ការផលិតអគ្គិសនីនៅតំបន់បាតាម ប៊ីនតាន និងកោះស៊ូម៉ាត្រា។
ជុំវិញបញ្ហានេះ លោក បាហ៊ីល បានអះអាងថា ឥណ្ឌូនេស៊ីមិនបានរំលោភកិច្ចសន្យាផ្គត់ផ្គង់នោះទេ ព្រោះបរិមាណឧស្ម័នដែលនៅតែផ្គត់ផ្គង់ គឺស្ថិតក្នុងកម្រិតអប្បបរមាដែលកិច្ចព្រមព្រៀងតម្រូវឱ្យអនុវត្ត។ លោកក៏បានបញ្ជាក់ថា ឥណ្ឌូនេស៊ីមិនមានគម្រោងកាត់បន្ថយការនាំចេញ LNG ទៅសិង្ហបុរីបន្ថែមទៀតភ្លាមៗនោះទេ ប៉ុន្តែរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់តម្រូវការថាមពលក្នុងស្រុក។
ភាពតានតឹងរវាងឥណ្ឌូនេស៊ី និងសិង្ហបុរី បានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡូរ៉ង់ វ៉ុង (Lawrence Wong) បានលើកឡើងកាលពីថ្ងៃទី២៥ ខែតុលា ថា ភាគីទាំងអស់គួរតែគោរពតាមកាតព្វកិច្ចក្នុងកិច្ចសន្យាពាណិជ្ជកម្ម។ ការលើកឡើងនេះបានធ្វើឱ្យលោក បាហ៊ីល ឆ្លើយតបវិញថា ឥណ្ឌូនេស៊ីមិនគួរត្រូវបានបង្រៀនអំពីការគោរពកិច្ចសន្យានោះទេ ដោយលោកអះអាងថា ប្រទេសរបស់លោកបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ។
សិង្ហបុរីគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ២០១៤ មក ដោយទំហំវិនិយោគបានឈានដល់ជាង ១៧ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទោះបីជាបច្ចុប្បន្នកំពុងមានភាពតានតឹងលើបញ្ហាថាមពល និងបរិស្ថានក៏ដោយ។
ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) ទៅកាន់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការរក្សាទំនាក់ទំនងល្អ និងដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយស្មោះត្រង់។ ប្រទេសទាំងពីរក៏បានព្រមព្រៀងបង្កើតក្រុមការងាររួម ដើម្បីពង្រឹងការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់ប្រឆាំងនឹងភ្លើងឆេះព្រៃ និងដីដែលបង្កផ្សែងអ័ព្ទឆ្លងដែន។




អត្ថបទបន្ទាប់


តម្លៃរូបិយប័ណ្ណគ្រីបតូធំៗ រួមទាំង Bitcoin ដាំក្បាលចុះខ្លាំង ក្រោយ Binance ជួបបញ្ហាសន្តិសុខ ខណៈទ្រព្យសកម្មឌីជីថលជាង ២,៥ ពាន់លានដុល្លារត្រូវបានបង្កក

តម្លៃរូបិយប័ណ្ណគ្រីបតូធំៗរួមទាំង Bitcoin ផង បានដាំក្បាលចុះនៅថ្ងៃសុក្រ ទី៣០ ខែតុលា បន្ទាប់ពីក្រុមហ៊ុន Binance ដែលជាវេទិកាជួញដូររូបិយប…

អាកាសយានដ្ឋានហុងកុង ក្លាយជាអាកាសយានដ្ឋានដំបូងគេ ប្រើប្រាស់ប្រព័ន្ធបញ្ជាក់អត្តសញ្ញាណ ដោយស្កេនមុខមនុស្ស ជំនួសការត្រួតពិនិត្យលិខិតឆ្លងដែន

អាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលត្រូវបានជ្រើសរើសជា​អាកាសយានដ្ឋានល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់ឆ្នាំ២០២៦ បានក្លាយជាអាកាសយានដ្ឋានដំបូងគេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ