វិស័យ​បច្ចេកវិទ្យា

​​ចិន បិទផ្លូវមិនឱ្យបុគ្គល ដែលធ្វើការផ្នែកបច្ចេកវិទ្យា និងសន្តិសុខជាតិ ចាកចេញទៅក្រៅប្រទេស


រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹងបំផុតចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ។ ក្រោមបទបញ្ជាថ្មីនេះ បុគ្គលទាំងឡាយណា ដែលត្រូវបានចាត់ទុកថា អាចបង្កហានិភ័យ ឬគំរាមកំហែងដល់សន្តិសុខបច្ចេកវិទ្យាជាតិនឹងត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យចាកចេញពីប្រទេសចិនឡើយ។
វិស័យ​បច្ចេកវិទ្យា
ដោយ

សារព័ត៌មាន Straits Times បានរាយការណ៍នៅថ្ងៃទី១៥ ខែកញ្ញា ថា ទោះបីជាពលរដ្ឋចិន ទូទៅមានសេរីភាពក្នុងការធ្វើដំណើរច្រើនជាងសម័យសង្គ្រាមត្រជាក់ក៏ដោយ ប៉ុន្តែអាជ្ញាធរក្រុងប៉េកាំង នៅតែបន្តដាក់ភ្នែកតាមដាន និងរឹតត្បិតយ៉ាងតឹងរ៉ឹងលើការធ្វើដំណើររបស់បុគ្គលទាំងឡាយណា ដែលរដ្ឋអំណាចសង្ស័យថា អាចប៉ះពាល់ដល់សន្តិសុខជាតិ។ វិធានការថ្មីដែលត្រូវបានប្រកាសដាក់ឱ្យប្រើកាលពីខែកក្កដា កន្លងទៅនេះ គឺបាញ់តម្រង់ទិសទៅលើសកម្មភាពទាំងឡាយណា ដែលល្មើសនឹងការត្រួតពិនិត្យការនាំចេញ ឬបំពានច្បាប់គ្រប់គ្រងការនាំចូល-នាំចេញបច្ចេកវិទ្យា ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខឧស្សាហកម្ម ឬបច្ចេកវិទ្យាកំពូលរបស់ជាតិ។ បន្ថែមលើនេះបទបញ្ជាថ្មីនេះ ក៏បានដាក់ទោសបិទផ្លូវមិនឱ្យចាកចេញពីប្រទេសពី៦ខែទៅ ៣ឆ្នាំចំពោះពលរដ្ឋចិនណា ដែលវិលត្រឡប់មកពីបរទេសវិញ បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ឬសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខជាតិនៅខាងក្រៅប្រទេស។

ការរឹតបន្តឹងលើការធ្វើដំណើរផ្ទាល់ខ្លួននេះ ធ្លាប់តែត្រូវបានអនុវត្តយ៉ាងស្ងាត់ស្ងៀមលើមន្ត្រីរាជការជាន់ខ្ពស់ និងថ្នាក់ដឹកនាំសហគ្រាសរដ្ឋ ដែលកាន់កាប់ព័ត៌មានសម្ងាត់។ ប៉ុន្តែតាមការរាយការណ៍របស់ Reuters ចាប់តាំងពីឆ្នាំ២០២៣ មក ចិន បានបើកយុទ្ធនាការកាត់ផ្តាច់ឥទ្ធិពលបរទេសយ៉ាងស្រួចស្រាល់ ដែលធ្វើឱ្យមន្ត្រី និងបុគ្គលិកពាក់ព័ន្ធរដ្ឋទាំងអស់ប្រឈមនឹងការត្រួតពិនិត្យមើលទំនាក់ទំនងអន្តរជាតិ យ៉ាងល្អិតល្អន់។ ជាមួយគ្នានេះ រដ្ឋាភិបាលបរទេសជាច្រើន ក៏បានរាយការណ៍ដែរថា ពលរដ្ឋរបស់ពួកគេត្រូវបានអាជ្ញាធរចិន បដិសេធមិនឱ្យចាកចេញពីចិន ក្រោមលេសកំពុងស្ថិតក្រោមការស៊ើបអង្កេតសន្តិសុខជាតិ។
ការរឹតបន្តឹងនេះ បានធ្វើឱ្យកោះតៃវ៉ាន់ ចេញមុខព្រមានប្រជាជនរបស់ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន ដ្បិតទីក្រុងប៉េកាំង តែងតែចាត់ទុកប្រជាជនតៃវ៉ាន់ ជាពលរដ្ឋរបស់ខ្លួន។ កាលពីថ្ងៃទី១៤ ខែកញ្ញា អនុប្រធានក្រុមប្រឹក្សាកិច្ចការដីគោកកោះតៃវ៉ាន់ បានសម្តែងក្តីបារម្ភថា ច្បាប់គ្រប់គ្រងការនាំចូល-នាំចេញបច្ចេកវិទ្យាថ្មីនេះនឹងត្រូវចិន ប្រើប្រាស់ជាអាវុធការទូត ដើម្បីចាប់បង្ខាំង ឬកំហិតសេរីភាពធ្វើដំណើររបស់ពលរដ្ឋតៃវ៉ាន់ ជាពិសេសអ្នកជំនាញ និងវិស្វករដែលកំពុងធ្វើការក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិន។ តែយ៉ាងណារដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការព្រួយបារម្ភនេះទាំងស្រុង ដោយអះអាងការពារខ្លួនថា វិធានការថ្មីនេះធ្វើឡើងក្នុងចេតនាផ្តល់ការការពារខាងផ្លូវច្បាប់កាន់តែល្អប្រសើរ សម្រាប់ប្រជាជនតៃវ៉ាន់ ទៅវិញទេ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ដែលបានរើផលិតកម្មចេញពីប្រទេស ដើម្បីគេចពីពន្ធគយអាម៉េរិក ឥឡូវកំពុងវិលត្រឡប់មកវិញហើយ! តើមកពីកត្តាអ្វី?

ក្រុមហ៊ុនចិន មួយចំនួន ដែលបានរើផលិតកម្មចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌា ដើម្បីគេចពីពន្ធគយខ្ពស់របស់អាម៉េរិក​ ពេលនេះកំពុងវិលត្…

​​ចិន បិទផ្លូវមិនឱ្យបុគ្គល ដែលធ្វើការផ្នែកបច្ចេកវិទ្យា និងសន្តិសុខជាតិ ចាកចេញទៅក្រៅប្រទេស

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹងបំផុតចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ។ ក្រោមប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ