សន្តិសុខស្បៀង

ពិភពលោកអាចនឹងជួបវិបត្តិស្បៀងអាហារ ខណៈអង្គការស្បៀងអាហារ និងកសិកម្មដង្ហោយរកជំនួយ ក្រោយអាម៉េរិក ដកខ្លួន


លោក ហ្វីល ហូហ្គេន (Phil Hogan) អតីតស្នងការសហភាពអឺរ៉ុប និងជាបេក្ខជនឈរឈ្មោះនាំមុខគេសម្រាប់តំណែងប្រធានទីភ្នាក់ងារស្បៀងអាហារសកល បានថ្លែងការណ៍អំពាវនាវយ៉ាងទទូចឱ្យបណ្តាប្រទេសទាំងអស់រួមដៃគ្នាប៉ះប៉ូវកង្វះខាតថវិកាជំនួយនៅអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ ខណៈដែលរដ្ឋាភិបាលអាម៉េរិក កំពុងដកខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
សន្តិសុខស្បៀង
ដោយ

ចាប់តាំងពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានកាត់បន្ថយជំនួយមនុស្សធម៌ និងរំសាយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលជាឆ្អឹងខ្នងជំនួយដ៏ធំបំផុតនៅលើពិភពលោកមក លោក ហ្វីល ហូហ្គេន បានគូសបញ្ជាក់នៅឯប្រទេសសិង្ហបុរីថា ការដកខ្លួនរបស់សហរដ្ឋអាម៉េរិកបានបង្កើតបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសសមាជិកទាំងអស់របស់អង្គការស្បៀងអាហារពិភពលោក ដាច់ខាតត្រូវតែចូលខ្លួនមកបំពេញចន្លោះប្រហោងនេះជាបន្ទាន់ ដើម្បីធានាថា បញ្ហាកសិកម្ម ជំងឺសត្វ និងសុវត្ថិភាពចំណីអាហារសកលមិនត្រូវដួលរលំ។
បើតាមការបញ្ជាក់របស់លោក ហ្វីល សង្គ្រាមរ៉ាំរ៉ៃនៅអ៊ុយក្រែន បានបង្កការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ការជួញដូរស្រូវសាលីតាមច្រកសមុទ្រខ្មៅ ដែលបានវាយប្រហារសេដ្ឋកិច្ចសកល និងបំផ្លាញសន្តិសុខស្បៀងនៅតាមបណ្តាប្រទេសងាយរងគ្រោះ។ បន្ថែមលើនេះ បាតុភូតអាកាសធាតុ អែលនីញ៉ូ ដ៏អាក្រក់ កំពុងគំរាមកំហែងដល់ប្រព័ន្ធផលិតកម្មស្បៀង ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិតានតឹងនៅច្រកសមុទ្រ Hormuz បានធ្វើឱ្យលំហូរជីកសិកម្ម និងថាមពលត្រូវជាប់គាំងស្ទើរតែទាំងស្រុង រហូតបង្កើតជាក្តីបារម្ភអំពីគ្រោះមហន្តរាយកសិផលពិភពលោក។
អង្គការស្បៀងអាហារ និងកសិកម្ម បានសង្កត់ធ្ងន់ថា ប្រទេសក្រីក្រនឹងក្លាយជាជនរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់នឹងរុញច្រានឱ្យទិន្នផលធ្លាក់ចុះ អត្រាអតិផរណាហក់ឡើងខ្ពស់ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងភាពទន់ខ្សោយ។
ទិន្នន័យពីអង្គការសុខភាពពិភពលោក និងកម្មវិធីស្បៀងអាហារពិភពលោក បានបង្ហាញតួលេខដ៏រន្ធត់ថា ប្រជាជនលើសពី១ភាគ៤ នៃពិភពលោក បានប្រឈមនឹងភាពអត់ឃ្លានរួចជាស្រេចក្នុងឆ្នាំ២០២៥។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ នេះ មនុស្សរហូតដល់ជាង២៦៦លាននាក់កំពុងធ្លាក់ចូលក្នុងវិបត្តិអត់ឃ្លានកម្រិតធ្ងន់ធ្ងរ។
ជុំវិញសបញ្ហានេះ លោក គ្រីស នីវតុន (Chris Newton) អ្នកវិភាគសន្តិសុខស្បៀងនៃអង្គការ International Crisis Group បានវាយតម្លៃថា ការរួមផ្សំគ្នារវាងវិបត្តិអាកាសធាតុ ជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិប្រេងឥន្ធនៈ អត្រាការប្រាក់ខ្ពស់ និងការកាត់បន្ថយជំនួយពីប្រទេសម្ចាស់ជំនួយធំៗបានរុញច្រានឱ្យពិភពលោកធ្លាក់ចូលក្នុងស្ថានភាពទន់ខ្សោយបំផុតក្នុងការទប់ទល់ និងឆ្លើយតបនឹងវិបត្តិកសិកម្ម និងស្បៀងអាហារនាពេលនេះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


សង្គ្រាមនៅមជ្ឈិមបូព៌ា បានទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលពី៣,៦% មកនៅត្រឹម២,៦%

ការរីករាលដាលនៃជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ដែលជាផលវិបាកកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបន្តវា…

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បង្កឱ្យឡាវ ខ្វះសាច់ជ្រូកធ្ងន់ធ្ងរ និងរុញឱ្យសាច់គោហក់ឡើងថ្លៃ១ដុល្លារក្នុង១គីឡូក្រាម

ការផ្ទុះរីករាលដាលយ៉ាងគំហុក នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសឡាវ កំពុងធ្វើឱ្យប្រទេសជិតខាងកម្ពុជា មួយនេះ ធ្លាក់ចូលក្នុងវិបត្តិទីផ្សារស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ