ច្រកសមុទ្រហ័រម៉ូស

អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រម៉ូសជាថ្មី ខណៈអនុប្រធានាធិបតីអាម៉េរិកហោះទៅស្វីសយ៉ាងតក់ក្រហល់ ដើម្បីចរចា


ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាបានហក់ឡើងដល់ចំណុចប្រកាសអាសន្នជាថ្មីម្តងទៀត បន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រម៉ូស ដែលជាដង្ហើមសេដ្ឋកិច្ច និងជាច្រកផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក កាលពីថ្ងៃទី២០ ខែមិថុនា។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់នាវាដឹកជញ្ជូនទាំងអស់ឱ្យស្ថិតនៅឱ្យឆ្ងាយពីតំបន់ទឹកដីជម្លោះមួយនេះ។
ច្រកសមុទ្រហ័រម៉ូស
ដោយ

តែយ៉ាងណាសហរដ្ឋអាម៉េរិកបានចេញមុខបដិសេធភ្លាមៗចំពោះការអះអាងរបស់អ៊ីរ៉ង់ ដោយបញ្ជាក់ថា ផ្លូវទឹកអន្តរជាតិមួយនេះនៅតែបើកដំណើរការជាធម្មតា និងស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងពីកងទ័ពជើងទឹកអាមេរិក។

សារព័ត៌មាន CNBC បានរាយការណ៍ថា អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ជេឌី វ៉េន (JD Vance) បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនហោះឆ្ពោះទៅកាន់ប្រទេសស្វីសទាំងប្រញាប់ប្រញាល់ ដើម្បីចូលរួមក្នុងកិច្ចចរចាដ៏សំខាន់មួយនៅថ្ងៃទី២១ ខែមិថុនា នេះ ក្នុងគោលបំណងបន្ធូរកម្តៅនយោបាយជាមួយអ៊ីរ៉ង់។ កិច្ចពិភាក្សាដ៏តានតឹងនេះធ្វើឡើងក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងកាតា ខណៈដែលក្រសួងការបរទេសស្វីសបានប្រកាសនៅលើបណ្តាញសង្គម X ថា គណៈប្រតិភូជាន់ខ្ពស់របស់អ៊ីរ៉ង់ បានធ្វើដំណើរមកដល់ទឹកដីស្វីសរួចរាល់ហើយ។ រលកកម្តៅរវាងមហាអំណាចទាំងពីរបានហក់ឡើងខ្ពស់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបញ្ចប់រាល់អរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ទីបញ្ជាការកងទ័ពចម្រុះរបស់អ៊ីរ៉ង់បានអះអាងថា ការសម្រេចចិត្តបិទច្រកសមុទ្រហ័រម៉ូសជាថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលនៅតែបន្តវាយប្រហារយ៉ាងព្រហើននៅក្នុងប្រទេសលីបង់។ សកម្មភាពនេះ ត្រូវបានអ៊ីរ៉ង់ទម្លាក់កំហុស និងចំអកឱ្យសហរដ្ឋអាម៉េរិកថា គ្មានភាពស្មោះត្រង់ក្នុងការរក្សាសន្តិភាព និងតែងតែរំលោភលើក្របខណ្ឌបទឈប់បាញ់ជាបន្តបន្ទាប់។ ភ្លាមៗនោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក៏បានផ្សាយព្រមានខ្លាំងៗថា កងទ័ពរបស់ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបើកការវាយបកសងសឹក ប្រសិនបើការវាយប្រហារលើលីបង់នៅតែបន្តកើតមាន។

ផ្ទុយទៅវិញ យោធាអាម៉េរិកបានចេញមុខច្រានចោលទាំងស្រុងដោយអះអាងថា ច្រកសមុទ្រហ័រម៉ូស មិនមានការបិទខ្ទប់ដូចការឃោសនារបស់អ៊ីរ៉ង់នោះឡើយ។ លោក ធីម ហកគីន (Tim Hawkins) អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាម៉េរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ីរ៉ង់មិនមែនជាអ្នកគ្រប់គ្រងច្រកសមុទ្រ Hormuz ផ្តាច់មុខនោះឡើយ។ បច្ចុប្បន្នចរាចរណ៍របស់នាវាដឹកជញ្ជូនទាំងឡាយនៅតែធ្វើឡើងជាធម្មតា ហើយកងកម្លាំងអាម៉េរិកកំពុងគ្រប់គ្រង ព្រមទាំងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាពពេញលេញនៅលើផ្លូវទឹកមួយនេះ។

ជាមួយគ្នានេះ បញ្ហានេះ ក៏បានធ្វើឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចេញមុខមកបង្ហោះសារព្រមានយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម Truth Social ថា ច្រកសមុទ្រនេះនៅតែបើកចំហរដដែល។ លោក ត្រាំ បានព្រមានជាឱសានវាទថា ប្រសិនបើភាគីទាំងពីរមិនអាចជំរុញឱ្យកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះក្លាយទៅជាកិច្ចព្រមព្រៀងស្ថាពរក្នុងរយៈពេល៦០ថ្ងៃខាងមុខនេះបានទេនោះ អាម៉េរិកនឹងចាប់ផ្តើមបោះជំហានប្រមូលថ្លៃសេវាឆ្លងកាត់ពីនាវាទាំងអស់ ដើម្បីយកមកបង្កើនកិច្ចការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់ផ្លូវទឹកដ៏មានឥទ្ធិពលមួយនេះវិញ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមរឹតបន្តឹងការចូលប្រឡូកក្នុងទីផ្សារគ្រីបតូរបស់ពលរដ្ឋ ក្រោយបារម្ភពីហានិភ័យ

វៀតណាមកំពុងស្ថិតនៅក្នុងដំណើរការសាកល្បងប្រតិបត្តិការទីផ្សារគ្រីបតូ ឬរូបិយប័ណ្ណឌីជីថលនៅក្នុងស្រុក ប៉ុន្តែក្រោយការសាកល្បងមួយរយៈមកនេះ អាជ្ញាធរ…

មេដឹកនាំរុស្ស៊ី និងកម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាពប្រវត្តិសាស្ត្រ និងជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

នៅក្រៅកិច្ចប្រជុំជាន់ខ្ពស់រវាងអាស៊ាន និងរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាទ្វារភាគីយ៉ាងស្និទ្ធស្នាលជាមួយសម្តេចធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ