អស់រយៈពេលជាង៣ខែមកហើយដែលវិបត្តិនៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យអតិផរណាកើនឡើង រូបិយប័ណ្ណនៅអាស៊ី ធ្លាក់ថ្លៃ និងបង្កការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់។ មូលហេតុសំខាន់ គឺដោយសារអាស៊ី ពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នធម្មជាតិ ដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដោយជាង៨០% នៃថាមពលដែលឆ្លងកាត់ច្រកសមុទ្រនេះមានគោលដៅមកកាន់ទីផ្សារអាស៊ី។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ នឹងនាំទៅដល់ការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ និងអនុញ្ញាតឱ្យការដឹកជញ្ជូនប្រេង និងឧស្ម័នត្រឡប់មករកភាពប្រក្រតីឡើងវិញ។ ដំណឹងដ៏គួរឱ្យអបអរសាទរនេះបានជំរុញទំនុកចិត្តទីផ្សារ ដោយធ្វើឱ្យភាគហ៊ុននៅជប៉ុន និងកូរ៉េខាងត្បូង ហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។
ទោះជាយ៉ាងណាក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ មិនអាចលុបបំបាត់ផលប៉ះពាល់ដែលបានកើតឡើងភ្លាមៗនោះឡើយ។ ប្រទេសជាច្រើនរួមមាន ប៉ាគីស្ថាន វៀតណាម និងហ្វីលីពីន បានប្រឈមនឹងកង្វះថាមពល ការកើនឡើងថ្លៃប្រេង និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់រួចទៅហើយ។ សម្រាប់អ្នកជំនាញ សម្ពាធអតិផរណាអាចនៅតែបន្តក្នុងរយៈពេលប៉ុន្មានខែខាងមុខ ខណៈកង្វះផលិតផលសំខាន់ៗដូចជា ជីកសិកម្ម និងវត្ថុធាតុដើមគីមីឥន្ធនៈ នឹងបន្តប៉ះពាល់ដល់វិស័យកសិកម្ម និងឧស្សាហកម្មនៅទូទាំងតំបន់។
ទោះបីការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក៏ដោយ ក៏ក្រុមអ្នកជំនាញជឿថា អាស៊ីនៅតែត្រូវការពេលវេលាច្រើនខែទៀត ដើម្បីជម្នះផលប៉ះពាល់ដែលបានបន្សល់ទុកដោយវិបត្តិនេះ ហើយស្នាមរបួសសេដ្ឋកិច្ចអាចបន្តអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ២០២៦ ទម្រាំជាសះស្បើយ ឬធូរស្រាលខ្លាំង៕
ដោយ៖ តែម សុខុម