ជាមួយគ្នានេះ ភាគីអ៊ីរ៉ង់ ក៏បានបង្ហាញពីសមិទ្ធផលធំធេងតាមរយៈការទទួលបានការដោះលែងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កកកន្លងមកផងដែរ។
សារព័ត៌មាន CNBC បានរាយការណ៍ថា បើទោះបីជាកិច្ចចរចានៅប្រទេសស្វីសកំពុងបន្តដំណើរការទៅមុខក្តី តែអនុប្រធានាធិបតីអាម៉េរិកលោក ជេឌី វេន (JD Vance) បានទម្លាយឱ្យដឹងពីលទ្ធផលផ្លែផ្កាដំបូង ដោយក្នុងនោះទីក្រុងតេអេរ៉ង់បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យក្រុមអធិការកិច្ច នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) វិលត្រឡប់ចូលទៅបំពេញការងារស៊ើបអង្កេតនៅក្នុងប្រទេសអ៊ីរ៉ង់ឡើងវិញ។ លោក វេន បានសង្កត់ធ្ងន់ថា នេះគឺជាជំហានដំបូងដ៏មានសារៈសំខាន់មួយក្នុងការឈានឆ្ពោះទៅរកការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែ របស់អ៊ីរ៉ង់ជាអចិន្ត្រៃយ៍។ លើសពីនេះ ភាគីទាំងពីរបានបង្កើតយន្តការរួមមួយ ដើម្បីបញ្ចៀសការផ្ទុះឡើង នៃជម្លោះទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយសហរដ្ឋអាម៉េរិកចង់ឃើញបទឈប់បាញ់ និងការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមហេសបូឡា ទៅលើអ៊ីស្រាអែល។
ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាកជី (Abbas Araghchi) ក៏បានបញ្ជាក់ពីការសម្រេចបានកិច្ចព្រមព្រៀងដំណាក់កាលដំបូងដ៏សំខាន់ជាមួយអាម៉េរិកផងដែរ។ លោក បានអះអាងថា អ៊ីរ៉ង់នឹងទទួលបានការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កកក្នុងជំហានដំបូងចំនួន១២ពាន់លានដុល្លារ រួមទាំងការលើកលែងទណ្ឌកម្មលើវិស័យប្រេង ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់អាចលក់ប្រេង និងផលិតផលគីមីឥន្ធនៈរបស់ខ្លួនបានរហូតដល់ថ្ងៃទី១ ខែសីហា ខាងមុខ។
ទោះជាយ៉ាងណាភាពចម្រូងចម្រាសខ្លះៗបានកើតឡើងជុំវិញលក្ខខណ្ឌ នៃការប្រើប្រាស់ថវិកានេះ ដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា មូលនិធិដែលដោះលែងនោះត្រូវយកទៅទិញផលិតផលកសិកម្មរបស់អាម៉េរិក។ ប៉ុន្តែភ្លាមៗ ធនាគារកណ្តាលអ៊ីរ៉ង់ បានចេញមុខបដិសេធដោយអះអាងថា ខ្លួនមិនមានកាតព្វកិច្ចណាមួយត្រូវធ្វើតាមការលើកឡើងរបស់លោក ត្រាំ ឡើយ។
ជាមួយគ្នានេះប្រធានក្រុមអ្នកចរចាអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ បាហ្គឺ ហ្គាលីបាហ្វ (Mohammad Bagher Ghalibaf) បានបង្ហោះសារតាមប្រព័ន្ធ Telegram បង្ហាញពីសមិទ្ធផលធំៗជាច្រើនជុំវិញបញ្ហាច្រកសមុទ្រហ័រម៉ូស បញ្ហាប្រទេសលីបង់ និងការដោះលែងមូលនិធិ។ លោកបានសង្កត់ធ្ងន់ថា ច្រកសមុទ្រហ័រម៉ូស ដែលជាផ្លូវនាវាចរណ៍ដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក នឹងមិនវិលទៅរកស្ថានភាពដូចមុនពេលមានសង្គ្រាមនោះឡើយ ពោលគឺវានឹងត្រូវគ្រប់គ្រង និងត្រួតពិនិត្យដោយអ៊ីរ៉ង់ ស្របទៅតាមច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងបំផុត៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស