ច្រកសមុទ្រហ័រម៉ូស

អ៊ីរ៉ង់ និងអូម៉ង់ កំពុងចរចាគ្នារឿងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស ដោយមិនខ្វល់ពីការព្រមានរបស់អាម៉េរិក


ប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ដែលជារដ្ឋឈូងសមុទ្រ និងជាសម្ពន្ធមិត្តរបស់អាម៉េរិក កំពុងពិភាក្សាគ្នាលើបញ្ហាការយកថ្លៃសេវាដឹកជញ្ជូនលើនាវាដឹកជញ្ជូនទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ ការចរចានេះ បានធ្វើឡើងដោយមិនអើពើនឹងការព្រមានពីរដ្ឋបាល​លោក ដូណាល់ ត្រាំ ដែលប្រឆាំងដាច់ខាតចំពោះការទាមទារឱ្យបង់ប្រាក់ ដើម្បីឆ្លងកាត់ផ្លូវទឹកអន្តរជាតិ ដ៏សំខាន់បំផុតមួយនេះឡើយ។
ច្រកសមុទ្រហ័រម៉ូស
ដោយ

ទីភ្នាក់ងារព័ត៌មាន New York Times បានរាយការណ៍ថា គេនៅមិនទាន់ប្រាកដប្រជាឡើយថា ការពិភាក្សាគ្នា ដើម្បីយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសរវាងអ៊ីរ៉ង់ និងអូម៉ង់ នឹងអាចលេចចេញជាលទ្ធផលផ្លូវការឬយ៉ាងណា ដោយសារតែសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់បានបង្ហាញសញ្ញាណាមួយក្នុងការបញ្ចប់ជម្លោះដែលកំពុងបំផ្លាញសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរនៅឡើយ។ បើទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងសាជាថ្មីជាញឹកញាប់ក៏ដោយ ក៏នៅក្នុងន័យការទូត ភាគីទាំងពីរនៅតែមិនទាន់បង្ហាញឆន្ទៈច្បាស់លាស់ក្នុងការសម្របសម្រួលគ្នានៅឡើយទេ។
បន្ទាប់ពីរងការវាយប្រហារដោយកងកម្លាំងអាម៉េរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ កន្លងទៅ អ៊ីរ៉ង់ បានបិទចរាចរណ៍នាវាក្នុងច្រកសមុទ្រនេះស្ទើរតែទាំងស្រុង ដែលធ្វើឱ្យការដឹកជញ្ជូនអន្តរជាតិ ត្រូវជាប់គាំង និងរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់។ កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ ក្នុងអំឡុងពេលពិភាក្សាជាមួយប្រទេសអូម៉ង់ អាជ្ញាធរគ្រប់គ្រងច្រកសមុទ្រក្នុងឈូងសមុទ្រពែក្ស ដែលទើបបង្កើតថ្មីរបស់អ៊ីរ៉ង់ បានប្រកាសនៅលើបណ្តាញសង្គមថា ខ្លួនបានកំណត់ព្រំដែននៃតំបន់ត្រួតពិនិត្យរបស់ខ្លួនរួចរាល់ហើយ ហើយរាល់ការឆ្លងកាត់ច្រកសមុទ្រនោះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមួយនេះជាមុន។

គួរជម្រាបថា ឈូងសមុទ្រអូម៉ង់ មានទីតាំងស្ថិតនៅជាប់នឹងច្រកសមុទ្រហ័រម៉ូស ដែលនាវាទាំងអស់ដាច់ខាតត្រូវតែឆ្លងកាត់ជាមុន ទើបអាចចូលទៅដល់ច្រកសមុទ្រផ្នែកខាងកើតបាន។
យោងតាមមន្ត្រីអ៊ីរ៉ង់២រូបដែលដឹងច្បាស់ពីកិច្ចការនេះបានឱ្យដឹងថា កាលពីដំបូងឡើយ ប្រទេសអូម៉ង់ បានបដិសេធក្នុងការធ្វើជាសម្ពន្ធមិត្តជាមួយអ៊ីរ៉ង់ លើគម្រោងនេះ ប៉ុន្តែឥឡូវនេះ អូម៉ង់ បានងាកមកចរចារឿងការបែងចែកប្រាក់ចំណូលវិញ។ មន្ត្រីទាំងពីរបានបន្តថា អូម៉ង់បានប្រាប់ភាគីអ៊ីរ៉ង់ថា ខ្លួនរីករាយនឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយប្រទេសជិតខាងនៅក្នុងឈូងសមុទ្រពែក្ស រួមមាន បារ៉ែន គុយវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ព្រមទាំងសហរដ្ឋអាម៉េរិក ផងដែរ ដើម្បីជំរុញផែនការនេះ ដោយសារតែមើលឃើញពីផលប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាល ដែលអាចទទួលបានពីប្រព័ន្ធបង់ថ្លៃសេវានេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២១ ខែឧសភា0 លោក ដូណាល់ ត្រាំ បានច្រានចោលទាំងស្រុងចំពោះគម្រោងការបង់ថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសនេះ ដោយលោកបានបញ្ជាក់ថា លោកត្រូវការឱ្យនាវាទាំងអស់ឆ្លងកាត់ដោយសេរី និងមិនមានការបង់ប្រាក់ និងមិនចង់ឃើញមានការទារប្រាក់ថ្លៃសេវានោះទេ ព្រោះវាជាផ្លូវទឹកអន្តរជាតិ។
អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ បានកំណត់ច្បាស់ពីសិទ្ធិរបស់នាវាក្នុងការឆ្លងកាត់ច្រកសមុទ្រអន្តរជាតិ ដោយគ្មានការរារាំង ដរាបណាពួកគេគោរពតាមបទប្បញ្ញត្តិ សុវត្ថិភាព និងការគ្រប់គ្រងការបំពុលបរិស្ថានសមុទ្រ។ ប៉ុន្តែដោយសារតែអ៊ីរ៉ង់ មិនមែនជាភាគីហត្ថលេខីនៃអនុសញ្ញានេះ ទើបទីក្រុងតេអេរ៉ង់ អះអាងថា ខ្លួនមិនត្រូវបានចងភ្ជាប់ដោយច្បាប់អន្តរជាតិមួយនេះឡើយ ពោលគឺមានតែប្រទេសអូម៉ង់មួយប៉ុណ្ណោះដែលជាសមាជិកហត្ថលេខី៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមហ៊ុនអាកាសចរណ៍ចិន រងគ្រោះខ្លាំងជាងគេពីសង្គ្រាមនៅមជ្ឈិមបូព៌ា?

ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិន បានរងផលប៉ះពាល់ខ្លាំងជាងគេ បើធៀបនឹងបណ្តាប្រទេសដទៃទៀតចាប់តាំងពីសង្គ្រាមនៅមជ្ឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ