ច្រកសមុទ្រហ័រម៉ូស

អ៊ីរ៉ង់ ប្រកាសនឹងយកថ្លៃសេវាឆ្លងកាត់ច្រកហ័រម៉ូស ដោយផ្តល់ការអនុគ្រោះពិសេសសម្រាប់នាវាចិន និងប្រទេសជាមិត្ត ទោះបីអាម៉េរិក ជំទាស់យ៉ាងណាក្តី


ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិកក៏ដោយ ក៏ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសចិន នៅតែអះអាងថា អ៊ីរ៉ង់នឹងយកថ្លៃសេវាសម្រាប់រាល់នាវាទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រម៉ូស។ ទោះជាយ៉ាងណា ទីក្រុងតេអេរ៉ង់ បានបង្ហើបថា ខ្លួននឹងផ្តល់ការអនុគ្រោះពិសេសដល់នាវារបស់ចិន និងបណ្តាប្រទេសជាមិត្តផ្សេងទៀត។
ច្រកសមុទ្រហ័រម៉ូស
ដោយ

ទីភ្នាក់ងារព័ត៌មាន Al Jazeera បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសចិនថា នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស នឹងត្រូវតម្រូវឱ្យបង់ថ្លៃសេវាស្របតាមច្បាប់ថ្មីរបស់អ៊ីរ៉ង់។ ប៉ុន្តែសម្រាប់ប្រទេសចិន និងបណ្តាប្រទេសជាមិត្តនឹងទទួលបានការពិនិត្យ និងសម្រាលលក្ខខណ្ឌអនុគ្រោះជាពិសេស។ ការប្រកាសនេះវាហាក់ផ្ទុយពីកិច្ចព្រមព្រៀងបឋមដែលអ៊ីរ៉ង់ និងអាម៉េរិក បានចុះហត្ថលេខាកាលពីមិថុនា កន្លងទៅ ដែលបានចែងថា រាល់នាវាពាណិជ្ជកម្មទាំងអស់នឹងអាចធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះដោយមិនតម្រូវឱ្យបង់ថ្លៃសេវាអ្វីឡើយក្នុងរយៈពេល ៦០ថ្ងៃ។
នៅក្នុងវេទិកាសន្តិភាពពិភពលោកនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែកក្កដា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសចិន លោក អាប់ដូលរេហ្សា រ៉ាម៉ានី ហ្វាស្លី (Abdolreza Rahmani Fazli) បានអះអាងថា អ៊ីរ៉ង់ កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអូម៉ង់ ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅច្រកសមុទ្រហ័រម៉ូស ឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសជាម្ចាស់ដែនទឹកនៃច្រកសមុទ្រ ហ័រម៉ូស ខ្លួននឹងយកថ្លៃសេវាកម្មលើកប៉ាល់ដែលឆ្លងកាត់ច្រកនេះ។ ប៉ុន្តែកម្រៃនោះមិនមែនជាការបង់ពន្ធផ្លូវទឹក ឬពន្ធគយនោះទេ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពក្នុងការឆ្លងកាត់ និងដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយការធ្វើចរាចរណ៍ដ៏ណែនណាន់តាប់របស់នាវាទាំងនោះ។ ប៉ុន្តែលោកបានបញ្ជាក់ថា នឹងមានការលើកលែង និងសម្រួលថ្លៃសេវាសម្រាប់នាវារបស់ប្រទេសចិន ក៏ដូចជាប្រទេសជាមិត្តផ្សេងទៀត។
អ្នកជំនាញភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា លោក បឺណាដ អាវ (Bernard Aw) បានលើកឡើងថា ការបើកឱ្យដំណើរការឡើងវិញ នៃនាវាពាណិជ្ជកម្មតាមច្រកសមុទ្រ ហ័រម៉ូស បានជួយសម្រាលសម្ពាធលើទីផ្សារថាមពលសកលយ៉ាងច្រើន ដោយបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះមកនៅត្រឹមកម្រិតធម្មតាវិញ ដូចកាលពីមុនពេលកើតមានជម្លោះ។ ប៉ុន្តែលោកសង្កេតឃើញថា ការបើកផ្លូវទឹកដ៏សំខាន់មួយនេះនៅតែបន្សល់ទុកនូវសំណួរសំខាន់ៗជាច្រើន ដែលមិនទាន់មានចម្លើយ ជាពិសេសថាតើ ច្រកសមុទ្រ Hormuz នឹងត្រូវគ្រប់គ្រង និងចាត់ចែងបែបណា បន្ទាប់ពីរយៈពេល៦០ថ្ងៃត្រូវផុតកំណត់? ព្រោះបច្ចុប្បន្នមាននាវាប្រមាណ១,២០០គ្រឿងផ្ទុកទំនិញតម្លៃរហូតដល់ទៅ១២៥ពាន់លានដុល្លារកំពុងជាប់គាំងនៅឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ប្រជាប្រិយភាពរបស់លោក អានុទីន សំយុងក្បាលចុះ ខណៈបែកធ្លាយលោក ស៊ីហាសាក់ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបម្រុង

ស្ថានការណ៍នយោបាយប្រទេសថៃ កំពុងតែពុះកញ្ជ្រោលខណៈលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (NIDA) ដែលជាស្ថាប័នស្ទង់មតិដ៏មានឥទ្ធិពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ