អ្នកចិញ្ចឹមសត្វ

ក.ប.ប. បន្តស៊ើបអង្កេតការលួចនាំចូលសាច់បង្កក ខណៈអ្នកចិញ្ចឹមសត្វស្នើរឹតបន្តឹងត្រួតពិនិត្យតាមច្រកទ្វាព្រំដែន


ការរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលសាច់បង្កកខុសច្បាប់នៅតែជាបញ្ហាប្រឈមដ៏ក្តៅគគុកមួយ ខណៈអ្នកចិញ្ចឹមសត្វក្នុងស្រុកអះអាងថា ទីផ្សារសត្វរស់បច្ចុប្បន្នកំពុងមានសញ្ញាណល្អប្រសើរ និងអាចផ្តល់ឱកាសមាសដល់កសិករ។ ទោះជាយ៉ាងណា ការលួចនាំចូលសាច់បង្កកអត់ច្បាប់នៅតែបន្តកើតមាន​ដែលមិនត្រឹមតែបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារដល់ការប្រកួតប្រជែងរបស់អ្នកចិញ្ចឹមសត្វក្នុងស្រុកទៀតផង។
អ្នកចិញ្ចឹមសត្វ
ដោយ

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែនឱ្យបានតឹងរ៉ឹងបំផុត ខណៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បញ្ជាក់ជំហរថា នឹងបន្តស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់យ៉ាងដាច់ណាត់ចំពោះជនល្មើស។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សង្កេតឃើញថា បច្ចុប្បន្នសាច់បង្កកនៅតែមានឈ្មួញលួចនាំចូលមកចរាចរណ៍លក់នៅលើទីផ្សារក្នុងស្រុក ទោះបីជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក្ដី។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នការចិញ្ចឹមសត្វក្នុងស្រុករបស់ពលរដ្ឋកំពុងមានទីផ្សារល្អ ដោយជ្រូករស់អាចលក់បានក្នុងតម្លៃប្រមាណ១២,០០០រៀលក្នុង១គីឡូក្រាម ខណៈគោរស់អាចលក់បានក្នុងតម្លៃប្រមាណ១៣,០០០រៀលក្នុង១គីឡូក្រាម។ ស្របទីផ្សារជ្រូករស់មានទីផ្សារល្អ ប្រធានសមាគមរូបនេះ ស្នើឱ្យអាជ្ញាធរនៅតាមច្រកព្រំដែនជួយរឹតបន្តឹងការត្រួតពិនិត្យជៀសវាងការហូរចូលសាច់បង្កកដែលខូចគុណភាពចូលក្នុងទីផ្សារនាំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកបរិភោគ។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ពលរដ្ឋអ្នកចិញ្ចឹមសត្វឱ្យរក្សាអនាម័យខ្ពស់ក្នុងការចិញ្ចឹម ជាពិសេសត្រូវសិក្សាពីទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិនមុននឹងដំណើរការការចិញ្ចឹមសត្វ។
ទោះបីសាច់បង្កកនៅតែត្រូវបានឈ្មួញខិលខូចមួយចំនួនបន្តនាំចូលដោយលួចលាក់ក៏ដោយ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាបានអះអាងថា សាច់ជ្រូកនៅលើទីផ្សារនៅតែរក្សាបានតម្លៃល្អប្រសើរ ហើយស្ថានភាពវិជ្ជមាននេះ ត្រូវបានរំពឹងថានឹងនៅតែបន្តរក្សាបានស្ថិរភាពមួយរយៈទៀត។
ពាក់ព័ន្ធនឹងបញ្ហាសាច់បង្កកនេះដែរឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានឱ្យដឹងថា ចាប់តាំងពីការបើកយុទ្ធនាការក្តៅគគុកកន្លងមក សមត្ថកិច្ចចម្រុះបានចាប់ និងឃាត់ខ្លួនក្រុមអ្នកនាំចូល និងចែកចាយសាច់បង្កកខុសច្បាប់ជាបន្តបន្ទាប់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ខណៈសាច់បង្កកដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នភាគច្រើនជាការនាំចូលស្របច្បាប់ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ឯកឧត្តមបានបន្តថា ទោះបីជាមានការរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញរបស់ ក.ប.ប នៅតែបន្តបេសកកម្មស៊ើបអង្កេតស្វែងរកទីតាំងលួចលាក់ស្ដុក និងចែកចាយសាច់បង្កកខុសច្បាប់ដោយគ្មានការលើកលែងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ពលរដ្ឋអ្នកប្រើប្រាស់ប្រុងប្រយ័ត្នក្នុងការបញ្ជាទិញលើទីផ្សារ និងត្រូវរាយការណ៍មកមន្រ្តីជំនាញក្នុងករណីមានភាពមិនប្រក្រតី ដើម្បីចុះអន្តរាគមន៍ភ្លាមៗតែម្ដង។
គួរបញ្ជាក់ថា គ្រាន់តែសាខា ក.ប.ប. ខេត្តកណ្តាលមួយបានដុតកម្ទេចចោលទំនិញជាសាច់បង្កក និងប្រហិតខុសច្បាប់សរុបចំនួនជាង១៦តោននៅឆមាសទី១ឆ្នាំ២០២៦ ដោយទំនិញទាំងនេះបង្រ្កាបបាននៅតាមឃ្លាំងស្តុក និងទីតាំងចែកចាយក្នុងខេត្ត។ ជាមួយគ្នានេះ មន្ទីរពិសោធន៍របស់ ក.ប.ប. ទាំងថ្នាក់កណ្តាល ខ្នាតតូច និងចល័តបានវិភាគសំណាកទំនិញសរុប១,៥៤៣សំណាកដោយក្នុងនោះ១,៤៣៤សំណាកត្រូវបានរកឃើញថា មានសុវត្ថិភាព និង១០៩សំណាកមិនអនុលោមតាមបទដ្ឋាន ដោយក្នុងចំណោមសំណាកមិនអនុលោមទាំង១០៩នោះ ភាគច្រើនត្រូវបានរកឃើញនៅមន្ទីរពិសោធន៍ថ្នាក់កណ្តាល៕




អត្ថបទបន្ទាប់


អនុរដ្ឋមន្ត្រីសង្គ្រាមអាម៉េរិកប្តេជ្ញាពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែសីហា អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាម៉េរិកបានចាត់ទុកកម្ព…

តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញផលប្រយោជន៍ពីវិស័យរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព?

ការវិនិយោគលើវិស័យរុករក និងកែច្នៃរ៉ែនៅកម្ពុជា ហាក់មានពន្លឺទាក់ទាញយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ។ តួយ៉ាងគ្រាន់តែនៅខែកក្កដា កន្លងទៅ ក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ