អ្នកចិញ្ចឹមសត្វ

អ្នកចិញ្ចឹមមាន់សាច់ប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ ក្រោយតម្លៃមាន់បានដាំក្បាលចុះមកនៅត្រឹមជាង២,០០០រៀលក្នុង១គីឡូក្រាម


ទីផ្សារមាន់សាច់នៅកម្ពុជា កំពុងជួបវិបត្តិធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ ដែលកំពុងរុញច្រានឱ្យម្ចាស់កសិដ្ឋាន និងកសិករជាច្រើនប្រឈមមុខនឹងការខាតបង់ប្រាក់កាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលថ្លៃដើមផលិត​មានកម្រិតខ្ពស់ជាងតម្លៃលក់ចេញស្ទើរតែពាក់កណ្តាល។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី២៦ ខែតុលា តម្លៃមាន់សាច់នៅលើទីផ្សារធ្លាក់ចុះមកត្រឹមប្រមាណ២,៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ខណៈដែលថ្លៃដើមផលិតមានទំហំរហូតដល់ជាង៤,០០០រៀលក្នុង១គីឡូក្រាមឯណោះ។
អ្នកចិញ្ចឹមសត្វ
ដោយ

លោក លីម ស្រ៊ឺទ្រី ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ LLDL Farm បានរៀបរាប់ដោយក្តីកង្វល់ថា មកទល់ពេលនេះកសិដ្ឋានរបស់លោកកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារតែតម្លៃមាន់សាច់នៅលើទីផ្សារធ្លាក់ចុះទាបជាងថ្លៃដើមផលិតយ៉ាងខ្លាំង។ លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែតុលា មាន់សាច់លក់បានត្រឹមតែប្រមាណ២,៥០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ខណៈដែលកាលពីមុនធ្លាប់លក់បានក្នុងតម្លៃចន្លោះពីជាង៤,០០០រៀលទៅ៥,០០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ថ្លៃយ៉ាងគំហុកនេះ កំពុងធ្វើឱ្យកសិដ្ឋានរបស់លោកខាតបង់ប្រាក់យ៉ាងច្រើន ព្រោះថ្លៃដើមនៃការចិញ្ចឹមរួមទាំងចំណី និងការថែទាំត្រូវចំណាយខ្ពស់រហូតដល់ជាង៤,០០០រៀលក្នុង១គីឡូក្រាមឯណោះ។

ស្ថិតក្នុងស្ថានការណ៍ស្រដៀងគ្នានេះ លោក សុខ សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ក្នុងខេត្តកំពង់ស្ពឺ បានអះអាងថា វិបត្តិទីផ្សារមាន់សាច់នាពេលនេះ គឺពិតជាធ្ងន់ធ្ងរហួសការស្មាន ដែលបាន និងកំពុងបង្កជាឧបសគ្គរារាំងយ៉ាងខ្លាំងដល់ជីវភាពកសិករ។ ម្ចាស់កសិដ្ឋានរូបនេះយល់ឃើញថា ការធ្លាក់ថ្លៃយ៉ាងគំហុកនេះអាចបណ្តាលមកពីការផលិតលើសតម្រូវការទីផ្សារ និងការបណ្តោយឱ្យនាំចូលពីខាងក្រៅ។ ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យជួយរួមគ្នាទប់ស្កាត់ការនាំចូលកូនមាន់ពីប្រទេសជិតខាង និងកាត់បន្ថយបរិមាណចិញ្ចឹមក្នុងទ្រុងជាបណ្តោះអាសន្ន ដើម្បីស្តារតុល្យភាពទីផ្សារឱ្យមានស្ថិរភាពឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ថ្លៃមាន់សាច់នៅពេលនេះ ដោយសារតែការនាំចូលកូនមាន់ច្រើនលើសលប់ពីប្រទេសជិតខាង និងការចិញ្ចឹមមាន់សាច់លើសតម្រូវការទីផ្សារ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ កសិករ ឬម្ចាស់កសិដ្ឋានបានបង្ខំចិត្តលក់មាន់សាច់ក្នុងតម្លៃទាបជាងថ្លៃដើម ខណៈមាន់សាច់ក្នុងទ្រុងមិនអាចទុកយូរបានទេ បើពុំដូច្នេះទេ ពួកគេនឹងមានការខាតបង់កាន់តែច្រើន និងប្រឈមបិទកសិដ្ឋាន។

យ៉ាងណាមិញ ដើម្បីជួយសង្គ្រោះមុខរបររបស់ប្រជាកសិករលោក ស្រ៊ុន ពៅ បានអះអាងថា សមាគមនឹងសហការជាមួយស្ថាប័នជំនាញរបស់រដ្ឋ និងកសិករ ដើម្បីចាត់វិធានការក្នុងការទប់ស្កាត់ការនាំចូលកូនមាន់ខុសច្បាប់ពីប្រទេសជិតខាង ព្រមទាំងរៀបចំកិច្ចសហការកំណត់គោលនយោបាយតម្លៃលក់ចេញឱ្យបានសមស្រប ដើម្បីជួយសង្គ្រោះកសិករពីការខាតបង់ និងក្ស័យធន៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើវិបត្តិសកលបច្ចុប្បន្នជាឱកាសមាសសម្រាប់អ្នកមានធនធានក្នុងការងាកមកវិនិយោគលើវិស័យកសិកម្ម ឬយ៉ាងណា?

វិស័យកសិកម្មតែងត្រូវបានមើលឃើញថា ជាវិស័យដែលមានហានិភ័យខ្ពស់ និងទាមទារពេលវេលាយូរ ដើម្បី​ប្រមូលផលចំណេញ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគ ឬអ្នកម…

រោងចក្រផលិតបន្ទះឈីបដំបូងតម្លៃ១,៣ពាន់លានដុល្លាររបស់វៀតណាម កំពុងជាប់គាំង

មហិច្ឆតារបស់វៀតណាម ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបទី១ ជាប្រវត្តិសាស្ត្រតម្លៃ ១,៣ពាន់​លានដុល្លារអាម៉េរិក​ កំពុង​ប្រឈមឧបសគ្គដ៏ធំ ខណៈគម្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ