ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា វិធានការក្តៅក្នុងការទប់ស្កាត់ការនាំចូលនេះមិនត្រឹមតែដើម្បីការពារសុខភាពសាធារណៈពីសារធាតុគីមីពុល និងជំងឺឆ្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខែលការពារទីផ្សារ និងខ្សែច្រវាក់ផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកកុំឱ្យឈានទៅរកការដួលរលំផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីតាមច្រកព្រំដែនឱ្យបង្កើនវិធានការទប់ស្កាត់ ឬហាមឃាត់ការនាំចូលជ្រូករស់ពីប្រទេសជិតខាងចូលមកកម្ពុជា ក្រោយអាជ្ញាធរវៀតណាម រកឃើញជ្រូករស់ជាង១ម៉ឺនតោនមានផ្ទុកសារធាតុគីមីហាមឃាត់ និងផ្ទុកជំងឺប៉េស្តជ្រូកអាហ្រិកកំពុងចែកចាយលក់នៅលើទីផ្សារ។
បើតាមប្រធានសមាគមរូបនេះ ការប្រើប្រាស់សារធាតុគីមីហាមឃាត់នេះ គឺជ្រូកអាចធំធាត់លឿនជាងធម្មតា និងចំណេញថ្លៃដើម ដូច្នេះហើយទើបជ្រូកនាំចូលមានតម្លៃទាបជាងជ្រូកដែលចិញ្ចឹមក្នុងស្រុក។ ហើយបញ្ហានេះវាមិនត្រឹមតែធ្វើឱ្យកសិករខ្មែរប្រឈមនឹងបញ្ហាទីផ្សារនោះទេ ថែមទាំងនាំមកនូវហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគទៀតផង។
បើតាមប្រធានសមាគមរូបនេះ ការចិញ្ចឹមជ្រូកនៅកម្ពុជាត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្តង់ដា ដោយត្រូវប្រើពេលចិញ្ចឹមពី៤ទៅ៥ខែ ទើបអាចចាប់លក់បាន ដែលធ្វើឱ្យកសិករត្រូវចំណាយថ្លៃដើមខ្ពស់ ដែលផ្ទុយពីជ្រូកនាំចូលដែលមានថ្លៃដើមផលិតទាប។
ជាមួយគ្នានេះ លោក លី ឡាវីល អ្នកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមជ្រូកនៅក្រុមហ៊ុន M's PIG ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានគូសបញ្ជាក់ថា បរិមាណផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកបច្ចុប្បន្នមានកម្រិតគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ ពោលគឺកម្ពុជាមិនចាំបាច់នាំចូលជ្រូកពីប្រទេសវៀតណាមនោះឡើយ។ ទោះជាយ៉ាងណា លោក សង្កេតឃើញថា នៅតែមានករណីលួចនាំចូលដោយខុសច្បាប់តាមច្រករបៀងមួយចំនួន។ ក្នុងស្ថានភាពដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងគំរាមកំហែង ហើយវៀតណាម រកឃើញសារធាតុគីមីហាមឃាត់ក្នុងសាច់ជ្រូកបែបនេះ លោកបានស្នើឱ្យអាជ្ញាធរជំនាញ និងកងកម្លាំងតាមព្រំដែនត្រូវបង្កើនការតាមដាន និងត្រួតពិនិត្យការចរាចរណ៍សត្វជ្រូកឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបិទផ្លូវហានិភ័យទាំងឡាយណាដែលប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងសុខុមាលភាពប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់អ្នកជំនាញ មកទល់ពេលនេះ កម្ពុជា ក៏មានករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រិកផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះចន្លោះពី៣% ទៅ៥% និងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។
គួរជម្រាបថា យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម បានឱ្យដឹងថា អាជ្ញធរវៀតណាម បានចាប់ខ្លួនមនុស្ស៩នាក់ ពីបទប្រើប្រាស់សារធាតុគីមីហាមឃាត់ Salbutamol លាយក្នុងចំណីជ្រូក ដើម្បីឱ្យជ្រូកឆាប់ធំ និងមានសាច់ច្រើន ដោយក្នុងនោះសាច់ជ្រូកដែលមានសារធាតុពុលប្រមាណជាង១០,០០០តោន ត្រូវបានលក់ចែកចាយពេញទីផ្សារ។ ការចាប់ខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចស្ទាក់ចាប់ឡានដឹកជ្រូក៣គ្រឿងមានជ្រូក២៨០ក្បាល ដោយបានធ្វើតេស្តរកឃើញមានសារធាតុគីមីហាមឃាត់នេះគ្រប់ក្បាល ព្រមទាំងមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន៨០ក្បាល៕