ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញ បានជម្រុញឱ្យផ្នែកសេវាកម្មទាំងនោះ ប្រញាប់បញ្ចុះតម្លៃ ដោយមិនត្រូវបង្អែបង្អង់កេងចំណេញពីញើសឈាមកសិករនោះឡើយ។
លោក សុខ សុថា នាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា ទោះបីជាតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះក្ដី ប៉ុន្តែថ្លៃដើមផលិតរបស់កសិករនៅមិនទាន់ធ្លាក់ចុះនៅឡើយទេ ដោយបច្ចុប្បន្នថ្លៃដើមផលិតនៅតែឡើងក្នុងចន្លោះ២៥ទៅ៣០%នៅឡើយ។ សម្រាប់អ្នកជំនាញរូបនេះ លុះត្រាតែតម្លៃប្រេងឥន្ធនៈមានតម្លៃថេរយ៉ាងហោចណាស់មួយខែឡើងទៅ ទើបអាចធ្វើឱ្យថ្លៃដើមផលិតធ្លាក់ចុះ ខណៈបច្ចុប្បន្នក្រុមកសិករអ្នកផលិតខ្នាតតូចកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ។
ជាមួយគ្នានេះលោក សុង ស៊ីថា កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវបានអះអាងថា នៅឆ្នាំនេះលោកបានចំណាយថ្លៃដើមផលិតខ្ពស់ជាងឆ្នាំមុនប្រមាណ៣០% ដោយនៅឆ្នាំនេះលោកបានចំណាយថវិកាអស់២លានរៀល ខណៈកាលពីឆ្នាំមុនចំណាយអស់ជាង១លានរៀលប៉ុណ្ណោះក្នុងផ្ទៃដី១ហិកតា។ ទន្ទឹមនឹងនេះលោក បានសម្តែងក្តីព្រួយបារម្ភពីការខាតបង់នៅឆ្នាំនេះ ដោយសារតម្លៃស្រូវបច្ចុប្បន្ននៅមិនទាន់អាចហក់ឡើងដល់១,០០០រៀលក្នុងមួយគីឡូក្រាមនៅឡើយ។ កសិកររូបនេះសំណូមពរឱ្យក្រសួងពាណិជ្ជកម្ម ជួយអន្តរាគមន៍ស្វែងរកទីផ្សារ និងរក្សាតម្លៃស្រូវឱ្យបានលើសពី១,០០០រៀលក្នុង១គីឡូក្រាម ដើម្បីឱ្យកសិករមានទុនបន្តការបង្កបង្កើនផលនៅរដូវកាលក្រោយ។
ដោយឡែកលោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ឃើញថា ការហក់ឡើងថ្លៃប្រេងឥន្ធនៈកាលពីកន្លងទៅបានធ្វើឱ្យសេវាកម្មបម្រើក្នុងវិស័យកសិកម្មឡើងថ្លៃទៅតាមនោះដែរ ក៏ប៉ុន្តែលោកសង្កេតឃើញថា នៅពេលប្រេងសាំងចុះថ្លៃបែរជាសេវាកម្មទាំងនោះមិនទាន់ចុះថ្លៃទាន់ពេលវេលានៅឡើយ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែមានវិធានការសមស្របជាបន្ទាន់មួយដោយធ្វើយ៉ាងណាឱ្យតម្លៃសេវាកម្មធ្លាក់ចុះ ខណៈមានតែរដ្ឋាភិបាលនោះទេទើបអាចរកចំណុចប្រសព្វគ្នារបស់អ្នកមប្រើសេវាកម្មទាំងនោះ នឹងអាចអន្តរាគមន៍បានទាន់ពេលវេលា។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៤,០៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត៤,០០០រៀលក្នុង១លីត្រ។ គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការហក់ឡើងនៃតម្លៃថាមពល កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវខែលការពារសេដ្ឋកិច្ចមួយ ដោយចាត់ទុកអាករលើតម្លៃបន្ថែម១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋ។ វិធានការនេះត្រូវបានគេមើលឃើញថា បានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹងថ្លៃដើមផលិតកម្មក្នុងស្រុកមិនឱ្យដួលរលំទៅតាមសម្ពាធ នៃភ្លើងសង្គ្រាមអន្តរជាតិ៕
អត្ថបទ៖ ជា ម៉ារ៉ា