ក្រុមអ្នកតាមដានសង្គម និងអ្នកជំនាញបានលើកឡើងថា នេះមិនមែនជាករណីលើកទី១ ហើយក៏មិនមែនលើកទី២នោះដែរ ពោលគឺករណីបានកើតឡើងក្លាយជាទម្លាប់ទៅហើយ ដូច្នេះប្រសិនបើរាជរដ្ឋាភិបាលមិនប្រញាប់ប្រញាល់កែទម្រង់ទម្លាប់នេះទេ នោះវានឹងធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អយល់ឃើញថា រដ្ឋាភិបាលគួរតែសិក្សាពីផែនការមេលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងនានាឱ្យបានច្បាស់ មិនគួរបណ្ដែតបណ្ដោយឱ្យអាជ្ញាធរមូលដ្ឋានសាងសង់មិនស៊ីសង្វាក់គ្នា ដោយធ្វើផ្លូវស្អាតហើយកាយដាក់ប្រព័ន្ធលូតាមក្រោយនោះទេ។
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ កន្លងទៅមានជនជាតិបារាំង និងជប៉ុនបានជួយគាំទ្របង្កើតផែនការប្រព័ន្ធផ្លូវ និងលូបង្ហូរទឹកនេះយ៉ាងត្រឹមត្រូវប្រកបដោយមានបច្ចេកទេសល្អ ប៉ុន្តែគម្រោងនោះបែរជារលាយបាត់ទៅវិញ។ ទន្ទឹមនឹងនេះលោកស្នើដល់ក្រសួង-ស្ថានប័នពាក់ព័ន្ធគួរធ្វើកំណែទម្រង់ឱ្យបានលឿនបំផុតជៀសវាងពលរដ្ឋដាក់ការសង្ស័យជុំវិញភាពមិនប្រក្រតី និងប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋ។
ទន្ទឹមនេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមកត់សម្គាល់ឃើញថា បញ្ហាសាងសង់ផ្លូវរួចទើបរៀបចំប្រព័ន្ធលូបង្ហូរទឹកតាមក្រោយនេះបានកើតមានជាយូរមកហើយ ដោយវាបានក្លាយទៅជាទម្លាប់ចាក់ឫសយ៉ាងជ្រៅ ដែលបានធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ ដែលបានមកពីពលរដ្ឋ និងរំខានយ៉ាងខ្លាំងដល់អារម្មណ៍សារធារណៈជន។
បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលត្រូវតែប្រញាប់ចាត់ក្រសួង ដែលមានដែនសមត្ថិកិច្ច និងតួនាទីឱ្យធ្វើការជាមួយគ្នា ដោយរៀបចំផែនការឱ្យបានច្បាស់លាស់មុននឹងចាប់ផ្ដើមសាងសង់ខ្សែបណ្ដាញផ្លូវ ដែលកិច្ចការនេះវានឹងជួយឱ្យដំណើរការសាងសង់ស្របគ្នាលែងមានសកម្មភាពអនុវត្តប
ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គមសង្កេតឃើញថា ពលរដ្ឋតែងតែរិះគន់ឡើងរយមាត់ទៅហើយពាក់ព័ន្ធនឹងរឿងធ្វើផ្លូវស្អាតហើយ បានកាយកម្ទេចដាក់ប្រព័ន្ធលូតាមក្រោយរបស់អាជ្ញាធរនេះ ហើយបញ្ហានេះវាហាក់ដូចជាមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយនៅឡើយទេ។ សម្រាប់អ្នកជំនាញរូបនេះការបន្តធ្វើមិនដឹងមិនលឺជាមួយការរអ៊ូរទាំរបស់ពលរដ្ឋចំពោះការធ្វើប្រព័ន្ធផ្លូវនេះ វានឹងនាំឱ្យពលរដ្ឋបាត់ជំនឿលើរាជរដ្ឋាភិបាល ដែលបញ្ហានេះទាមទារឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាបន្ទាន់ តាមរយៈស្វែករកអ្នកជំនាញលើផែនការសាងសង់ផ្លូវនេះមកប្រឹក្សា។
ពាក់ព័ន្ធបញ្ហានេះដែរសារព័ត៌មានខេមបូណូមីស បានទាក់ទងសុំការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនដែរ តែឯកឧត្តត រុញឱ្យសួររដ្ឋបាលរាជធានីភ្នំពេញ។ តែពេលទាក់ទងទៅសួរលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញតាមបណ្តាញតេឡេក្រាមចូលមើលតែមិនឆ្លើយតប។
តែយ៉ាងណាពាក់ព័ន្ធបញ្ហានេះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា មូលហេតុដែលធ្វើផ្លូវរួចហើយទើបកាយដាក់ប្រព័ន្ធលូតាមក្រោយ ក៏ដោយសារពេលដេញថ្លៃគម្រោងដំបូងក្រុមហ៊ុនសាងសង់ដេញថ្លៃធ្វើតែផ្លូវថ្នល់មិនបានរួមបញ្ចូលប្រព័ន្ធលូ ព្រោះប្រព័ន្ធលូត្រូវមានការដេញថ្លៃដាច់ដោយឡែកមួយផ្សេងទៀត។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់កាលពីឆ្នាំ២០២៥ ទៅកាន់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ថា រាល់ការកាយផ្លូវដាក់លូ ត្រូវតែធ្វើ និងអ៊ុតរៀបចំផ្លូវឡើងវិញភ្លាមៗ មិនអាចទុកចោលយូរបង្កជាការរំខានដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា