សារព័ត៌មាន CNBC បានរាយការណ៍ថា ក្តីរំពឹងជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ រយៈពេលជិតមួយសប្តាហ៍មកនេះបានក្លាយជាឱសថទិព្វជួយសម្រាលសម្ពាធតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិឱ្យធ្លាក់ចុះជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា តម្លៃប្រេងឆៅប្រភេទ Brent បានរអិលធ្លាក់ចុះយ៉ាងគំហុករហូតដល់៥% ដោយជួញដូរក្នុងតម្លៃត្រឹមតែជាង៧៨ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។ ជាមួយគ្នានេះតម្លៃប្រេងឆៅនៅលើទីផ្សារតិចសាសសហរដ្ឋអាម៉េរិក ក៏បានដាំក្បាលចុះ៥,៧% មកនៅត្រឹមជាង៧៦ដុល្លារក្នុង១បារ៉ែលផងដែរ។
នេះជាដំណឹងដ៏រីករាយ និងជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកប្រើប្រាស់ទូទាំងសកលលោក ដែលបានរងទុក្ខវេទនាដោយសារវិបត្តិអតិផរណា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ មក។ ប៉ុន្តែ មហិច្ឆតាចង់ឱ្យតម្លៃប្រេងធ្លាក់ថ្លៃជាងនេះកំពុងជួបបញ្ហាប្រឈម ដោយសារច្រកសមុទ្រហ័រម៉ូសមិនទាន់មានសុវត្ថិភាពសម្រាប់នាវានៅឡើយទេ។
រហូតមកទល់ពេលនេះនាវាដឹកជញ្ជូន និងនាវាដឹកទំនិញខ្នាតយក្សសរុបប្រមាណ៥៨០គ្រឿង ក្នុងនោះរួមមាននាវាដឹកប្រេងឆៅ២៥០គ្រឿង និងនាវាដឹកទំនិញទូទៅ៣៣០គ្រឿងនៅតែបន្តយឺតយ៉ាវ និងមិនទាន់ហ៊ានបញ្ឆេះម៉ាស៊ីនចាកចេញពីកំពង់ផែនៅឡើយទេ បើទោះបីជាមានការចេញមុខធានាអះអាងពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។
មូលហេតុចម្បងដែលក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រមិនហ៊ានប្រថុយប្រថានឆ្លងកាត់ច្រកសមុទ្រមួយនេះ គឺដោយសារតែឧបសគ្គធំៗមួយចំនួនរួមមានខ្លាចរងការវាយប្រហារដោយមិនដឹងខ្លួន, ការគំរាមកំហែងពីគ្រាប់មីនក្រោមបាតសមុទ្រ ដែលត្រូវបានដាក់ពង្រាយពេញផ្ទៃទឹក និងបញ្ហាប្រព័ន្ធធានារ៉ាប់រង និងថ្លៃសេវា ដែលហក់ឡើងកប់ពពក។ ដូច្នេះទោះបីជាក្រដាសកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាក៏ដោយ ប៉ុន្តែដរាបណាកម្ទេចកំទីសង្រ្គាម និងគ្រាប់មីនមិនទាន់ត្រូវបានបោសសម្អាតចេញពីច្រកហ័រម៉ូសទេនោះ វិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោកនៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិលដដែល៕
ដោយៈ សរ សុជាតិ