យោងតាមសេចក្តីសម្រេចថ្មីរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញថា វៀតណាម មានមហិច្ឆតាស្រូបទាញការវិនិយោគបរទេសឱ្យបានដល់ ៣០% នៃ GDP នៅត្រឹមឆ្នាំ២០៤៥ ដោយចាត់ទុកវិស័យវិនិយោគបរទេសជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់មួយ និងផ្តល់ឱកាសប្រកួតប្រជែងស្មើភាពជាមួយវិស័យសេដ្ឋកិច្ចដទៃទៀត។ នេះបើយោងតាមការចុះផ្សាយរបបស់សារព័ត៌មានវៀតណាម “ទួយ ត្រេ” (Tuoi Tre)។
ដើម្បីសម្រេចគោលដៅដ៏មហិច្ឆតានេះ រដ្ឋាភិបាលវៀតណាម គ្រោងធ្វើកំណែទម្រង់ជាច្រើនរួមមានការកែលម្អបរិយាកាសធុរកិច្ច ធានាសិទ្ធិកម្មសិទ្ធិបញ្ញា ការពារទុនវិនិយោគ និងបង្កើតប្រព័ន្ធច្បាប់ដែលមានតម្លាភាព និងស្ថិរភាពជាងមុនផងដែរ។ សម្រាប់រយៈពេលពីឆ្នាំ២០២៦-២០៣០ វៀតណាមមានគោលដៅទាក់ទាញទុនវិនិយោគបរទេសថ្មីៗឱ្យបានចន្លោះពី២០០ពាន់លានដុល្លារទៅ៣០០ពាន់លានដុល្លារ ឬស្មើនឹង៤០ទៅ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ វៀតណាម ក៏កំពុងផ្តោតលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាបន្ទះឈីប, បញ្ញាសិប្បនិម្មិត AI, ទិន្នន័យធំ ឬ Big Data, Cloud Computing, Internet, Blockchain, បច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មបៃតងជាដើម។ រដ្ឋាភិបាលវៀតណាម ក៏គ្រោងបង្កើតយន្តការពិសេសសម្រាប់គម្រោងវិនិយោគយុទ្ធសាស្ត្រធំៗ បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី តំបន់បច្ចេកវិទ្យាកម្រិតខ្ពស់ និងមជ្ឈមណ្ឌលនវានុវត្តន៍ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខពីជុំវិញពិភពលោក។ក្រៅពីនេះវៀតណាម ក៏ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ ការទាក់ទាញអ្នកមានទេពកោសល្យ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការវិនិយោគរយៈពេលវែង។
តាមផែនការនេះនៅឆ្នាំ២០៤៥ វិស័យវិនិយោគបរទេសត្រូវបានរំពឹងថា នឹងរួមចំណែករហូតដល់ទៅប្រមាណ៣០% នៃ GDP និង២៥% នៃទុនវិនិយោគសរុបផ្នែកសង្គម ខណៈវៀតណាមមានមហិច្ឆតាក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម បច្ចេកវិទ្យា និងសេវាកម្មដ៏សំខាន់មួយនៅអាស៊ី៕
ដោយ: តែម សុខុម