យោងតាមការរាយការណ៍របស់សារព័ត៌មាន Laotian Times អាជ្ញាធរឡាវ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការកម្ទេចសំបុកឧក្រិដ្ឋជនក្នុងអំពើឆបោកតាមអនឡាញ ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ដោយមិនលើកលែង។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ អាជ្ញាធរឡាវ បានបំបែកបណ្តាញជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ បន្ទាប់ពីទទួលបានតម្រុយសម្ងាត់ពីប្រជាពលរដ្ឋ ដោយបានចាប់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងរឹបអូសថ្នាំញៀនរាប់ម៉ឺនគ្រាប់ និងកាហ្វេកញ្ចប់លាយគ្រឿងញៀនរាប់ម៉ឺនកញ្ចប់។
បន្តបន្ទាប់មកទៀត ប៉ូលិសឡាវ បានបើកប្រតិបត្តិការឆ្មក់ចូលបំបែកសម្បុកល្បែងស៊ីសងតាមអនឡាញខុសច្បាប់ដ៏មួយកន្លែងនៅទីក្រុងវៀងចន្ទន៍។ ក្រោយមកនៅថ្ងៃទី២០ ខែសីហា អាជ្ញាធរឡាវ បានបណ្តេញជនបរទេសចំនួន១៥២នាក់ ដែលឃាត់ខ្លួនបានក្នុងប្រតិបត្តិការពីរផ្សេងគ្នាចេញពីប្រទេស ក្នុងនោះជនជាតិចិន ចំនួន១៤៥នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅឱ្យអាជ្ញាធរចិនវិញ។ ជាមួយគ្នានោះ ប៉ូលិសអន្តោប្រវេសន៍ឡាវ ក៏បានប្រគល់ខ្លួនជនជាតិថៃចំនួន៧នាក់ទៅឱ្យអាជ្ញាធរថៃ ដើម្បីអនុវត្តទោសតាមច្បាប់ជាធរមានផងដែរ។
គិតត្រឹមថ្ងៃទី២៤ ខែសីហា អាជ្ញាធរឡាវ បានធ្វើបត្យាប័នបញ្ជូនជនជាតិថៃ សរុបចំនួន៣៣២នាក់ក្នុងចំណោម៣៧៣នាក់ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញដ៏ធំមួយនៅ ST Vegas ទៅឱ្យអាជ្ញាធរប្រទេសថៃ ខណៈ៤១នាក់ទៀតកំពុងបន្តស្ថិតក្រោមការឃុំឃាំង និងសាកសួរ។
ការបង្កើនការបង្ក្រាបរបស់អាជ្ញាធរឡាវនេះ គឺជាផ្នែកមួយនៃយុទ្ធនាការកម្ទេចអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងបទល្មើសឆ្លងដែនគ្រប់រូបភាព។ យោងតាមទិន្នន័យផ្លូវការពីមន្ត្រីឡាវ នៅក្នុងអំឡុងឆមាសទី១ឆ្នាំ២០២៦ អាជ្ញាធរឡាវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាបានរហូតដល់ជាង៤,៤០០នាក់មាន២៥សញ្ជាតិ៕
អត្ថបទៈ សួន ឡង់ទី