ជាមួយគ្នានេះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ក៏បានចេញមុខព្រមានទុកជាមុនដែរថា កិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែខាងមុខនេះ នឹងមិនងាយស្រួលនោះឡើយ ហើយទីក្រុងតេអេរ៉ង់ នឹងមិនចុះញ៉មចំពោះការទាមទារ ដែលខ្លួនចាត់ទុកថាហួសហេតុពីសំណាក់អាម៉េរិកជាដាច់ខាត។ កត្តានេះបានបង្កឱ្យមានការចោទជាសំណួរថា តើកិច្ចព្រមព្រៀងបណ្តោះអាសន្ននេះអាចនឹងរលាយបាត់ទៅវិញ ឬអាចឈានទៅរកសន្តិភាពពិតប្រាកដយូរអង្វែង?
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃទី១៩ ខែមិថុនា នេះ ថា ការពន្យារពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកលោក JD Vance ទៅកាន់ប្រទេសស្វីសត្រូវបានសេតវិមានពន្យល់ថា បណ្តាលមកពីបញ្ហាភ័ស្តុភារ និងការរៀបចំលក្ខខណ្ឌបច្ចេកទេសសម្រាប់ការចរចា ខណៈដែលធាតុពិត ភាពតានតឹង និងការមិនទុកចិត្តគ្នានៅមជ្ឈិមបូព៌ានៅតែបន្តអង្រួនកិច្ចព្រមព្រៀងនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា អ៊ីរ៉ង់ត្រូវតែបង្ហាញសកម្មភាពអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងទទួលបានការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចបន្ថែមពីអាម៉េរិក បន្ទាប់ពីបានដកបិទខ្ទប់ផ្លូវទឹកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់។
ទោះជាយ៉ាងណាកិច្ចព្រមព្រៀងសន្តិភាពទើបពន្លកនេះ កំពុងរងការរិះគន់ និងវាយប្រហារយ៉ាងចាស់ដៃនៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកនយោបាយ និងសមាជិកសភាអាម៉េរិកដែលប្រឆាំង បានចោទប្រកាន់ថា រដ្ឋបាលលោក ត្រាំ កំពុងផ្តល់សម្បទានច្រើនជ្រុលទៅឱ្យអ៊ីរ៉ង់ ដើម្បីគ្រាន់តែដូរយកបទឈប់បាញ់បណ្តោះអាសន្ន។ សម្បទានទាំងនោះរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច និងផែនការបង្កើតមូលនិធិ៣០០ពាន់លានដុល្លារសម្រាប់ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឡើងវិញ។
ជាមួយគ្នានេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា ម៉ូចាបា ខាមេណី (Ayatollah Mojtaba Khamenei) បានចេញមកអះអាងថា អ៊ីរ៉ង់មិនមែនជាអ្នកសុំអង្វរសន្តិភាពនោះទេ ហើយនឹងមិនទទួលយកលក្ខខណ្ឌគាបសង្កត់ណាមួយឡើយ។ ផ្ទុយទៅវិញរដ្ឋបាលលោក ត្រាំ បានព្យាយាមសម្រាលសភាពការណ៍ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានយល់ព្រមរួចហើយក្នុងការអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែលាក់កំបាំង និងសហការគ្រប់គ្រងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ក្រោមខ្សែភ្នែករបស់អន្តរជាតិ។
ទន្ទឹមនឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយ សកម្មភាពដឹកជញ្ជូនថាមពលពិភពលោកចាប់ផ្តើមមានដង្ហើមរស់ឡើងវិញគួរឱ្យកត់សម្គាល់ដោយមានប្រេងឆៅជាង១២លានបារ៉ែលបានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនធំៗបានសម្រេចចិត្តវិលត្រលប់មកប្រើប្រាស់ផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមកនេះ។
ទោះបីជាបទឈប់បាញ់នៅលើដីគោក និងផ្លូវទឹកនៅតែមានសុពលភាពជាធរមានក៏ដោយ ប៉ុន្តែសញ្ញានៃការពន្យារពេលកិច្ចចរចាកំពូលនៅប្រទេសស្វីសបានបង្ហាញយ៉ាងច្បាស់ថា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពស្ថាពររវាងអាម៉េរិក និងអ៊ីរ៉ង់នៅតែពោរពេញដោយមីនយុទ្ធសាស្ត្រ និងភាពប្រែប្រួលដែលមិនអាចទាយទុកមុនបានឡើយ៕
ដោយ: តែម សុខុម