បច្ចេកវិទ្យា AI

គ្រាន់តែក្រុមហ៊ុនបច្ចេកវិទ្យា AI មួយរបស់អាម៉េរិក​ មានទំហំទីផ្សារធំជាង GDP របស់អាល្លឺម៉ង់ទៅទៀត


បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាតម្រូវការដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់សង្គមមនុស្សទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាក់ស្តែងយោងតាមទិន្នន័យស្ថិតិថ្មីមួយបានបង្ហាញថា គ្រាន់តែតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា AI យក្សរបស់សហរដ្ឋអាម៉េរិកមួយមានទំហំធំជាងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់មួយប្រទេសទៅទៀត។
បច្ចេកវិទ្យា AI
ដោយ

សារព័ត៌មាន Euro News បានរាយការណ៍ថា តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុន Nvidia នៅពេលនេះបានហក់ឡើងដល់៥,៧ទ្រីលានដុល្លារ ខណៈដែលទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង់ មានត្រឹមតែ៥,៤ទ្រីលានដុល្លារប៉ុណ្ណោះ។

តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Nvidia នៅពេលនេះបានកើនឡើងដល់៥,៧ទ្រីលានដុល្លារ ដោយធំជាងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលមានតម្លៃត្រឹម ៥,៤ទ្រីលានដុល្លារ។ គួររំលឹកថា អាល្លឺម៉ង់ គឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣លើពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក និងចិន។ នេះគ្រាន់តែជាទំហំ និងសក្តានុពលដ៏មហិមារបស់ក្រុមហ៊ុនបច្ចេកវិទ្យា AI របស់អាម៉េរិកតែមួយប៉ុណ្ណោះ ហើយប្រសិនបើគេបូកបញ្ចូលតម្លៃទីផ្សាររួមគ្នានៃក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទាំង៥ របស់សហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្ន គឺវាមានតម្លៃលើស GDP សរុបរបស់ប្រទេសធំៗទាំង៥នៅតំបន់អឺរ៉ុបទៅទៀត។
បើយោងតាមក្រុមហ៊ុនគ្រប់គ្រងទិន្នន័យមូលធននីយកម្មទីផ្សារ Companies Market Cap ក្រុមហ៊ុន Nvidia ជាក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក ដែលកំពុងគ្រប់គ្រងចំណែកទីផ្សារធំបំផុត ហើយផលិតផលរបស់ក្រុមហ៊ុននេះកំពុងពេញនិយមនៅលើទីផ្សារបច្ចេកវិទ្យានានា រាប់ចាប់តាំងពីហ្គេមរហូតដល់ប្រព័ន្ធ AI លើកម្មវិធីផ្សេងៗ។ ទំហំទីផ្សារក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ កាលពីខែតុលា ឆ្នាំ២០២៥ មានតម្លៃត្រឹម ៥ទ្រីលានដុល្លារទេ ប៉ុន្តែដល់ខែឧសភា ឆ្នាំ២០២៦ វាបានកើនឡើងរហូតដល់ទៅ៥,៧ទ្រីលានដុល្លារ។
មកដល់ពេលនេះ GDP របស់សហរដ្ឋអាមេរិកមានទំហំសរុបជាង៣២ទ្រីលានដុល្លារ ចិនមានទំហំជាង២០ទ្រីលានដុល្លារ អាល្លឺម៉ង់ជាង៥ទ្រីលានដុល្លារ ចក្រភពអង់គ្លេសជាង៤ទ្រីលានដុល្លារ បារាំងជិត៤ទ្រីលានដុល្លារ អ៊ីតាលីមានទំហំជិត៣ទ្រីលានដុល្លារ និងអេស្ប៉ាញមានទំហំជាង២ទ្រីលានដុល្លារ។
ដោយឡែក បើក្រឡេកទៅមើលតម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា AI អាម៉េរិកផ្សេងទៀត ក្រៅពី Nvidia វិញ ប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google មានតម្លៃទីផ្សារជាង៤ទ្រីលានដុល្លារ ខណៈក្រុមហ៊ុន Apple មានតម្លៃទីផ្សារជិត៤ទ្រីលានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឧក្រិដ្ឋកម្មស្កេមអនឡាញកំពុងរីកសាយភាយពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់អាស៊ីខាងត្បូង

ស្កេមអនឡាញ ដែលជាឧក្រិដ្ឋកម្មបច្ចេកវិទ្យាមានឫសគល់រឹងមាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពេលនេះត្រូវបានរកឃើញថា កំពុងរីកសាយភាយទៅដល់តំបន់អាស៊ីខា…

ហ្វីលីពីន ប្រធានប្តូរវេនអាស៊ាន កំពុងផ្ទុះជម្លោះផ្ទៃក្នុង ខណៈជោគវាសនាកូនស្រីលោក ឌូទែតេ ស្ថិតក្នុងភាពមិនច្បាស់លាស់

ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ាន កំពុងជួបប្រទះនឹងវិបត្តិជម្លោះនយោបាយផ្ទៃក្នុងយ៉ាងស្រួចស្រាល់រវាងប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស (Ferdin…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ