ក្រុមហ៊ុនដឹកទំនិញ

ក្រុម​​ហ៊ុនដឹកទំនិញតាមកប៉ាល់ធំបំផុតទី២ក្នុងលោក បន្តចៀសវាងច្រកសមុទ្រ Hormuz ទោះមានបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់


ក្រុមហ៊ុន ម៊ែស (Maersk) ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកប៉ាល់ធំជាងគេបំផុតទី២នៅលើពិភពលោកបានប្រកាសថា ខ្លួននឹងបន្តចៀសវាងការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ ហ័រម៉ូស (Hormuz) និងផ្លូវទឹកក្បែរៗ​តំបន់មជ្ឈិមបូព៌ា។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងបរិបទ ដែលភាពតានតឹងផ្នែកយោធារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅតែបន្តឡើងកម្តៅខ្លាំង រួមទាំងហានិភ័យសន្តិសុខខ្ពស់នៅក្នុងតំបន់។​
ក្រុមហ៊ុនដឹកទំនិញ
ដោយ

ក្រុមហ៊ុន ម៊ែស (Maersk) របស់ប្រទេសដាណឺម៉ាក បានគូសបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា នៅតែស្ថិតក្នុងភាពអស្ថិរភាពខ្លាំង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងការប្រកាសឈប់បាញ់គ្នានាពេលថ្មីៗនេះយ៉ាងណាក៏ដោយ។ ផ្ដើមចេញពីបញ្ហានេះ ក្រុមហ៊ុនបានសម្រេចបង្វែរទិសដៅខ្សែទឹកពាណិជ្ជកម្មរបស់ខ្លួនទៅកាន់ផ្លូវវាងជុំវិញជ្រោយខាងត្បូង នៃទ្វីបអាហ្វ្រិក ជំនួសឱ្យការបើកបរឆ្លងកាត់ច្រកសមុទ្រ Hormuz, សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។
គួររំលឹកថា ការរាំងស្ទះដល់ការដឹកជញ្ជូនតាមច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz នេះ បានចាប់ផ្ដើមឡើងតាំងពីដើមឆ្នាំ២០២៦ នេះមកម្ល៉េះ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានចាប់ដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ស្របពេលដែលមានការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែន។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ធំៗលើពិភពលោក បានបង្ខំចិត្តប្តូរផ្លូវធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិកកាន់តែច្រើនឡើង ដែលការប្រែប្រួលនេះកំពុងតែផ្លាស់ប្តូរទម្រង់ឡូជីស្ទីកសកល និងធ្វើឱ្យទ្វីបអាហ្វ្រិកក្លាយទៅជាមជ្ឈមណ្ឌលនាវាចរណ៍ដ៏សំខាន់មួយជំនួសវិញ។
យោងតាមទិន្នន័យថាមពលរបស់សហរដ្ឋអាម៉េរិក បានបង្ហាញថា បច្ចុប្បន្នប្រេងរហូតដល់ទៅប្រមាណ ជាង៩លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង១១% នៃពាណិជ្ជកម្មប្រេងតាមផ្លូវសមុទ្រទូទាំងពិភពលោក ត្រូវបង្ខំចិត្តធ្វើដំណើរវាងជុំវិញជ្រោយភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ហើយភាគច្រើននៃលំហូរប្រេងទាំងនោះ គឺមានគោលដៅដឹកជញ្ជូនមកកាន់តំបន់អាស៊ី ជាពិសេសគឺប្រទេសចិន។ កត្តានេះបានរុញច្រានឱ្យសកម្មភាពនៅតាមកំពង់ផែ និងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទូទាំងទ្វីបអាហ្វ្រិក មានការកើនឡើងយ៉ាងគំហុក ស្របតាមចរាចរណ៍កប៉ាល់ដឹកជញ្ជូនទំនិញដែលបានហក់ឡើង។
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន ម៊ែស បានអះអាងថា ខ្លួននឹងងាកមកប្រើប្រាស់ផ្លូវដឹកជញ្ជូនឆ្លងកាត់តំបន់មជ្ឈិមបូព៌ាឡើងវិញ លុះត្រាតែមានការវាយតម្លៃសន្តិសុខជាថ្មី និងមានការធានាផ្នែកសុវត្ថិភាពយ៉ាងរឹងមាំពិតប្រាកដ។ ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មនាវាចរណ៍ ក៏បានព្រមានផងដែរថា ការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ក្នុងការស្តារទំនុកចិត្តរបស់ក្រុមហ៊ុនដឹកជញ្ជូនពិភពលោកឡើងវិញនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទុរេនវៀតណាម​ដាំក្បាលចុះសល់ត្រឹម១ដុល្លារក្នុង១គីឡូក្រាម​ក្រោយចិនផ្អាកទិញបន្ទាប់ពីរកឃើញសារធាតុគីមី

កសិករដាំទុរេននៅប្រទេសវៀតណាម ​កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ខណៈដែលតម្លៃទុរេនបានដាំក្បាលចុះយ៉ាងគំហុក។ សារព័ត៌មាន VN Express…

វៀតណាម ត្រៀមរឹតបន្តឹងការត្រួតពិនិត្យលើជនបរទេស ក្រោយចំនួនអ្នកទេសចរកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសថា ខ្លួននឹងពង្រឹងយន្តការគ្រប់គ្រងលើជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើដំណើរចេញចូលប្រទេសវៀតណាម។ ទោះជាយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ