លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសរបស់ចិន ហាក់មើលទៅដូចជាអាចបង្កការរាំងស្ទះដល់ចរន្តទេសចរចិន ចូលមកកម្ពុជា ប៉ុន្តែបើមើលឱ្យស៊ីជម្រៅវាជារឿងវិជ្ជមានទៅវិញទេសម្រាប់កម្ពុជា។ វិជ្ជមាន ក៏ដោយសារវាប្រៀបបានជារបាំងការពារដ៏សំខាន់មួយ ដើម្បីច្រោះយកនូវទេសចរចិន ដែលមានគុណភាពចូលមកកម្ពុជា ដ្បិតការធូររលុងលើការអនុវត្តច្បាប់ចេញ-ចូលកន្លងមកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា ដែលបន្សល់ទុកពីជនជាតិចិន ខិលខូចមួយចំនួន ដែលធ្វើឱ្យកម្ពុជា ត្រូវចំណាយពេលរាប់ឆ្នាំក្នុងការស្តារកិត្យានុភាពខ្លួនឡើងវិញ។ សម្រាប់អ្នកជំនាញរូបនេះ អ្វីដែលកម្ពុជាត្រូវបន្តធ្វើ គឺការកសាងទំនុកចិត្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ខណៈការស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តឡើងវិញទាមទារឱ្យមានការអត់ធ្មត់ និងកិច្ចសហការរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា វិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលចិន ពុំបានជះផលប៉ះពាល់ដល់ចរន្តភ្ញៀវទេសចរចិន ចូលមកកម្ពុជា នោះទេ ដ្បិតការរឹតបន្តឹងនេះផ្តោតសំខាន់តែលើបទល្មើសបច្ចេកវិទ្យាប៉ុណ្ណោះ ដូច្នេះភ្ញៀវទេសចរចិន ដែលមានប្រវត្តិរូបច្បាស់លាស់នឹងមិនប៉ះពាល់ឡើយ។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះបានវាយតម្លៃថា ស្របពេលដែលអាជ្ញាធរកម្ពុជា និងចិន កំពុងបន្តបោសសម្អាតករណីបទល្មើសបច្ចេកវិទ្យា ចរន្តភ្ញៀវទេសចរចិនចូលមកកម្សាន្តនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើទោះបីមានការលើកលែងទិដ្ឋាការដល់ជនជាតិចិនក៏ដោយ។
ដោយឡែក លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកវិធានការរឹតបន្តឹងរបស់ចិនថា ជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ និងការពារសន្តិសុខជាតិ ដែលផ្តោតលើករណីជាក់លាក់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសម័យទំនើប។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជា ភាគីពាក់ព័ន្ធគួរបន្តពង្រឹងបរិយាកាសវិនិយោគ បង្កើនការតភ្ជាប់ជើងហោះហើរត្រង់ និងពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ ដើម្បីសម្រួលដល់ការធ្វើអាជីវកម្ម និងទេសចរណ៍។ បន្ថែមលើនេះ កម្ពុជា ត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីធានាឱ្យចរន្តធ្វើដំណើរ និងការវិនិយោគប្រព្រឹត្តទៅដោយរលូន ដើម្បីទាញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកកាន់តែប្រសើរ។
គួរជម្រាបថា រដ្ឋាភិបាលចិន បានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹងបំផុតចាប់ពីថ្ងៃទី១៥ ខែកញ្ញា តទៅ ចំពោះបុគ្គលទាំងឡាយណា ដែលត្រូវបានចាត់ទុកថា អាចបង្កហានិភ័យ ឬគំរាមកំហែងដល់សន្តិសុខបច្ចេកវិទ្យាជាតិរបស់ចិន។ យោងតាមរបាយការណ៍របស់ប្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរជនជាតិចិន ប្រមាណជាង៥២ម៉ឺននាក់ ធ្លាក់ចុះជាង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រមាណជាង៦៨ម៉ឺននាក់៕